មនុស្សភាគច្រើនទំនងជាមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ដំណើរទេសចរណ៍គយគន់ផែនដីពីចម្ងាយតាមយានអវកាសនៅពេលអនាគត ក៏ប៉ុន្តែ មនុស្សភាគច្រើនប្រហែលជាអាចជ្រើសរើសកញ្ចប់ទេសចរណ៍ «ទត» ផែនដីពី «ឋាន ស្ត្រាតូស្ពែរ» (stratosphere) ដោយប្រើប្រាស់បាឡុងហោះខ្នាតយក្ស។
ក្រុមហ៊ុនអាម៉េរិក មួយ កំពុងតែធ្វើការដើម្បីសម្រេចគោលដៅនាំយកភ្ញៀវឡើងទៅកាន់ «ឋាន ស្ត្រាតូស្ពែរ» (stratosphere) របស់ផែនដី ដោយប្រើប្រាស់បាឡុងហោះដែលដំណើរការដោយឧស្ម័នអេល្យូម និងមានទំហំធំជាងទីលានបាល់ទាត់។
បាឡុងហោះខ្នាតយក្សនេះនឹងហោះនៅលើកម្ពស់ប្រហែល ៣០,៤៨០ ម៉ែត្រ ស្មើនឹងជាង ៣ គីឡូម៉ែត្រ ពីដី និងភ្ជាប់ជាមួយបន្ទប់ដាក់ទេសចរដ៏ធំមួយ។ ពីបាឡុងហោះនេះ ភ្ញៀវអាចគយគន់ទៅកាន់ទីអវកាស និងបានឃើញភាពកោង ក៏ដូចជាបរិយាកាសរបស់ផែនដី។
គំនិតខាងលើនេះកំពុងតែត្រូវបានអភិវឌ្ឍដោយ World View ដែលជាក្រុមហ៊ុនមួយនៅ Arizona សហរដ្ឋអាម៉េរិក។ សំបុត្រសម្រាប់ដំណើរទេសចរណ៍ដូចខាងលើនេះ មានតម្លៃប្រហែល ៥០,០០០ ដុល្លារអាម៉េរិក។
តាមគម្រោង ជើងហោះហើរដំបូងរបស់ World View នឹងចាប់ផ្ដើមនៅឆ្នាំ ២០២៤ ដោយហោះឡើងពីទីតាំងមួយចំនួនដែលស្ថិតនៅក្បែរបេតិកភណ្ឌពិភពលោក។
Dale Hipsh ប្រធានផ្នែកទេសចរណ៍ និងដំណើរផ្សងព្រេងរបស់ World View ឱ្យដឹងថា ដំណើរទេសចរណ៍បែបនេះនឹងផ្ដល់ឱ្យទេសចរនូវបទពិសោធន៍ទូទៅ និងប្ដូរផ្លាស់ផ្នត់គំនិត និងការយល់ឃើញអំពីពិភពផែនដី និងចក្រវាល។
នៅក្នុងថ្ងៃចេញដំណើរទេសចរណ៍ គ្រប់គ្នានឹងចូលទៅក្នុងបន្ទប់ដែលដាក់ភ្ញៀវបាន ៨ នាក់ និងសមាជិកក្រុមបើកបរ ២ នាក់ នៅមុនពេលព្រះអាទិត្យរះ។ ១៥ នាទីបន្ទាប់ពីបានហោះឡើង ភាពកោងរបស់ផែនដីនឹងលេចឡើងច្បាស់។ បាឡុងនេះត្រូវការពេលប្រហែល ២ ម៉ោង ដើម្បីហោះឡើងដល់ជាយអវកាស ហើយបន្ទាប់មក
វានឹងអណ្ដែតនៅលើកម្ពស់ខ្ពស់បំផុតដើម្បីឱ្យភ្ញៀវអាចគយគន់ទេសភាពដ៏មហាសែនអស្ចារ្យមុនពេលបន្ទាបខ្លួនចុះមកកាន់ផែនដី។
ការហោះហើរនេះនឹងអូសបន្លាយពី ៦ ទៅ ៨ ម៉ោង ប៉ុន្តែ សំបុត្រនេះក៏រួមបញ្ចូលទាំងការស្នាក់នៅកម្សាន្តសប្បាយនៅឯសណ្ឋាគារបែប boutique នានា, ការធ្វើដំណើរទេសចរណ៍ទៅកាន់ទីតាំងធម្មជាតិដែលនៅក្បែរកន្លែងហោះហើរ, ការទទួលទានអាហារនៅហាងនានាក្នុងតំបន់ជាដើម។ល។
លោក Hipsh បានឱ្យដឹងថា សំបុត្រសម្រាប់ការហោះហើរនៅ Grand Canyon ក្នុងឆ្នាំ ២០២៤ បច្ចុប្បន្នត្រូវបានលក់អស់ហើយ៕