ក្រោយពីបញ្ចប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) 2017 កាលពីពេលកន្លងទៅនោះ គេសង្កេតឃើញថា សិស្សានុសិស្សជាច្រើននាក់បានទៅចុះឈ្មោះសិក្សាយ៉ាងច្រើនកុះករនៅវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ ដែលជាគ្រឹះស្ថានអប់រំសិក្សា ដែលពូកគេជឿជាក់ថាអាចផ្តល់អនាគតដ៏ភ្លឺស្វាងទាំងការសិក្សា និងការងារសម្រាប់ពួកគេ។ អាស្រ័យហេតុនេះ ដោយមើលឃើញពីចំនួននៃការចុះឈ្មោះមានការកើនឡើងនោះ វិទ្យាស្ថានបានរៀបចំកម្មវិធីបើកបវេសនកាលឆ្នាំសិក្សា 2017-2018 សម្រាប់ជាការជូនដំណឹងដល់សិស្សានុសិស្សដែលបានចុះឈ្មោះសិក្សាមុននឹងពួកគេចាប់កម្មវិធីបង្វឹករយៈពេល3ខែមុនចូលបម្រើការងារ និងកម្មវិធីសិក្សាថ្នាក់មហាវិទ្យាល័យ។
ថ្លែងនៅក្នុងកម្មវិធីបើកបវេសនកាលកាលពីព្រឹកថ្ងៃទី09 ខែតុលា ឆ្នាំ2017 ម្សិលមិញនេះ លោក កឹម អឿន នាយកប្រតិបត្តិ វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ បានមានប្រសាសន៍ថា ៖ កាលរៀបចំពិធីបវេសនកាលនេះ គឺធ្វើឡើងក្នុងគោលបំណងជាការប្រកាសជាសាធារណៈជូនប្អូនៗសិស្សានុសិស្ស ដែលបានមកចុះឈ្មោះសិក្សានៅវិទ្យាស្ថាន និងដើម្បីឱ្យពួកគេបានត្រៀមខ្លួនចូលរួមកម្មវិធីបណ្តុះបណ្តាលរយៈពេល3ខែ ត្រៀមសម្រាប់ធ្វើការងារ និងការត្រៀមខ្លួនចូលសិក្សាថ្នាក់មហាវិទ្យាល័យសម្រាប់ឆ្នាំសិក្សា 2017-2018 នេះផងដែរ ។ បន្ថែមពីនេះ ការបើកបវេសនកាលថ្មីនាពេលនេះ ក៏ជាឱកាសមួយដែលប្អូនៗសិស្សានុសិស្សបានស្វែងយល់កាន់តែច្បាស់ពីទស្សនវិស័យរបស់វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ ក៏ដូចជាទស្សនវិស័យរបស់ក្រុមប្រឹក្សាភិបាលរបស់វិទ្យាស្ថានក្នុងការជួយសិស្ស-និស្សិតឱ្យមានការងារធ្វើបើទោះបីជាពួកគេប្រឡងមធ្យមសិក្សាទុតិយភូមិជាប់ក្ដី ឬមិនជាប់ក្ដី »។
នៅក្នុងឱកាសជាមួយគ្នានេះ លោក ស៊ីវ ស្រេង នាយករងទទួលបន្ទុកការិយាល័យសិក្សានិស្សិត ក៏បានបញ្ជាក់ផងដែរថា ៖ «ការបើកបវេសនកាលថ្មី វាគឺជាកម្មវិធីមួយដ៏សំខាន់សម្រាប់ប្អូនៗដែលបានចុះឈ្មោះសិក្សានៅវិទ្យាស្ថាន ដើម្បីបង្ហាញពីការចាប់ផ្តើមនូវកម្មវិធីសិក្សា ត្រៀមដើម្បីទទួលបានការងារ និងការចាប់ផ្តើមថ្នាក់មហាវិទ្យាល័យរបស់ពួកគេ ប៉ុន្តែសម្រាប់ប្អូនៗដែលចង់ចុះឈ្មោះសិក្សានៅវិទ្យាស្ថាន យើងនៅតែមន្តទទួលចុះឈ្មោះរៀនជារៀងរាល់ថ្ងៃ ព្រោះការបើកបវេសនកាលថ្មីនេះ គឺសម្រាប់ប្អូនៗជំហ៊ានទី1 តែប៉ុណ្ណោះ » ។
អ្វីដែលជាការគួរឱ្យកត់សម្គាល់នោះ លោក ឃីម សុខហេង ស្ថាបនិកនៃវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ បានសង្កត់ធ្ងន់ថា ៖ ការជួយឱ្យសិស្ស-និស្សិតបានបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ ហើយមានការងារធ្វើក្នុងពេលតែមួយ គឺជាបេសកកម្មដ៏ធំមួយរបស់វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ ដើម្បីជួយដល់ប្អូនៗដែលជាសិស្សានុសិស្ស ដែលខ្វះលទ្ធភាព តែចង់បន្តការសិក្សារបស់ខ្លួន។ នៅក្នុងឱកាសនេះ ខ្ញុំក៏ចង់បញ្ជាក់ផងដែរថា សម្រាប់ប្អូនៗដែលចង់សិក្សានៅវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ ការចុះឈ្មោះជាជំហ៊ានទី2 គឺនៅតែទទួលចុះឈ្មោះជារៀងរាល់ថ្ងៃ ហើយបើទោះជាប្រឡងបាក់ឌុបជាប់ក្ដី ឬមិនជាប់ក្ដី មានក្តី ក្រក្ដី សូមកុំបោះបង់ការសិក្សាចោល បើខ្វះលទ្ធភាពបន្តការសិក្សា យើងអាចធ្វើការបណ្ដើរ សិក្សាបន្តបណ្ដើរ កុំអស់សង្ឃឹមឱ្យសោះ ។
សូមបញ្ជាក់ផងដែរថា ក្នុងឱកាសនោះដែរ ក៏មានការចុះអនុស្សារណៈយោគយល់ទទួលយកនិស្សិត របស់វិទ្យាស្ថានឱ្យចូលបម្រើការងារពីក្រុមហ៊ុនជាដៃគូជាង10 ក្នុងឆ្នាំសិក្សាថ្មីនេះផងដែរ។ ប្រធានក្រុមហ៊ុន Bamboo PLC និង ក្រុមហ៊ុន Laksmi Preme Investment និងជាអ្នកដំណាងក្រុមហ៊ុន10ផ្សេងទៀតគឺ លោក លឹម សុជាតិ បានមានប្រសាសន៍ឱ្យដឹងផងដែរថា « ការដែលខ្ញុំទទួលយកនិស្សិតពីវិទ្យាស្ថាន សិក្សាដើម្បីជោគជ័យ ឱ្យចូលរួមបម្រើការងារក្នុងក្រុមហ៊ុនរបស់ខ្ញុំ បើទោះបីពួកគេទើបតែចប់បាក់ឌុប ធ្លាក់ក៏ដោយ ជាប់ក៏ដោយ ឬជានិស្សិតទើបចូលរៀនឆ្នាំទី1ក្ដី នោះក៏ព្រោះតែខ្ញុំបានយល់ឃើញថា ពួកគេម្នាក់ៗ មានជំនាញ AML Soft Skill រួចជាស្រេច ដែលវាជាដើមទុនដ៏ធំមួយ ងាយក្នុងការបណ្ដុះបណ្ដាល និងហាត់ពត់ពួកគេឱ្យក្លាយទៅជាបុគ្គលិកដ៏ល្អរបស់ក្រុមហ៊ុន »៕