សិស្សវិទ្យាល័យព្រែកឯងទទួលបានកុំព្យូរទ័រ 15គ្រឿងពីក្រុមហ៊ុនស្រាបៀរ HEINEKEN

ភ្នំពេញ៖ កាលពីថ្ងៃទី 4 ខែកញ្ញាឆ្នាំ 2017 ប្រធានក្រុមហ៊ុនស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច (HAP) បានឧបត្ថម្ភកុំព្យូទ័រចំនួន15 គ្រឿងនិងម៉ាស៊ីនបោះពុម្ពមួយគ្រឿងទៅឱ្យវិទ្យាល័យព្រែកឯង។ ពិធីប្រគល់​អំណោយ​នេះក្រោមអធិបតីភាពលោក Dato’ Sri Idris Jala និងលោកស្រី Mrs. Tineke Eusman តំណាងប្រធាន ក្រុមហ៊ុនស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច និង លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ​លោកប៉ាងវិសុទ្ធ នាយកសាលា លោកអ្នកគ្រូបង្រៀននិងសិស្សានុសិស្សនៃសាលាវិទ្យាល័យព្រែកឯង ។

លោក ប៉ាង វិសុទ្ធ នាយកវិទ្យាល័យព្រែកឯង បានចែករំលែកពីការលំបាកដែលសិស្សានុសិស្សបានជួបប្រទះ​ដោយ​សង្កត់ធ្ងន់ថា កន្លងមក​សាលានេះបានបង្រៀនសិស្សជាច្រើនជំនាន់លើមុខវិជ្ជាកុំព្យូទ័រ​ ប៉ុន្តែ​កុំព្យូទ័រ​ទាំង​អស់​​ចាស់ហើយមិនអាចប្រើកើតទេ។ ដូច្នេះលោកគ្រូអ្នកគ្រូ ត្រូវយកកុំព្យូទ័រផ្ទាល់ខ្លួនមក​បង្រៀន​សិស្ស​​អំពីទ្រឹស្តី​កុំព្យូទ័រ​ដោយ​មិន​បានអនុវត្តជាក់ស្តែងនោះទេ។

ជាមួយគ្នានះលោក Dato’ Sri Idris Jala តំណាងប្រធានក្រុមហ៊ុនស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចបានថ្លែងថា តាមរយៈការអប់រំនេះហើយ ដែលធ្វើឱ្យមនុស្សក៏ដូចជារូបលោកអាចងើបចេញពីវដ្តនៃភាពលំបាកនិងភាពក្រីក្រ។ លោកជឿជាក់ថា ការអប់រំល្អគឺចាំបាច់សម្រាប់ធានានូវអនាគតភ្លឺសា្វង «យើងមានអារម្មណ៍ថា​យើងត្រូវធ្វើអ្វីមួយ​ នូវពេលបានដឺងថាសិស្សានុសិស្សនៅ​ក្នុង​សាលា​នេះមិនអាចរៀនជំនាញកុំព្យូទ័រ ដោយសារតែកុំព្យូទ័រចាស់លែងប្រើកើត។ នៅក្នុងពិភពឌីជីថលសព្វថ្ងៃនេះ​វាមានសារៈសំខាន់ណាស់ ដែលយុវសិស្សរបស់យើងត្រូវមានចំណេះដឹងផ្នែកកុំព្យូទ័រ ដើម្បីធានាថាពួកគេមានឱកាសស្មើភាព ដើម្បីប្រកួតប្រ ជែងនិងប្រាស្រ័យទាក់ទងជាមួយពិភពលោកដ៏ទំនើបនេះ»។

លោក Dato’ Sri Idris Jala បានសន្និដ្ឋានថា «យើងសង្ឃឹមថា​កិច្ចខិតខំប្រឹងប្រែង​របស់យើង នឹង​ជួយ​កាត់​បន្ថយ​ផលលំបាក ដែលសិស្សានុសិស្សកំពុងប្រឈមមុខ ​និងលើកទឹកចិត្តពួកគេឱ្យចាត់ទុកការអប់រំជាអាទិភាពចម្បង​។ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា សម្ភាទាំងនេះនឹងត្រូវបានថែទាំឱ្យបានត្រឹមត្រូវ​និងប្រើប្រាស់យ៉ាង​មានប្រសិទ្ធភាព ​ក្នុង​រយៈពេលវែង​ ដែលជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងប្រធានក្រុមហ៊ុន HEINEKEN ប្រចាំតំបន់អាស៊ី​ប៉ាស៊ី​ហ្វិច»។

លោក ប៉ាង វិសុទ្ធ នាយកវិទ្យាល័យព្រែកឯង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​ប្រធាន​ក្រុមហ៊ុន​​ស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចដែលបានប្រគល់កុំព្យូទ័រចំនួន 15គ្រឿង​និងម៉ាស៊ីន​ព្រីនមួយ​គ្រឿង ​ហើយនឹងជួយជួសជុលបន្ទប់កុំព្យូទ័រ ដើម្បីធានាឱ្យមានបរិយាកាសសិក្សាល្អសម្រាប់សិស្ស។ បន្ទាប់ពីទទួលបាន​កុំព្យូទ័រ​ថ្មី​​នៅថ្ងៃនេះសាលានឹងរៀបចំបង្រៀនសិស្ស 280 នាក់ក្នុងមួយខែដើម្បីរៀននិងអនុវត្តនៅក្នុងបន្ទប់កុំព្យូទ័រនេះ៕

Advertisement