តើអាណាព្យាបាល គួរជ្រើសរើសត្រីបែបណាឱ្យកូនតូចញ៉ាំ?

អ្នកម្តាយជាច្រើន ប្រហែលជាធ្លាប់បានឮញឹកញាប់ហើយថា បើចង់ឱ្យកូនឆ្លាត ត្រូវឱ្យញ៉ាំត្រីឱ្យបានច្រើនៗ ហើយក៏​ប្រហែលជាមាន​សំណួរ​នៅ​​ក្នុងចិត្តតទៅទៀតដែរថា តើត្រីប្រភេទណាដែលគួរឱ្យកូនញ៉ាំ ដូច្នេះក្នុងលេខនេះឡារ៉ែនមានចម្លើយចំពោះរឿង​នេះ​មកជម្រាបជូន ៈ

ត្រី 3ប្រភេទដែលល្អសម្រាប់កូនតូច

ដំបូងយើងត្រូវដឹងជាមុនសិនថា សាច់ត្រីមានគុណសម្បត្តិពិសេសជាងអាហារដែលផ្តល់ប្រូតេអុីនប្រភេទផ្សេងទៀត នៅត្រង់ដែលសាច់ត្រីមានប្រូតេអុីន និងអាស៊ីតខ្លាញ់ដែលចាំបាច់ចំពោះរាងកាយ ដែលល្អជាមួយការរីកចម្រើនធំធាត់របស់កុមារ និងដែលសំខាន់គឺ ងាយរំលាយ ព្រោះត្រីមានសរសៃសាច់តូចៗដែលមិនស្វិត មានជាតិខ្លាញ់បង្កប់នៅក្នុងសាច់ត្រី តិចជាងសាច់ជ្រូក និងសាច់មាន់ ហើយ​ថែមទាំងងាយរកទិញបានទៀតផង បើដូច្នេះ តើមិនឱ្យកូនញ៉ាំត្រីយ៉ាងម៉េចនឹងបានទៅ?។ ជាថ្មីម្ដងទៀត ថ្ងៃនេះឡារ៉ែនសូមណែនាំត្រី 3ប្រភេទ ដែលជាតួឯកសំខាន់ៗឱ្យអ្នកម្តាយទាំងអស់គ្នាបានស្គាល់ និងដឹងថា តើត្រីនីមួយៗ​មានចំណុចលេចធ្លោខុសប្លែកគ្នាយ៉ាងណាខ្លះ។

1-ត្រីសណ្តាយ

គួរចាប់ផ្តើមឱ្យកូនញ៉ាំនៅពេលកូនតូចអាយុបាន 8 – 10ខែ

គុណសម្បត្តិពិសេស ៈ សាច់ទន់ផុយ មានរសជាតិឆ្ងាញ់ មានភាពផ្អែមនៅក្នុងសាច់ច្រើន និងមានបរិមាណសាច់ច្រើនគ្រប់គ្រាន់ក្នុងការយកទៅធ្វើជាម្ហូបអាហារ ដែលទោះជាកោសយកតែសាច់ ចោលស្បែក ក៏នៅតែមានបរិមាណច្រើនដែរ ​បើប្រៀបធៀបជាមួយត្រី​ប្រភេទ​ផ្សេង​ទៀតដែលទំហំប៉ុនៗគ្នា។

ការជ្រើសរើសទិញ ៈ ត្រូវរើសយកត្រីសណ្តាយណាដែល ភ្នែកនៅថ្លា ស្រកីនៅក្រហម សាច់សង្កត់ទៅហើយមិនទ្រុឌចុះនៅតឹងណែន តែបើភ្នែកមិនថ្លា ត្រូវសង្កេតមើលស្រកី និងពោះមិនមានពណ៌ខៀវ ឬបែកធ្លាយ។

2-ត្រីប្លាធូ

ជាត្រីសមុទ្រដែលគួរចាប់ផ្តើមឱ្យកូនតូចញ៉ាំ ពេលអាយុបាន 10ខែឡើងទៅ ព្រោះក្មេងខ្លះអាចនឹងមានប្រតិកម្មចាញ់ត្រីសមុទ្រ និងអាហារសមុទ្រច្រើនជាងត្រីទឹកសាប។

គុណសម្បត្តិពិសេស ៈ ជាត្រីសមុទ្រដែលមានតម្លៃថោកបំផុតក្នុងចំណោមត្រីសមុទ្រដូចគ្នា ងាយរកទិញ សាច់ទន់ យកទៅ​ចៀនល្មមតែស្បែកឡើងតឹងៗ រួចបេះយកតែសាច់ទៅធ្វើជាស៊ុបត្រីប្លាធូ សាច់នឹងផ្អែមឆ្ងាញ់ខ្លាំងណាស់។

ការជ្រើសរើសទិញ ៈ គួររើសយកត្រីប្លាធូចំហុយ ដែលសាច់មិនបែក ខ្លួននៅមូល ស្បែកមិនរបក និងមានពន្លឺតិចៗ តែបើត្រីប្លាធូស្រស់វិញ ក៏ត្រូវប្រើវិធីជ្រើសរើសដូចត្រីទូទៅដែរ។

3-ត្រីរ៉ស់

ជាត្រីទឹកសាបដែលគួរចាប់ផ្តើមឱ្យកូនញ៉ាំពេលអាយុបាន 6 – 8ខែ

គុណសម្បត្តិពិសេស ៈ ជាត្រីទឹកសាបដែលមាន អូមេហ្កា3 ច្រើនជាងត្រីទឹកសាបប្រភេទផ្សេងៗទៀត ពេលចម្អិនជាអាហារហើយ សាច់នឹងទន់ផ្អែមឆ្ងាញ់។

ការជ្រើសរើសទិញ ៈ ភាពស្រស់របស់ត្រីរ៉ស់ យើងត្រូវសង្កេតមើលទៅលើស្រកី ដែលមានពណ៌ក្រហមស្រស់ រៀងគ្នាស្មើ មិនរបូតដាច់ចេញពីគ្នា។

ញ៉ាំត្រីហើយ តើកូនឆ្លាតមែនឬ?

“សូមជម្រាបជាមុនសិនថា មិនដែលមានការស្រាវជ្រាវវិភាគណាមួយអះអាងថា កុមារដែលញ៉ាំត្រីតែម្យ៉ាង ហើយឆ្លាតនោះ​ឡើយ ព្រោះគ្មានអាហារប្រភេទណាលើពិភពលោក ដែលញ៉ាំតែមួយប្រភេទ ហើយបានទទួលសារធាតុអាហារតាមដែលរាងកាយត្រូវ​ការបានគ្រប់ចំនួននោះទេ តែបើសិនញ៉ាំត្រី វានឹងល្អនៅត្រង់ដែលមានសុវត្ថិភាពចំពោះសុខភាពខ្លាំងជាង ព្រោះត្រីមានជាតិខ្លាញ់នៅក្នុង​សាច់​តិច ធ្វើឱ្យកាត់បន្ថយភាពប្រថុយប្រថាននឹងជំងឺជាតិខ្លាញ់ញ៉ុកណែនក្នុងសរសៃឈាម ឬជំងឺបេះដូង ចំណែករឿងភាពឆ្លាតវាងវៃវិញនោះ ក្រៅពីចំណីអាហារហើយ ពូជអម្បូរ និងស្ថានភាពបរិស្ថានជុំវិញកូន ក៏មានផលដែរ”

ត្រីដែលមិនគួរឱ្យកូនតូចញ៉ាំ

ចំពោះការបញ្ចុកសាច់ត្រីឱ្យកូនតូចញ៉ាំ រឿងដែលអ្នកម្តាយត្រូវយកចិត្តទុកដាក់ និងប្រយ័ត្នប្រយែងបំផុតនោះគឺ ឆ្អឹងត្រីហ្នឹងឯង…ដូច្នេះត្រីដែលមិនគួរនាំយកមកចម្អិនជាអាហារឱ្យកូនតូចញ៉ាំនោះគឺ ត្រីដែលមានឆ្អឹងច្រើន ដូចជា ត្រីឆ្ពឹន ត្រីលិញ ត្រីរៀល ជាដើម ព្រោះទោះជាឆ្អឹងត្រីធំ តូច ឬយកទៅស្ងោរឡើងទន់ផុយហើយក៏ដោយ តែម៉ាស៊ីនកិនក្រឡុកក៏នៅតែមិនអាចកិនឱ្យម៉ដ្ឋបានដែរ ដូច្នេះ វិធីដែលល្អបំផុត គឺអ្នកម្តាយគួរជ្រើសរើសត្រីដែលមានឆ្អឹងតិច សាច់ច្រើន ខ្លាញ់តិច និងយកឆ្អឹងចេញឱ្យអស់ដោយការញេច ឬកិនដោយត្រងដោយកន្រ្តងក៏បាន។

យ៉ាងណាក៏ដោយ រឿងមួយដែលអ្នកម្តាយត្រូវផ្តល់ភាពសំខាន់មិនតិចជាងតិចនិកការចម្អិននោះគឺ ការជ្រើសរើសទិញត្រីដែលនៅស្រស់ ស្អាត បើជាត្រីសមុទ្រផងនោះ ត្រូវយកចិត្តទុកដាក់រឿងសារធាតុគីមីដែលគេដាក់ត្រាំត្រជាក់ពេលដឹកជញ្ជូនមកផង ចូរទន្ទេញឱ្យចាំជាប់ក្នុងចិត្តថា ត្រីរឹតតែស្រស់ថ្មីប៉ុនណា រឹតតែល្អប៉ុននោះ៕

Advertisement