តើត្រូវនិយាយជាមួយកូនយ៉ាងណាស្រួល? រឿងកិច្ចការផ្ទះ…

នៅក្នុងបន្ទប់ទទួលភ្ញៀវ ម្តាយដើរចូលទៅរកកូនដោយទឹកមុខញញឹមញញែម តែពេលឃើញកូនប្រុសធ្វើមុខស្លេកស្លាំងជាមួយ​នឹងគំនរសៀវភៅមេរៀន និងសៀវភៅកិច្ចការផ្ទះមុខវិជ្ជាគណិតវិទ្យានោះ អ្នកម្តាយក៏ហាក់ដូចជានឹកសង្ស័យ ក៏អើតមុខចូលទៅជិត ហើយឆ្លៀតឱកាសបើកសៀវភៅកិច្ចការផ្ទះរបស់កូនមើលភ្លាម…។ ក្នុងនោះអ្នកម្តាយឃើញមានសុទ្ធ​តែសញ្ញាខ្វែងដោយប៊ិចក្រហម ​ដែល​ជាសញ្ញាបញ្ជាក់ថា ខុស! ដែលជាកំណែរបស់អ្នកគ្រូពេញក្នុងសៀវភៅទាំងអស់ រួចហើយអ្នកម្តាយក៏កើតអាការទប់លែងជាប់ និងបញ្ចេញអារម្មណ៍​ក្រេវ​ក្រោធឡើងភ្លាមតែម្តង…។

សាកល្បងតាមដានមើលជាបន្តទៅមើល៍ថា បើជួបនឹងហេតុការណ៍បែបនេះ តើម្តាយនឹងប្រើពាក្យសម្តីជាមួយកូនថា​យ៉ាង​ណាខ្លះ?

  • កិច្ចការផ្ទះងាយៗប៉ុនហ្នឹង ក៏ធ្វើខុសដែរ ធំឡើងធ្វើស្អីកើតទៅ!
  • ម៉ាក់បង្រៀនលេខប៉ុន្មានដងហើយ ហេតុអីបានមិនចេះចាំសោះអ៊ីចឹង?! គ្មានឃើញពិបាកអីត្រង់ណាសោះ!
  • ម៉ាក់ប្រាប់ហើយថា កុំឱ្យធ្វើបែបហ្នឹង កុំឱ្យគិតបែបហ្នឹង ថ្ងៃក្រោយហាមធ្វើខុសទៀតដាច់ខាត យល់ទេ?!
  • ហ៊ឺ…ធ្វើខុសទៀតហើយ ឃើញទេ? ហេតុអីបានជាខួរក្បាលដូចអាចម៍រណាម្ល៉េះហ្ន៎ កូនមួយនេះ?!
  • ប្រាប់ប៉ុន្មានដងហើយថា កុំឱ្យគិតលេខបែបហ្នឹង កូនឯងក៏នៅតែធ្វើខុសដដែលៗអ៊ីចឹងរហូត ធុញទ្រាន់មែនទែន!

ហេតុការណ៍ដូចគ្នានេះមួយទៀត នៅក្នុងបន្ទប់ទទួលភ្ញៀវ ឬនៅក្នុងកន្លែងណាមួយក្នុងផ្ទះ ដែលកូនតែងតែអង្គុយធ្វើកិច្ចការផ្ទះជា​ប្រចាំ។ ម្តាយដើរចូលទៅរកកូនប្រុសដោយទឹកមុខញញឹមញញែមដូចគ្នា តែពេលឃើញកូនធ្វើមុខស្លេកស្លាំង អ្នកម្តាយក៏បើក​សៀវភៅកិច្ចការផ្ទះគណិតវិទ្យា ដោយសុំអនុញ្ញាតកូនជាមុនសិន មុននឹងបើក។ ពេលឃើញមានសុទ្ធតែសញ្ញាខុសពេញនោះ​ទាំងអស់ ម្តាយក៏ភ្ញាក់ផ្អើលដូចគ្នាដែរ តែទប់អារម្មណ៍បាន រម្ងាប់អារម្មណ៍ក្រេវក្រោធក្តៅក្រហាយនោះទុកសិន ហើយ​និយាយទៅកាន់កូនដោយអារម្មណ៍ត្រជាក់ស្ងប់ភ្លាមថា ៈ

  • ធ្វើលេខខុសហើយ អាចធ្វើឡើងវិញបានតើ សាកល្បងគិតមើលឱ្យច្បាស់ៗបន្តិចទៅណា៎ កូន…
  • ញញឹមបន្តិចមើល៍កូន ម៉ស់! យើងមកសាកល្បងគិតលេខហ្នឹងឡើងវិញម្ដងទៀត យ៉ាងម៉េចដែរ? ម៉ាក់ជឿថា កូនអាចធ្វើបានណា៎…
  • ម៉ាក់ចង់ឃើញកូនម៉ាក់ចិត្តត្រជាក់ៗ តាំងសមាធិឱ្យល្អ កុំប្រញាប់ ហើយសឹមធ្វើវាឡើងវិញ ម្តង 1ចំណុចៗ ណា៎កូន
  • មិនអីទេកូន…ឯណាមើល៍ ប្រាប់ម៉ាក់បានទេថា កូនមិនយល់ត្រង់ណាខ្លះ?
  • ព្យាយាមអានចំណោទឱ្យយល់បន្តិចទៀត កូនច្បាស់ជាធ្វើបានមិនខាន ជឿម៉ាក់ចុះ!

“តាមរយៈហេតុការណ៍របស់អ្នកម្តាយទាំង 2រូបនេះ យើងមកសាកល្បងប្រៀបធៀបគ្នាទៅមើល៍ និងអាចប្រាប់បានទេថា តើក្មេងៗគ្រប់គ្នាចង់ស្តាប់ប្រយោគ និងពាក្យសម្តីបែបណាខ្លាំងជាងគេ?។ ឡារ៉ែនជឿថា អ្នកម្តាយជាច្រើននាក់ប្រហែលជាជ្រើសរើសយកហេតុ​ការណ៍ទី2 ដែលជាប្រយោគការនិយាយគួរឱ្យចង់ស្តាប់ជាងមិនខាន។ កុមារនឹងក្លាយមនុស្សដែលជួបនឹងភាពបរាជ័យ ឬជួប​នឹង​ភាព​ជោគជ័យ​នៅ​ពេលធំឡើង ឬយ៉ាងណានោះ គឺអាស្រ័យលើពាក្យសម្តីដែលជាកម្លាំងចិត្តរបស់ឪពុកម្តាយ ព្រោះពាក្យសម្តីរបស់ឪពុកម្តាយ ឬ​មនុស្ស​ដែល​​កុមារស្រឡាញ់ វានឹងត្រូវជ្រួតជ្រាបចូលទៅក្នុងសតិសម្បជញ្ញៈដែលនឹងចាក់ឬសយ៉ាងជ្រៅ ប្រភេទដែលអាចធ្វើឱ្យកុមារធំធាត់ឡើងក្លាយជាមនុស្សល្អ មនុស្សមិនល្អ មនុស្សពូកែ មនុស្សមិនពូកែ មនុស្សដែលទទួលបានជោគជ័យ មនុស្សដែលមិនទទួលបានជោគជ័យបាន…ដូច្នេះមនុស្សដែលជាឪពុកម្តាយ គួរតែនាំគ្នាងាកមកប្រយ័ត្នប្រយែងពាក្យសម្តីឱ្យបានល្អឡើងហើយ”៕

Advertisement