ការការពារឧប្បត្តិហេតុចំពោះក្មេងតូចក្នុងអំឡុងវ័យ 1-12ខែ តើឪពុកម្ដាយត្រូវប្រយ័ត្នអ្វីខ្លះ?

ឧប្បត្តិហេតុ គឺជារឿងមិននឹកស្មានដល់ដែលគ្មានអ្នកណាចង់ឱ្យកើតឡើងឡើយ ជាពិសេសបំផុតកូនតូចក្នុងវ័យទារក ព្រោះអាចនាំមកនូវគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗខ្លាំងជាមនុស្សចាស់ និងក្មេងធំ។ ទាំងអស់នេះបើឪពុកម្ដាយ ឬអ្នកមើលថែទាំទារកបាននឹកដល់ឧប្បត្តិហេតុដែលអាចនឹងកើតឡើងក្នុងអំឡុងវ័យនីមួយៗរបស់ទារក វាអាចកាត់បន្ថយឱកាសក្នុងការកើតឧប្បត្តិហេតុលើក្មេងតូចបាន។

អំឡុងអាយុ 1ដល់ 2ខែ

ទារកនឹងអាចលើកក្បាលឡើងបានបន្តិច តាមសម្លឹងមើល យំរំខានកាន់តែច្រើន ជាពិសេសក្នុងអំឡុង 3ខែដំបូងនៃជីវិត។ ឧប្បត្តិហេតុដែលគួរប្រយ័ត្នគឺ ការរបូតធ្លាក់ចេញពីដៃមនុស្សធំដែលព ឬបី ឬឧប្បត្តិហេតុនៅពេលមនុស្សធំកាន់វត្ថុក្ដៅៗក្នុងដៃខណៈពេលបីទារក និងគួរប្រយ័ត្ន Shaken baby syndrome ជាសភាវដែលកើតពីការចាប់អង្រួនទារកខ្លាំងៗ ដែលមានមូលហេតុមកពីអារម្មណ៍ដែលខឹងមួម៉ៅខ្លាំង រួមទាំងការមិនបានដឹងពីផលប៉ះពាល់របស់មនុស្សធំ។ ការចាប់អង្រួនទារកខ្លាំងៗ នឹងធ្វើឱ្យសាច់ខួរក្បាលប៉ះទង្គិចនឹងឆ្អឹងលលាដ៍ក្បាល សរសៃឈាមជុំវិញសាច់ខួរក្បាលដាច់រហែក រហូតកើតសភាវហូរឈាមក្នុងខួរក្បាល ផ្ទាំងប្រព័ន្ធប្រសាទកែវភ្នែករងគ្រោះថ្នាក់ ខួរក្បាលប៉ះទង្គិចខ្លាំងក្លា អាចធ្វើឱ្យខ្វាក់ភ្នែក ឬដល់ថ្នាក់ស្លាប់បាន។

អំឡុងអាយុ 4-5ខែ

ទារកនឹងអាចលើកក្បាលត្រង់បានហើយ ចេះគប់វត្ថុតូចៗដែលកាន់នៅក្នុងដៃ និងអាចក្រឡាប់ខ្លួនបានហើយ ដូច្នេះទើបគួរប្រយ័ត្នឧប្បត្តិហេតុដែលបណ្ដាលមកពីការក្រឡាប់ខ្លួននេះ ឬរបស់លេងដែលងាយបែកបាក់ ឬវត្ថុមុតស្រួច រួមទាំងឧប្បត្តិហេតុដោយសាររថយន្ត ដោយសារតែក្នុងអំឡុងវ័យនេះ មនុស្សធំច្រើនតែចាប់ផ្ដើមនាំទារចេញក្រៅផ្ទះច្រើនឡើងហ្នឹងឯង។ ការធ្វើដំណើរចេញក្រៅផ្ទះដោយរថយន្ត គួរឱ្យទារកអង្គុយក្នុង ខារ៍ស៊ីត(Carseat) សម្រាប់ទារកបែបបែរមុខទៅខាងក្រោយ និងគួរឱ្យអង្គុយបែបបែរទៅក្រោយនេះរហូតដល់អាយុ 2ឆ្នាំ។

អំឡុងអាយុ 6ខែ

ទារកនឹងចាប់ផ្ដើមងើបខ្លួនឡើងបានដោយខ្លួនឯង ក្រឡាប់បានកាន់តែចំណានឡើង បង្វិលខ្លួនទៅមុខបាន តែនៅត្រូវអាស្រ័យការជួយទប់ប្រគងខ្លះៗ និងអាចផ្ទេររបស់របរពីដៃម្ខាងទៅដៃម្ខាងបានហើយ។ ក្នុងអំឡុងវ័យនេះ ឪពុកម្ដាយមួយចំនួននឹងចាប់ផ្ដើមឱ្យកូនអង្គុយក្នុងកៅអីរទេះហាត់ដើរហើយ ដែលរឿងនេះមិនគួរធ្វើជាទីបំផុត ព្រោះអាចនាំមកនូវគ្រោះថ្នាក់ដែលធ្ងន់ធ្ងរបានតាមរយៈការធ្លាក់ពីទីខ្ពស់ ឬការដែលរទេះហាត់ដើរក្រឡាប់ជាដើម ដែលនឹងនាំឱ្យមានការរងគ្រោះដល់ឆ្អឹងកងក និងឈាមហូរនៅក្នុងខួរក្បាលដែលបណ្ដាលមកពីការដួលបោកក្បាល និងបាក់ឆ្អឹងដៃ-ជើង រួមទាំងគួរប្រយ័ត្នការទាក់កទារកដោយខ្សែភ្លើង ឬខ្សែរូតវាំងននជាដើម។

អំឡុងអាយុ 9ខែ

ទារកនឹងអាចអង្គុយបានដោយមិនចាំបាច់ជួយទប់ អាចវារ និងលូនបាន ដៃអាចចាប់កាន់យកវត្ថុតូចៗបាន និងចេះយកដៃដាក់ក្នុងមាត់ និងយកចំណីដាក់ចូលមាត់ខ្លួនឯងបានហើយ ដូច្នេះទើបត្រូវប្រយ័ត្នការដែលទារករំកិលខ្លួនទៅជិតទឹក ឬវត្ថុក្ដៅៗ ដែលអាចកើតឧប្បត្តិហេតុពីការលង់ទឹក ឬរលាកទឹកក្ដៅ ឬវត្ថុក្ដៅៗបាន។ ក្រៅពីនេះគួរប្រយ័ត្នការស្លាក់ចំណីអាហារ ឬវត្ថុតូចៗផ្សេងៗដែលទារកចាប់ដាក់ចូលមាត់ រហូតធ្វើឱ្យស្ទះបំពង់ផ្លូវដង្ហើម ដូចជាគ្រាប់សណ្ដែកតូចៗ ឬកាក់ជាដើម។

អំឡុងអាយុ 12ខែ

ទារកនឹងអាចឈរបានមួយភ្លែតៗ តោងនឹងរបស់អ្វីម្យ៉ាងដើម្បីងើបឈរឡើងបានដោយខ្លួនឯង អាចដើរបានដោយការដឹកដៃពីមនុស្សធំ អាចចាប់កាន់វត្ថុតូចៗដោយម្រាមចង្អុលដៃ និងម្រាមមេដៃ និងដួសចំណីអាហារដាក់ចូលមាត់ខ្លួនឯងបាន ដូច្នេះទើបត្រូវប្រយ័ត្នលើការញ៉ាំវត្ថុចម្លែកៗ ឬយកវត្ថុដែលមានជាតិពុលផ្សេងៗដាក់ចូលមាត់។ ការស្លាក់អាហារ ឬវត្ថុរបស់របរ ឧប្បត្តិហេតុពីការលង់ទឹក ឬរអិលធ្លាក់ជំពប់ដួលផ្សេងៗ ជាពិសេសការធ្លាក់ពីទីខ្ពស់ ឬពីបង្អួច ដោយសារតែពេលខ្លះអ្នកមើលថែទាំអាចភ្លេចថា ទារកអាចកម្រើក ឬរំកិលខ្លួនទៅណាមកណាដោយខ្លួនឯងបានច្រើនហើយ។

ឪពុកម្ដាយគួរឧស្សាហ៍សង្កេតមើលវិវឌ្ឍនាការផ្សេងៗតាមវ័យរបស់ទារក និងត្រូវនឹកគិតក្នុងចិត្តជាប់ជានិច្ចថា តើស្ថានភាពជុំវិញផ្សេងៗ រួមទាំងវត្ថុរបស់របរជុំវិញខ្លួន អាចជាមូលហេតុធ្វើឱ្យកើតឧប្បត្តិហេតុបាន ឬទេ? ដើម្បីជួយកាត់បន្ថយភាពប្រថុយប្រថាន និងបង្ការគ្រោះថ្នាក់ពីឧប្បត្តិហេតុដែលកើតឡើងពីការធ្វេសប្រហែស ឬស្មានមិនដល់។ ដើម្បីសុវត្ថិភាពរបស់ទារក ទាំងអស់នេះគួរឱ្យទារកស្ថិតក្នុងក្រសែភ្នែករបស់មនុស្សធំជានិច្ច៕

Advertisement