ក្រុមអ្នកបើកបរឧទ្ធម្ភាគចក្រ បានប្រទះឃើញបង្គោលលោហធាតុដ៏អាថ៌កំបាំងមួយដែលត្រូវបានដាំនៅកណ្ដាលសមុទ្រខ្សាច់ Utah ហើយបញ្ហានេះនៅមិនទាន់មានការបកស្រាយច្បាស់លាស់ណាមួយនៅឡើយពីអាជ្ញាធរដែនដី។
ក្រុមបុគ្គលិកនៅអង្គភាពសុវត្ថិភាពសាធារណៈនៃរដ្ឋ Utah (DPS) សហរដ្ឋអាមេរិក កាលពីថ្ងៃទី18វិច្ឆិកា បានប្រើប្រាស់ឧទ្ធម្ភាគចក្រជួយដល់នាយកដ្ឋានការពារធនធានសត្វព្រៃ ដើម្បីរាប់សត្វចៀមស្នែងធំនៅលើសមុទ្រខ្សាច់ភាគអាគ្នេយ៍របស់រដ្ឋនេះ។ ពួកគេស្រាប់តែបានប្រទះឃើញវត្ថុមួយដែលដូចទៅនឹងដុំថ្មអាថ៌កំបាំងដែលមាននៅក្នុងខ្សែភាពយន្តរឿង “2001: A Space Odyssey” ដែលផលិតឆ្នាំ1968។
អ្នកបើកបរឧទ្ធម្ភាគចក្រ Bret Hutchings បានរៀបរាប់ថា៖ “អ្នកជំនាញខាងជីវសាស្ត្រម្នាក់នៅក្នុងក្រុមហោះហើរបានប្រទះឃើញវា នៅពេលយើងហោះពីលើវត្ថុនោះ។ គាត់បានស្រែកឡើង “អូ! អូ! ត្រលប់ក្រោយៗ!។ ខ្ញុំក៏សួរថា “ថីហ្នឹង?”។ ហើយគាត់ក៏ប្រាប់ថា “ត្រលប់ក្រោយសិនៗ មានអ្វីនៅខាងក្រោយ យើងត្រូវតែទៅមើល!”។ វានៅទីនោះ! នៅកណ្ដាលដុំថ្មធំៗពណ៌ក្រហម គឺជាបង្គោលលោហធាតុពណ៌ប្រាក់ រលោកផ្លេកដែលផុសឡើងផុតពីដី”។
Hutchings ប៉ាន់ប្រមាណដឹងថា បង្គោលលោហធាតុនោះមានកម្ពស់ប្រហែលពី3-3.6ម៉ែត្រ ហើយវាមិនដូចទៅនឹងករណីធ្លាក់ពីលើអាកាសនោះទេ វាទំនងជាមានអ្នកយកមកដាំ។
Hutchings និយាយថា៖ “យើងបាននិយាយលេងនឹងគ្នាថា បើសិនជាមានម្នាក់ក្នុងចំណោមពួកគេ ស្រាប់តែបានបាត់ខ្លួនភ្លាមៗ នោះអ្នកនៅសល់ប្រាកដជារត់បះសក់មិនខាន”។
អ្នកបើកបរឧទ្ធម្ភាគចក្រនេះយល់ថា វាអាចមានសិល្បករណាម្នាក់យកកំណាត់លោហធាតុនេះទៅដាំទីនោះ ដោយចាត់ទុកជាស្នាដៃសិល្បៈដែលមានការរៀបចំ ពោលគឺវាមិនដូចទៅនឹងសកម្មភាពរបស់មនុស្សពិភពផ្កាយឡើយ។ Hutchings បន្តថា “ខ្ញុំយល់ថា នោះគឺជាការនិយមថ្មីក្នុងពិភពសិល្បៈ ឬប្រហាក់ប្រហែលនេះ ដូចជាអ្នកគាំទ្រខ្សែភាពយន្ត “2001: A Space Odyssey” ជាដើម។
ក្រុមមន្ត្រីនៃរដ្ឋ Utah មិនទាន់រកឃើញប្រភពរបស់បង្គោលលោហធាតុនេះនៅឡើយ។ ប៉ុន្តែ ការដាំបង្គោលដែលមានរចនាសម្ព័ន្ធ ឬស្នាដៃសិល្បៈអ្វីមួយនៅទីសាធារណៈតាមតែការនឹកឃើញ គឺជាអំពើខុសច្បាប់ “បើទោះជាអ្នកមកពីពិភពផ្កាយណាមួយក៏ដោយ” នេះបើតាមការប្រកាសកាលពីថ្ងៃទី23វិច្ឆិការបស់ DPS។
ទីតាំងរបស់បង្គោលលោហធាតុនោះក៏មិនទាន់ត្រូវបានបង្ហើបឱ្យដឹងនៅឡើយ ហើយនៅតែមិនទាន់ដឹងច្បាស់ថា អ្នកណា ឬអ្វីមួយបានដាំវានៅទីនោះ។ នាយកដ្ឋានគ្រប់គ្រងដីធ្លីនឹងសម្រេចថា គួរតែស្រាវជ្រាវបន្ថែមលើបញ្ហានេះដែរ ឬយ៉ាងណា៕
ប្រភព៖ CNN