ក្រុមហ៊ុន RMA Cambodia បាន​​ប្រារព្ធ​​ពិធី​ «ប្រគល់​​រថយន្ត ​ហ្វ​ដ ​ចំនួន​ ១​គ្រឿង​ និង​​ដាក់​​ឲ្យ​​ដំណើរ​ការ​​មជ្ឈ​មណ្ឌល​​ប​ណ្តុះ​​បណ្តាល​​បច្ចេក​ទេស​រ​ថយ​ន្ត​ ហ្វ​ដ-ធី​ អេស​ អាយ»​ នៅ​​វិទ្យា​ស្ថាន​តេ​ជោ​​សែន ​សាធារណការ​ និង​​ដឹក​ជញ្ជូន​ (TSI)

[ភ្នំពេញ – ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២]-ក្រុមហ៊ុន អ អិ​ម អេ (ខេ​ម​បូ​ឌា) (RMA Cambodia) បានធ្វើការ​ប្រារព្ធ​ពិធី “ប្រគល់​រថយន្ត ហ្វ​ដ ចំនួន ១គ្រឿង និង​ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ប​ណ្តុះ​បណ្តាល​បច្ចេកទេសរ​ថយ​ន្ត ហ្វ​ដ-ធី អេស អាយ” ជូន​ដល់​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម ហឿន សំនៀង នាយក​វិទ្យាស្ថាន​តេ​ជោ​សែន​សាធារណការ និង​ដឹកជញ្ជូន (TSI) លោក Benjamin V. Wohlauer ភារធារី​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី Dianne Craig អគ្គនាយិកា​គ្រប់គ្រង​ក្រុម​ទីផ្សារ​អន្តរជាតិ​នៃ​ក្រុមហ៊ុន Ford Motor Company លោកស្រី Yukontorn Wisadkosin អគ្គនាយិកា​គ្រប់គ្រង​ទីផ្សារ​អាស៊ាន​នៃ​ក្រុមហ៊ុន Ford Motor Company លោក Kevin Whitcraft អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (គ្រុប) លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (ខេ​ម​បូ​ឌា) និង​គណៈ​គ្រប់គ្រង រួមទាំង​បុគ្គលិក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (ខេ​ម​បូ​ឌា) និង Ford Motor Company។

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​រថយន្ត ហ្វ​ដ-ធី អេស អាយ ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ជុស​ជុល និង​ថែទាំ​រថយន្ត Ford ដែល​ត្រូវបាន​បង្កើតឡើង​សម្រាប់​ប្រើប្រាស់​ក្នុងការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បច្ចេកទេស​រថយន្ត​ក្នុង​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន (TSI)។

ក្រុមហ៊ុន អ អិ​ម អេ បានធ្វើការ​ឧបត្ថម្ភ និង​គាំទ្រ​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន​ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​រថយន្ត ហ្វ​ដ-ធី អេស អាយ នេះ​ឡើង ដោយ​ធ្វើការ​ជួសជុល និង​កែលំអរ​រោង​ជាង​ទាំងមូល ព្រមទាំង​បំពាក់​នូវ​គ្រឿង​បរិក្ខារ​សម្រាប់​សិក្សា និង​គ្រឿង​តុបតែង​លំអរ រថយន្ត ហ្វ​ដ ១គ្រឿង និង​បង្កើត​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​នានា សម្រាប់​ផ្ដល់ឱកាស​ដល់​សិស្ស និស្សិត​សិក្សា​រៀនសូត្រ ហ្វឹកហាត់​ការងារ​ដោយ​អនុវត្ដ​ន៍​ផ្ទាល់​ជាមួយ​អ្នកជំនាញ​បច្ចេកទេស និង​គ្រូ​បង្គោល​របស់​ក្រុមហ៊ុន អ អិ​ម អេ (ខេ​ម​បូ​ឌា) តាមរយៈ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ក្រុមហ៊ុន អ អិ​ម អេ (ខេ​ម​បូ​ឌា) និង​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន។

ឆ្លៀត​ក្នុងឱកាស​នេះដែរ លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (ខេ​ម​បូ​ឌា) បាន​មានប្រសាសន៍ថា៖ “ ជា​រៀងរាល់ឆ្នាំ ក្រុមហ៊ុន អ អិ​ម អេ (ខេ​ម​បូ​ឌា) បាន​ចំណាយ​ទឹកប្រាក់​ជាច្រើន សម្រាប់​ការវិនិយោគ​លើ​ការបណ្ដុះបណ្ដាល​បច្ចេកទេស និង​ជំនាញផ្សេងៗដល់​បុគ្គលិក និង​សិស្ស​និស្សិត​តាម​សាលា​បច្ចេកទេស​នានា ដើម្បី​ទទួលបាន​ឱកាស​មក​សិក្សា និង​អនុវត្តន៍​ផ្ទាល់ ជាមួយ​អ្នកឯកទេស​របស់​យើង​នៅតាម​បណ្ដា​ក្រុមហ៊ុន​នានា​ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា។ តាមរយៈ​ការវិនិយោគ​ទៅលើ​វិស័យ​ធនធានមនុស្ស​ដូចដែល​បាន​រៀបរាប់​ខាងលើ​នេះហើយ​ដែលជា​កត្តា​ជុំរុញ​ឲ្យ​កកើតឡើង​នូវ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ប​ច្ចេកទេស​រថយន្ត ហ្វ​ដ-ធី អេស អាយ នេះ​លេចចេញ​ជា​រូបរាង​ឡើង។

ឯកឧត្តម ហឿន សំនៀង នាយក​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា៖ “កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ វិទ្យាស្ថាន​បាន​ចុះ​អនុស្សារណៈ នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន អ អិ​ម អេ (ខេ​ម​បូ​ឌា) លើ​ក្របខណ្ឌ​កិច្ចសហប្រតិបត្ដិការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេសរ​យៈ​ពេល ៥ឆ្នាំ។ ជា​សមិទ្ធិផល នៃ​ការចុះ​អនុស្សារណៈ នៃ​ការយោគយល់​នេះ ក្រុមហ៊ុន អ អិ​ម អេ (ខេ​ម​បូ​ឌា) បាន​ជួយ​ជា​សម្ភារៈ​បច្ចេកទេស មកដល់​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុងការ​រៀបចំ និង​ធ្វើ​ន​វា​នុ​វត្ដ អគារ​មួយកន្លែង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទៅជា​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បច្ចេកទេស ហ្វ​ដ-ធី អេស អាយ។ ក្រៅពី​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​យានយន្ដ មជ្ឈមណ្ឌល​ក៏មាន​គម្រោង​បង្រៀន​វគ្គខ្លីៗ ដូចជា៖ ការបើកបរ Forklift   ការបើកបរ​គ្រឿងចក្រ​ធន់​ធ្ងន់ និង​ការថែទាំ​គ្រឿងចក្រ​ទាំងអស់នោះ​ផងដែរ”។

លោកស្រី Dianne Craig អគ្គនាយិកា​គ្រប់គ្រង​ក្រុម​ទីផ្សារ​អន្តរជាតិ​នៃ​ក្រុមហ៊ុន Ford Motor Company បាន​មានប្រសាសន៍ថា៖ “ខ្ញុំ​ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ និង​គាំទ្រ​ជាខ្លាំង​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ក្រុមហ៊ុន អ អិ​ម អេ (ខេ​ម​បូ​ឌា) ក្នុងការ​ជ្រើស​រើសយក​រថយន្ត Ford Ranger ស៊េរី​ថ្មី​ឆ្នាំ ២០២៣ ឧបត្ថម្ភ​ជូន​ដល់​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន ដែល​នេះ​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​ឲ្យ​សិស្ស និស្សិត​ក្នុង​ការរៀន និង​ស្វែងយល់​ពី​គ្រឿង​បង្គំ ប្រព័ន្ធ​ជើង​ក្រោម ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយ​នៃ Ford Ranger ស៊េរី​ថ្មី​ឆ្នាំ ២០២៣ នេះ”។

លោក Benjamin V. Wohlauer ភារធារី​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា៖ “ខ្ញុំ​មាន​មោទនភាព​ចំពោះ​ក្រុមហ៊ុន អ អិ​ម អេ (ខេ​ម​បូ​ឌា) ក្នុងការ​ឧបត្ថម្ភ​រថ​យន្ត​ហ្វ​ដ​ចំនួន ១គ្រឿង និង​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​រថយន្ត ហ្វ​ដ-ធី អេស អាយ នេះ​ឡើង​ដែល​វា​ជាការ​អភិវឌ្ឍ​បន្ថែម​ទៅលើ​ការអប់រំ​វិជ្ជាជីវៈ កម្លាំង​ពលកម្ម ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​បាន​ជម្រុញ​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​សហរដ្ឋអាមេរិក និង​ព្រះរាជាណាចក្រ​កម្ពុជា”​។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន  បាន​មានប្រសាសន៍ថា៖ “តាមរយៈ​កិច្ចសហប្រតិបត្ដិការ រវាង វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង ក្រុមហ៊ុន អ អិ​ម អេ (ខេ​ម​បូ​ឌា) និង​តាមរយៈ​មជ្ឍមណ្ឌល​បណ្ដុះ​បណ្ដាល​បច្ចេកទេស ហ្វ​ដ-ធី អេស អាយ នេះ ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន សង្ឃឹម​យ៉ាង​មុតមាំ​ថា បញ្ហា​កង្វះខាត​ធនធានមនុស្ស​លើ​បច្ចេកទេស​ជួសជុល​យានយន្ត ក៏ដូចជា​កង្វះខាត​ធនធានមនុស្ស​តាម​យានដ្ឋាន នានា នឹង​ត្រូវបាន​ដោះស្រាយ ហើយ​សិក្ខាកាម និង​និស្សិត ដែល​បាន​ចូលរៀន​នៅ​មជ្ឈមណ្ឌល​នេះ​នឹង​ទទួលបាន​ចំណេះដឹង​ច្បាស់លាស់ និង​អាចមាន​សមត្ថភាព​តម្លើង​រថយន្ត បម្រើការ​នៅតាម​យានដ្ឋាន ឬ គ្រប់គ្រង​យានដ្ឋាន​ដោយផ្ទាល់​បាន។  ការ​ដែលមាន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​យានយន្ដ ច្បាស់លាស់​នេះ ក៏​នឹង​អាច​ចូលរួមចំណែក​ដល់​ការកាត់បន្ថយ​ការកែច្នៃ ការដំឡើង​យានយន្ដ ខុស​បច្ចេកទេស​គ្មាន​គុណភាព និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ ព្រោះថា នៅពេលដែល​យានយន្ដ​ត្រូវបាន​ដំឡើង ត្រូវបាន​ជួសជុល និង​ត្រូវបាន​ថែទាំ ដោយ​អ្នកជំនាញ​វិជ្ជាជីវៈ នោះ​បញ្ហា​បច្ចេកទេស ដែល​អាចមាន​ជាយថាហេតុ នៅលើ​ដងផ្លូវ​ក៏​ត្រូវបាន​កាត់បន្ថយបណ្ដើរៗ ផងដែរ”។

Advertisement