ដល់​ពេល​ «ថ្ងៃ​ឈប់​រះ» ទីក្រុង​ខាងជើង​បង្អស់​របស់ សហរដ្ឋ​អាម៉េរិក ជិត​លិចលង់​ក្នុង​ភាព​ងងឹត​រយៈពេល 66 ថ្ងៃ

(សហរដ្ឋ​អាម៉េរិក)-ចាប់ពី​សប្ដាហ៍​នេះ ប្រជាជន​ដែល​រស់នៅក្នុង​ទីក្រុង Utquagvik នឹងត្រូវ​ឆ្លងកាត់ «រាត្រី​តំបន់​ប៉ូល» ដែល​អូស​បន្លាយពេល​រហូតដល់ 66 ថ្ងៃ ដោយ​ពុំមាន​ពន្លឺព្រះអាទិត្យ។

Utqiagvik គឺជា​ទីក្រុង​នៅ​ប៉ូល​ខាងជើង​របស់ សហរដ្ឋ​អាម៉េរិក ដែលជា​តំបន់​រស់នៅ​របស់​មនុស្ស​ជាង 4,000 នាក់។ ទីក្រុង​នៃ​រដ្ឋ Alaska នេះ មាន​រហ័ស​នាម​ជាច្រើន រួមមាន «ដំបូលផ្ទះ​របស់​ពិភពលោក» និង «ចំនុច​ចាប់ផ្ដើម​នៃ​បម្រែបម្រួល​អាកាសធាតុ»។

ចាប់ពី​សប្ដាហ៍​នេះ Utqiagvik នឹងត្រូវ​ឆ្លងកាត់ «រាត្រី​តំបន់​ប៉ូល» រយៈពេល 66 ថ្ងៃ។ ដោយ​ពុំមាន​ពន្លឺ​ថ្ងៃ សីតុណ្ហភាព​នៅទីនេះ​នឹង​ចុះ​ត្រជាក់​ខ្លាំង។ Utqiagvik មាន​សីតុណ្ហភាព​ទាប​ជាង 0 អង្សា​សេ រយៈពេល 160 ថ្ងៃ។ ដូច្នេះ ថ្ងៃ​បន្ទាប់ ព្រះអាទិត្យ នឹង​រះ​ឡើង​នៅឯ​នាយ​ជើងមេឃ នៅ​ថ្ងៃទី 22 មករា 2022។

ពលរដ្ឋ​នៅ Utqiagvik នៅតែ​បន្ត​រស់​នៅតាម​ធម្មតា​ក្នុង​គ្រា​មិនមាន​ពន្លឺព្រះអាទិត្យ។ «មេឃងងឹត​នៅពេល​អ្នក​ត្រលប់មក​ផ្ទះ​នៅ​ថ្ងៃត្រង់។ អ្នក​ត្រូវ​បើកភ្លើង​ហ្វា​នៅវេលា​ថ្ងៃត្រង់​ដើម្បី​បរ​ឡាន​មក​ផ្ទះ។ ប្រការនេះ​ខុស​បន្តិច​ធៀប​នឹង​ពលរដ្ឋ​ដែល​រស់នៅក្នុង​រដ្ឋ​ចំនួន 48 ផ្សេងទៀត​របស់ សហរដ្ឋ​អាម៉េរិក» Myron McCumber ម្ចាស់​ផ្ទះសំណាក់​មួយកន្លែង​នៅក្នុង​ទីក្រុង Utqiagvik ប្រាប់​ពីបទ​ពិសោធន៍​ក្នុងការ​រស់នៅ។

ភាគច្រើន​នៃ​ប្រជាជន​រស់នៅក្នុង​ខណ្ឌ North Slope របស់ Alaska គឺជា​ជនជាតិដើម Inupiat (Iñupiaq) ដែល​ពួកគេ​បានរស់នៅ​ទីនេះ​អស់​រយៈពេល​រាប់ពាន់​ឆ្នាំ​មកហើយ។ ក្នុង​ប្រវត្តិសាស្ត្រ ពួកគេ​អាច​រក្សា​ជីវិត​រស់នៅក្នុង​សីតុណ្ហភាព​មហា​ត្រជាក់​បាន​ក៏​ដោយសារ​ការនេសាទ​ត្រី​បា​ឡែ​ន សត្វ​រមាំង ត្រី​នាគ តោ​សមុទ្រ និង​បក្សាបក្សី។

 

យោងតាម​សារព័ត៌មាន Business Insider ប្រជាជន​នៅ​តំបន់ Utqiagvik ភាគច្រើន​រស់នៅ​ដាច់ដោយឡែក​ពី​ដំណើរការ​ពាណិជ្ជកម្ម​នៅក្នុង​រដ្ឋ​ចំនួន 48 ផ្សេងទៀត​របស់ អាម៉េរិក។ ទីក្រុង Utquagvik ទាំងមូល​ដែលមាន​ប្រជាជន​សរុប​ប្រមាណ 4,500 នាក់ ប៉ុន្តែ មានផ្ទះ​ត្រឹមតែ 5 ខ្នង​ប៉ុណ្ណោះ៕

Advertisement