អតិថិជនរបស់វីងអាចមកកាន់”ភ្នាក់ងារវីង ម៉ាស្ទ័រ”ដើម្បីទទួលបានសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប ដោយសន្សំសំចៃពេលវេលា និងថវិកាសម្រាប់ការធ្វើដំណើរ។
វីងបានដាក់ដំណើរការជាផ្លូវការ ”ភ្នាក់ងារវីង ម៉ាស្ទ័រ” ដំបូងគេដែលមិនធ្លាប់មាន ដើម្បីពង្រីកសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួនឲ្យកាន់តែទូលំទូលាយបន្ថែមទៀតនៅកម្ពុជា។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃ ក្រុមហ៊ុន វីង ម៉ាន់ នី (ខេមបូឌា)ម.ក មានប្រសាសន៍ថា៖ “នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតរបស់វីង ខណៈពេលដែលយើងខិតខំប្រឹងប្រែងផ្តល់សេវាកម្មហិរញ្ញវត្ថុពេញលេញមួយដល់សហគមន៍កាន់តែច្រើនបន្ថែមទៀត។ ‘ភ្នាក់ងារវីង ម៉ាស្ទ័រ’ នឹងក្លាយជាកាតាលីករមួយទៀត ដើម្បីជួយជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងចំណោមប្រជាជនដែលមិនមានធនាគារនៅក្នុងប្រទេសកម្ពុជា”។
“ភ្នាក់ងារវីង ម៉ាស្ទ័រ” ត្រូវបានរៀបចំឡើងដើម្បីផ្តល់ភាពងាយស្រួល និងផាសុកភាពដល់អតិថិជនគ្រប់រូបដែលចង់ធ្វើប្រតិបត្តិការហិរញ្ញវត្ថុកាន់តែច្រើន ទាំងការផ្ទេរប្រាក់ក្នុងស្រុក ការទូទាត់វិក្កយបត្រ និងសេវាផ្សេងជាច្រើនទៀត។ “ភ្នាក់ងារវីង ម៉ាស្ទ័រ” នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារវីង ដែលនៅជិតៗនោះ ធានាឲ្យបាននូវការបំពេញសាច់ប្រាក់ដើម្បីផ្តល់នូវសេវាកម្មហិរញ្ញវត្ថុលឿនរហ័ស។
“ភ្នាក់ងារវីង ម៉ាស្ទ័រ” ដំបូងគេ មានទីតាំងនៅជិតផ្សារផ្អាវក្នុងខេត្តកំពង់ចាម។ ដោយមានមុខងារដូចគ្នានឹងការិយាល័យកណ្តាលរបស់វីងក្នុងរាជធានីភ្នំពេញ ”ភ្នាក់ងារវីង ម៉ាស្ទ័រ” ផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនគ្រប់រូបដូចជា៖ វីងវេរលុយ ដាក់ប្រាក់ និងដកប្រាក។ អតិថិជនក៏អាចស្នើសុំកាត Master និង Visa ពី “ភ្នាក់ងារវីង ម៉ាស្ទ័រ” បានផងដែរ។
លោក ស៊ុ្រន ឈាងស្រេង នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអតិថិជននៃក្រុមហ៊ុន វីង បានមានប្រសាសន៍ថា៖ “អតិថិជននៅតែអាចទៅកាន់ភ្នាក់ងារវីង ដែលនៅជិតនោះ ព្រមទាំងប្រើប្រាស់កម្មវិធីស្មាតហ្វូនវីងជាធម្មតា ដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេ។ ‘ភ្នាក់ងារវីង ម៉ាស្ទ័រ’ នឹងផ្តល់សេវាកម្មទាំងអស់ដូចគ្នាទៅនឹងការិយាល័យកណ្តាលរបស់វីង ដែលជួយសន្សំសំចៃពេលវេលា និងការចំណាយលើការធ្វើដំណើររបស់អតិថិជន។”
“ភ្នាក់ងារវីង ម៉ាស្ទ័រ” ដំណើរការពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច។ “ភ្នាក់ងារវីង ម៉ាស្ទ័រ” ជាច្រើនទៀតនឹងបើកសម្ពោធជាផ្លូវការក្នុងពេលឆាប់ៗនេះ នៅផ្សារដងទង់ ក្នុងខេត្តកោះកុង ផ្សារថ្នល់ទទឹង និងផ្សារកំពង់លួង ខេត្តកណ្តាល ផ្សារទីរួមខេត្តកំពង់ស្ពឺ និងផ្សារឈូកមាសក្នុងរាជធានីភ្នំពេញ ដើម្បីផ្តល់សេវាហិរញ្ញវត្ថុដល់សហគមន៍។
ដើម្បីអបអរការដាក់ដំណើរការ “ភ្នាក់ងារវីង ម៉ាស្ទ័រ” អតិថិជនដែលបើកគណនីវីងនៅភ្នាក់ងារទាំងនេះ ហើយដាក់ប្រាក់ 25 ដុល្លារអាមេរិក ឬ 100,000 រៀល នឹងមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់សុទ្ធ 100 ដុល្លារ។ អ្នកឈ្នះចំនួន 25 នាក់នឹងត្រូវបានជ្រើសរើសនៅថ្ងៃទី 01 ខែមករា ឆ្នាំ 2022។ អ្នកឈ្នះនឹងទទួលបានរង្វាន់ជាសាច់ប្រាក់បញ្ចូលទៅក្នុងគណនីវីងរបស់ពួកគេតែម្តង៕