everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​ទាមទារ​ក្នុងតួនាទី​គ្រប់គ្រង​នៅ​កម្ពុជា

everjobs.com.kh ជា​គេហទំព័រ​ការងារ ដែល​រីកលូតលាស់​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា បានចេញ​ផ្សាយ​ទិន្នន័យ​ដែល​បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​ត្រូវបាន​ជ្រើសរើស​ច្រើន​បំផុត​នៅក្នុង​មុខតំណែង​ផ្នែក​គ្រប់គ្រង​នៅក្នុង​ប្រទេស​កម្ពុជា​យើង។ ក្រុមហ៊ុន​ការងារ​អន​ឡាញ​បានចេញ​ផ្សាយ​នូវ​ក្រា​ហ្វិ​ច​ទិន្នន័យ​បន្ទាប់ពី​បាន​យកចិត្តទុកដាក់​សង្កេត​យ៉ាងខ្លាំង​ចំពោះ​តួនាទី​ផ្នែក​គ្រប់គ្រង​នៅក្នុង​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លងមកនេះ។

ទិន្នន័យ​ដែល​ប្រមូលបាន​ពី​ការ​ពិរ​ពណ៌​តួនាទី​ការងារ​ក្នុង​ផ្នែក​គ្រប់គ្រង ជាង 2500មុខតំណែង​ដែល​បាន​ចុះផ្សាយ​នៅលើ​វេ​ប​សាយ​របស់ everjobs.com.kh បានបង្ហាញ​ពី​ជំនាញ​សមត្ថភាព​មួយចំនួន​ដែល​ត្រូវបាន​ទាមទារ​ច្រើន​បំផុត​នៅពេលដែល​និយោជក​ធ្វើការ​ជ្រើសរើស​បុគ្គលិក​ចូលធ្វើការ​ក្នុង​ផ្នែក​គ្រប់គ្រង។

Divotsna Jangir ដែលជា​អ្នកគ្រប់គ្រង​ផ្នែក​អភិវឌ្ឍន៍​ទីផ្សារ​នៅ everjobs.com.kh បាន​មានប្រសាសន៍ថា “ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ យើង​អាច​ប្រមូលផ្តុំ និង​វិភាគ​ទិន្នន័យ​ដែល​បង្ហាញ​អំពី​ការយល់ឃើញ​អំពី​ទីផ្សារការងារសំខាន់ៗនៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ យើង​បាន​សង្កេតឃើញថា​ជំនាញ​ក្នុង​ផ្នែក​គ្រប់គ្រង​បាន​ក្លាយជា​ប្រភេទ​ការងារ​ដែលមាន​ប្រជាប្រិយភាព​ក្នុងចំណោម​អ្នកស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​កម្ពុជា ចាប់តាំងពី everjobs បានចាប់ផ្តើម​ដំណើរការ​នៅក្នុង​ឆ្នាំ 2015 ដែល​ទាក់ទាញ​បេក្ខភាព​បាន​ជិត 7000នាក់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មកនេះ។ យើង​ក៏បាន​មើលឃើញថា​ជំនាញ​នេះ​បាន​ក្លាយជា​ប្រភេទ​មុខតំណែង​ការងារ​កំពូល​ដែល​ផ្តល់ជូន​នូវ​ចំនួន​ឱកាស​ការងារ​ច្រើន​បំផុត​នៅ​កម្ពុជា​ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ ចាប់តាំងពី​ពេលនោះ​មក ”។

បន្ទាប់ពី​ការវិភាគ​លើ​ជំនាញ​រាប់រយ​ដែល​បានលើកឡើង​នៅលើ​ការ​ពិពណ៌នា​អំពី​ឱកាស​ការងារ​ក្នុង​ផ្នែក​គ្រប់គ្រង​នៅក្នុង​ប្រទេស​កម្ពុជា everjobs អាច​កំណត់​អត្តសញ្ញាណ​នៃ​គន្លឹះសំខាន់ៗ នៃ​ជំនាញ​ចម្បង និង​ជំនាញ​ក្នុងការ​ទំនាក់ទំនង​ដែល​ក្រុមហ៊ុននីមួយៗតែងមាន​បំណង​ក្នុងការ​ស្វែងរក​អ្នកគ្រប់គ្រង​ល្អ។

យើងទាំងអស់គ្នា​បានដឹងថា ‘ការធ្វើផែនការ’ គឺជា​ជំនាញ​ចម្បង​ដែល​ចាំបាច់​បំផុត​នៅពេល​ស្វែងរក​បេក្ខជន​ល្អឥតខ្ចោះ​សម្រាប់​មុខតំណែង​គ្រប់គ្រង។ ជំនាញ​នេះ​ត្រូវបាន​លើកឡើង​នៅក្នុង​ឱកាស​ការងារ​ចំនួន 23% នៃ​ប្រភេទ​ការងារ​ទាំងអស់​ក្នុង​ផ្នែក​គ្រប់គ្រង​ដែល​បាន​ចុះផ្សាយ​នៅលើ​វេ​ប​សាយ everjobs.com.kh ។ ប្រភេទ​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ការទទួលខុសត្រូវសំខាន់ៗរួមមាន​សមត្ថភាព​ក្នុងការ​ព្យាករណ៍​ក៏ដូចជា​ការបង្កើត និង​ថែទាំ​ដំណើរការ​នៅក្នុង​អង្គការ​មួយ​ឱ្យបាន​រលូន​ល្អ។ ជំនាញ​ទាំងនោះ​ក៏​ត្រូវបាន​អនុវត្ត​អមដោយ​សមត្ថភាព​ក្នុងការ​ធ្វើជា​អ្នកជំនាញ​ផ្នែក​លក់ និង​ទីផ្សារ​អាជីព​ផងដែរ។

ដោយបាន​បង្ហាញ​នូវ​តំរូវការ​នៃ​ជំនាញ​បច្ចេកទេសខ្លះៗនោះ ការសិក្សា​នេះ​បានធ្វើ​ចំណាត់ថ្នាក់​ការគ្រប់គ្រង​ថវិកា ការប្រតិបត្តិ​ការ​និង​ការអភិវឌ្ឍន៍​ការងារ ជា​តម្រូវ​ការដែល​អ្នក​ជំនាញ​ចង់បាន​ក្នុងការ​ពង្រឹង​ជំនាញ​នៃ​មុខតំណែង​អ្នកគ្រប់គ្រង​ដូចគ្នា​ដែរ។

ប្រភេទ​ជំនាញ​ចុងក្រោយបង្អស់​ដែល​បានលើកឡើង​ក្នុង​ក្រា​ហ្វិ​ច​ទិន្នន័យ​របស់ everjobs គឺ “ជំនាញ​ទន់” ដែល​អាច​ត្រូវបាន​ចាត់ទុកថា​ជា​គុណសម្បត្តិ​ផ្ទាល់ខ្លួន​ដែល​អ្នកស្វែងរក​ការងារ​ទាំងអស់​ត្រូវតែ​មាន​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​អាជីព​ការងារ​របស់ខ្លួន។ everjobs អាច​កំណត់​បាន​ថា ការទទួលខុសត្រូវ ប្រសិទ្ធភាព​ការងារ វិន័យ ការ​ជម្រុញ​ទឹកចិត្ត​ខ្លួនឯង និង​ជំនាញ​ទំនាក់ទំនង គឺជា​ជំនាញ​ដែល​មិនអាច​ខ្វះ​បាន​ក្នុងការ​បំពេញ​តួនាទី​គ្រប់គ្រង។

ជាមួយនឹង​បេក្ខភាព​ជិត 7000នាក់ សម្រាប់​មុខតំណែង​ដែល​បានជ្រើសរើស​ចំនួន 1900កន្លែង សម្រាប់​តួនាទី​ផ្នែក​គ្រប់គ្រង​នៅលើ​វេ​ប​សាយ​របស់ everjobs.com.kh ប្រភេទ​ការងារនីមួយៗគឺមាន​ការពេញនិយម​ក្នុងចំណោម​អ្នកស្វែងរក​ការងារ​ធ្វើ។ ទោះបីជា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះមុខ​តំណែង​អ្នកគ្រប់គ្រង​ក៏ដោយ everjobs ជឿជាក់ថា​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នកស្វែងរក​ការងារ​ដែល​ត្រូវ​ដឹង​អំពី​ជំនាញ​ដែល​ពួកគេ​ត្រូវការ​ដើម្បី​អាច​ទទួលបាន​ការងារ​ក្នុង​ក្ដី​ស្រមៃ​របស់​ពួកគេ។ ក្រុមហ៊ុន​ការងារ​តាម​អន​ឡាញ​បាន​វិភាគ និង​ធ្វើ​ចំណាត់ថ្នាក់​ទិន្នន័យ​របស់​វា​ទៅក្នុង​ប្រភេទ​មូលដ្ឋាន​ជំនាញ​ចំនួន​បី​គឺ ជំនាញ​ចម្បង ជំនាញ​វិធីសាស្ត្រ និង​ជំនាញ​ក្នុងការ​ទំនាក់ទំនង៕

Advertisement