វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ បើក​បវេសនកាល​ថ្មី ឆ្នាំ 2017 – 2018

ក្រោយពី​បញ្ចប់​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ (បាក់​ឌុប) 2017 កាលពីពេល​កន្លង​ទៅនោះ គេ​សង្កេតឃើញថា សិស្សានុសិស្ស​ជាច្រើន​នាក់​បាន​ទៅ​ចុះឈ្មោះ​សិក្សា​យ៉ាងច្រើន​កុះករ​នៅ​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ ដែលជា​គ្រឹះស្ថាន​អប់រំ​សិក្សា ដែល​ពូកគេ​ជឿជាក់ថា​អាច​ផ្តល់​អនាគត​ដ៏​ភ្លឺស្វាង​ទាំង​ការសិក្សា និង​ការងារ​សម្រាប់​ពួកគេ។ អាស្រ័យហេតុនេះ ដោយ​មើលឃើញ​ពី​ចំនួន​នៃ​ការចុះឈ្មោះ​មានការ​កើនឡើង​នោះ វិទ្យាស្ថាន​បានរៀបចំ​កម្មវិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា 2017-2018 សម្រាប់​ជាការ​ជូនដំណឹង​ដល់​សិស្សានុសិស្ស​ដែល​បាន​ចុះឈ្មោះ​សិក្សា​មុននឹង​ពួកគេ​ចាប់​កម្មវិធី​បង្វឹក​រយៈ​ពេល3ខែ​មុន​ចូល​បម្រើ​ការងារ និង​កម្មវិធីសិក្សា​ថ្នាក់​មហាវិទ្យាល័យ។

ថ្លែង​នៅក្នុង​កម្មវិធី​បើក​បវេសនកាល​កាលពី​ព្រឹក​ថ្ងៃទី09 ខែតុលា ឆ្នាំ2017 ម្សិលមិញ​នេះ លោក កឹម អឿន នាយក​ប្រតិបត្តិ វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ បាន​មានប្រសាសន៍ថា ៖ កាល​រៀបចំ​ពិធី​បវេសនកាល​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​ជាការ​ប្រកាស​ជា​សាធារណៈ​ជូនប្អូនៗសិស្សានុសិស្ស ដែល​បានមក​ចុះឈ្មោះ​សិក្សា​នៅ​វិទ្យាស្ថាន និង​ដើម្បីឱ្យ​ពួកគេ​បាន​ត្រៀមខ្លួន​ចូលរួម​កម្មវិធី​បណ្តុះបណ្តាល​រយៈពេល3ខែ ត្រៀម​សម្រាប់ធ្វើ​ការងារ និង​ការត្រៀមខ្លួន​ចូល​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​សម្រាប់​ឆ្នាំ​សិក្សា 2017-2018 នេះ​ផងដែរ ។ បន្ថែម​ពីនេះ ការបើក​បវេសនកាល​ថ្មី​នាពេលនេះ ក៏​ជា​ឱកាស​មួយ​ដែលប្អូនៗសិស្សានុសិស្ស​បាន​ស្វែងយល់​កាន់តែច្បាស់​ពី​ទស្សនវិស័យ​របស់​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ ក៏ដូចជា​ទស្សនវិស័យ​របស់​ក្រុមប្រឹក្សាភិបាល​របស់​វិទ្យាស្ថាន​ក្នុង​ការជួយ​សិស្ស-និស្សិត​ឱ្យមាន​ការងារ​ធ្វើ​បើទោះបីជា​ពួកគេ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ជាប់ក្ដី ឬ​មិន​ជាប់ក្ដី »។

នៅ​ក្នុងឱកាស​ជាមួយគ្នានេះ លោក ស៊ីវ ស្រេង នាយករង​ទទួលបន្ទុក​ការិយាល័យ​សិក្សា​និស្សិត ក៏បាន​បញ្ជាក់​ផងដែរ​ថា ៖ «ការបើក​បវេសនកាល​ថ្មី វា​គឺជា​កម្មវិធី​មួយ​ដ៏​សំខាន់​សម្រាប់ប្អូនៗដែល​បាន​ចុះឈ្មោះ​សិក្សា​នៅ​វិទ្យាស្ថាន ដើម្បី​បង្ហាញ​ពី​ការចាប់ផ្តើម​នូវ​កម្មវិធីសិក្សា ត្រៀម​ដើម្បី​ទទួលបាន​ការងារ និង​ការចាប់ផ្តើម​ថ្នាក់​មហាវិទ្យាល័យ​របស់​ពួកគេ ប៉ុន្តែ​សម្រាប់ប្អូនៗដែល​ចង់​ចុះឈ្មោះ​សិក្សា​នៅ​វិទ្យាស្ថាន យើង​នៅតែ​មន្ត​ទទួល​ចុះឈ្មោះ​រៀន​ជា​រៀងរាល់ថ្ងៃ ព្រោះ​ការបើក​បវេសនកាល​ថ្មី​នេះ គឺ​សម្រាប់ប្អូនៗជំ​ហ៊ាន​ទី1 តែប៉ុណ្ណោះ » ។

អ្វីដែល​ជាការ​គួរឱ្យកត់សម្គាល់​នោះ លោក ឃីម សុខ​ហេង ស្ថាបនិក​នៃ​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ បាន​សង្កត់ធ្ងន់ថា ៖ ការជួយ​ឱ្យ​សិស្ស-និស្សិត​បាន​បន្ត​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ ហើយ​មាន​ការងារ​ធ្វើ​ក្នុងពេល​តែមួយ គឺជា​បេសកកម្ម​ដ៏​ធំ​មួយ​របស់​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ ដើម្បី​ជួយ​ដល់ប្អូនៗដែលជា​សិស្សានុសិស្ស ដែល​ខ្វះ​លទ្ធភាព តែ​ចង់​បន្ត​ការសិក្សា​របស់ខ្លួន។ នៅក្នុង​ឱកាស​នេះ ខ្ញុំ​ក៏​ចង់​បញ្ជាក់​ផងដែរ​ថា សម្រាប់ប្អូនៗដែល​ចង់​សិក្សា​នៅ​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ ការចុះឈ្មោះ​ជា​ជំ​ហ៊ាន​ទី2 គឺ​នៅតែ​ទទួល​ចុះឈ្មោះ​ជា​រៀងរាល់ថ្ងៃ ហើយ​បើទោះជា​ប្រឡង​បាក់​ឌុប​ជាប់ក្ដី ឬ​មិន​ជាប់ក្ដី មាន​ក្តី ក្រ​ក្ដី សូមកុំ​បោះបង់​ការសិក្សា​ចោល បើ​ខ្វះ​លទ្ធភាព​បន្ត​ការសិក្សា យើង​អាច​ធ្វើការ​បណ្ដើរ សិក្សា​បន្ត​បណ្ដើរ កុំ​អស់សង្ឃឹម​ឱ្យសោះ ។

សូមបញ្ជាក់​ផងដែរ​ថា ក្នុងឱកាស​នោះដែរ ក៏មាន​ការចុះ​អនុស្សារណៈ​យោគយល់​ទទួលយក​និស្សិត របស់​វិទ្យាស្ថាន​ឱ្យចូល​បម្រើ​ការងារ​ពី​ក្រុមហ៊ុន​ជា​ដៃគូ​ជាង10 ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​ផងដែរ។ ប្រធាន​ក្រុមហ៊ុន Bamboo PLC និង ក្រុមហ៊ុន Laksmi Preme Investment និង​ជា​អ្នកដំណាង​ក្រុមហ៊ុន10ផ្សេងទៀត​គឺ លោក លឹម សុជាតិ បាន​មានប្រសាសន៍​ឱ្យដឹង​ផងដែរ​ថា « ការដែល​ខ្ញុំ​ទទួលយក​និស្សិត​ពី​វិទ្យាស្ថាន សិក្សា​ដើម្បី​ជោគជ័យ ឱ្យ​ចូលរួម​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​របស់ខ្ញុំ បើទោះបី​ពួកគេ​ទើបតែ​ចប់​បាក់​ឌុប ធ្លាក់​ក៏ដោយ ជាប់​ក៏ដោយ ឬ​ជា​និស្សិត​ទើប​ចូលរៀន​ឆ្នាំ​ទី1ក្ដី នោះ​ក៏​ព្រោះតែ​ខ្ញុំ​បាន​យល់ឃើញថា ពួកគេម្នាក់ៗ មាន​ជំនាញ AML Soft Skill រួចជាស្រេច ដែល​វា​ជា​ដើមទុន​ដ៏​ធំ​មួយ ងាយ​ក្នុងការ​បណ្ដុះបណ្ដាល និង​ហាត់ពត់​ពួកគេ​ឱ្យក្លាយ​ទៅជា​បុគ្គលិក​ដ៏​ល្អ​របស់​ក្រុមហ៊ុន »៕

Advertisement