ស្រ្តីមានគភ៌ គួរត្រៀមខ្លួនឱ្យបានស្រេច 1ខែមុនដល់ពេលប្រសូត…

នៅសល់ 1ខែទៀតមុនដល់ពេលឆ្លងទន្លេ គឺជាអំឡុងពេលនៃការទន្ទឹងរង់ចាំរបស់ស្ត្រីមានគភ៌គ្រប់ៗរូប ព្រោះទាំងរំភើ​បចិត្តផង ទាំងត្រេកអរផង ដែលជិតបានឃើញមុខកូនសម្លាញ់ ខណះពេលជាមួយគ្នា ក៏មានអារម្មណ៍នឹកខ្លាចចំពោះ​ក្តីឈឺចាប់ដែលនឹងកើតមានឡើង ហើយនិងរឿងផ្សេងៗជាច្រើនទៀតដែរ។ ថ្ងៃនេះ ទស្សនាវដ្តី ឡារ៉ែន មានដំបូន្មានល្អៗ ​ពីគ្រូពេទ្យជំនាញមកជម្រាបអ្នកមានគភ៌លើកដំបូង ដែលនៅមិនទាន់មានបទពិសោធក្នុងរឿងនេះថា តើត្រូវត្រៀមខ្លួនយ៉ាង​ណាខ្លះមុនដល់ពេលប្រសូត ដូចតទៅ៖

ឈានចូលដល់ខែទី 9

ក្នុងរយ:ពេលនេះ គ្រូពេទ្យនឹងណាត់ឱ្យទៅពិនិត្យគភ៌កាន់តែញឹកញាប់ឡើងរៀងរាល់សប្តាហ៍ ដើម្បី​​​​ពិនិត្យមើលភាពត្រៀមខ្លួនជាស្រេច និងអាការផ្សេងៗដែលកើតមានឡើងថា តើប្រក្រតី ឬក៏អត់?។ ក្នុងអំឡុងពេលនេះ ស្ត្រីមានគភ៌ជិតគ្រប់ខែ​នឹងមានអាការឈឺរាងធ្ងន់ៗនៅម្តុំក្រោមផ្ចិតនៅពេលដើរ ជើងនឹងហើម មានអារម្មណ៍ឈឺផ្សាៗនៅត្រង់ចុងដង្ហើម ដោយ​សារតែអាស៊ីតរំលាយអាហារហូរបញ្រ្ចាស់ឡើង ព្រោះទំហំក្បាលពោះដែលធំឡើង ធ្វើឱ្យក្រពះត្រូវបានរុញឡើងមកលើ អា​ហារមិនសូវរំលាយ ឆ្អល់ណែនពោះ និងជួនកាលអាចត្រូវភ្ញាក់ឡើងកណ្តាលយប់ ព្រោះតែប្រគ្រីវកាច់ជើង រហូតដល់ត្រូវដាស់លោក​ប្តីឱ្យជួយរឺតជើងឱ្យទៀតផង។

ត្រៀមខ្លួនជាស្រេច…មុនពេលឆ្លងទន្លេ

ការត្រៀមជាស្រេចទាំងរាងកាយ ផ្លូវចិត្ត និងរបស់របរប្រើប្រាស់ផ្សេងៗ នឹងជួយឱ្យស្ត្រីមានគភ៌ទៅប្រសូតបុត្របានយ៉ាងជឿជាក់ក្នុងចិត្ត និងមានអារម្មណ៍ធូរស្រាល តែ…តើត្រូវត្រៀមរឿងអ្វីខ្លះនោះ សូមតាមដានជាបន្ត។

1.មន្ទីពេទ្យ

  • ត្រូវប្រឹក្សាជាមួយគ្រូពេទ្យជានិច្ច បើសិនមានបញ្ហាអ្វីគួរសង្ស័យពាក់ព័ន្ធនឹងគភ៌។
  • អាចនឹងត្រូវសាកល្បងជិះរថយន្ត ដើម្បីប៉ាន់ស្មានរយ:ពេលធ្វើដំណើរពីផ្ទះទៅមន្ទីរពេទ្យ ឬរកមើលផ្លូវណាផ្សេងដែលងាយស្រួល និងលឿនជាង ទុកបម្រុងនៅថ្ងៃឈឺពោះប្រសូតជាស្រេច។

2.ត្រៀមរាងកាយ

  • ត្រៀមរឿងអាហារការហូបចុក ៈ គួរបរិភោគអាហារណាដែលមានប្រូតេអ៊ីនច្រើន ​តែបន្ថយអាហារដែលមាន​រស​​ជាតិខ្លាំងៗ ដូចជាប្រៃខ្លាំង ជូរខ្លាំង ជាពិសេសរសជាតិហឹរ ព្រោះវានឹងធ្វើឱ្យអ្នកមានគភ៌ហើមខ្លួន។ គួរទទួលបន្លែផ្លែឈើរួមជាមួយ​ផង ដើម្បីកាត់បន្ថយអាការណែនឆ្អល់ពោះ។
  • គួរញ៉ាំថ្នាំបំប៉នតាមដែលលោកគ្រូពេទ្យឱ្យមកឱ្យបានគ្រប់ ដូចជាថ្នាំបំប៉នលោហិត វិតាមីនរួម និងកាល់​ស្យូម ព្រោះក្នុងអំឡុងពេលប្រសូត ស្ត្រីមានគភ៌អាចនឹងត្រូវបាត់បង់ឈាមច្រើន ហើយការញ៉ាំថ្នាំបំប៉ននឹងជួយធ្វើឱ្យអ្នកម្តាយថ្មោងថ្មី ឆាប់​ស្រួលខ្លួនឡើងវិញផង។
  • រកទិញរបស់របរប្រើប្រាស់ចាំបាច់ៗ ទាំងរបស់អ្នកម្តាយ និងរបស់កូនតូច ទុកជាស្រេ​ច ព្រោះក្រោយពេលប្រសូតរួច អ្នកម្តាយថ្មោងថ្មីមិនអាចមានពេលទៅដើររកទិញបានទេ។

3.ត្រៀមប្រសូត

  • ក្នុងករណីដែលស្ត្រីមានគភ៌ មិនមានលក្ខណៈខុសប្រក្រតីខាងរាងកាយ ឬខាងវេជ្ជសាស្រ្តណាដែលតម្រូវឱ្យប្រសូតដោយការវះកាត់ទេនោះ អ្នកគួរតែប្រសូតតាមវិធីធម្មជាតិ។
  • កំណត់ផែនការក្រោយពេលប្រសូតរួចជាស្រេចថា តើត្រូវពន្យារកំណើត(គ្រាវ)ឬយ៉ាងណា? បើត្រូវពន្យារកំណើត(គ្រាវ) គួរតែប្រាប់គ្រូពេទ្យឱ្យបានដឹងជាមុន ដើម្បីភាពងាយស្រួលក្នុងការត្រៀមខ្លួនរបស់គ្រូពេទ្យ។

4.ត្រៀមចិត្ត ត្រៀមថ្លើម

  • អ្នកមានគភ៌គ្រប់ខែ ត្រូវត្រៀមខ្លួនទប់ទល់នឹងសភាវសោកសៅក្នុងចិត្ត ដែលអាចកើតឡើងក្រោយពេលប្រសូតរួច ដែលមានដូចជា យំខ្សឹកខ្សួលពេញ 1ថ្ងៃ ភ័យខ្លាចប្តីលែងស្រឡាញ់ និងត្រូវបោះបង់ចោល ខ្លាចខ្លួនលែងស្អាតដូច​កាលពីពេលមុន ជាដើម និងកុំភ្លេចសួរពីវិធីកែបញ្ហានេះជាមួយគ្រូពេទ្យដើម្បីទុកប្រត្តិបត្តិតាមផង។

អាការប្រាប់ឱ្យដឹងខ្លួន មុនពេលប្រសូត

  1. ឈឺពោះយ៉ាងខ្លាំងជាប់ជានិច្ច រៀងរាល់ 3នាទី និងឈឺម្តងៗប្រហែលជា 40វិនាទី។
  2. មានឈាមចេញមកតាមរន្ធស្បូន (បញ្ជាក់ ៈ អាការនេះទោះមិនឈឺពោះក៏ដោយ ក៏ត្រូវទៅមន្ទីរពេទ្យដែរ)។
  3. មានទឹកភ្លោះហូរចេញមកតាមរន្ធស្បូន អាការនេះទោះមិនឈឺពោះក៏ដោយ ក៏ត្រូវប្រញាប់ទៅមន្ទីរ​ពេទ្យដែរ ព្រោះថង់ទឹកភ្លោះអាចបែកទៅហើយ បើទុកចោលយូរអាចនឹងធ្វើឱ្យឆ្លងមេរោគបាន។

សភាវជ្រៀតជ្រែកពីរោគផ្សេងៗដែលអាចកើតឡើង

  1. មានធ្លាក់ឈាម ជាសភាវដែលសុកធ្លាក់ចុះមកទាប ដោយសុកនឹងរំកិលមកតោងនៅម្តុំមាត់​ស្បូន ឬផ្នែកក្រោមរបស់មាត់ស្បូន ធ្វើឱ្យមាត់ស្បូនដាច់រហែក ហើយមានឈាមហូរជ្រាបចេញមក។
  2. សម្ពាធឈាមឡើងខ្ពស់ ជាដើមហេតុរបស់សភាវគភ៌មានជាតិពុល នឹងធ្វើឱ្យស្ត្រីមានគភ៌ហើមជើង ហើមមុខ អ្នកខ្លះមានឈឺក្បាលទៀតផង ដែលជាហេតុអាចធ្វើឱ្យស្ត្រីមានគភ៌ប្រកាច់ ឬបែកសរសៃឈាមក្នុងខួរក្បាលបាន។
  3. ទារកលែងសូវរើ ដែលអាចមានមូលហេតុមកពីសុកចាប់ផ្តើមធ្វើការខ្សោយ ឬខ្សែទងសុកទៅរុំ-កទារក ដែលករណីនេះ ជាគ្រោះថ្នាក់ចំពោះទារកខ្លាំងណាស់។ ពេលស្ត្រីមានគភ៌ជួបអាការដូចដែលបានរៀបរាប់មកខាងលើនេះ ចូរប្រញាប់ទៅជួប​គ្រូ​​ពេទ្យ​​ភ្លាមជាបន្ទាន់។

នៅពេលរាងកាយត្រៀមរួចរាល់ ចិត្តត្រៀមរួចរាល់…ពេលនេះស្ត្រីមានគភ៌គ្រប់ខែ អាចទៅប្រសូតបុត្រដោយភាពជឿជាក់បានហើយ។ ក្តីឈឺចាប់ដែលកើតឡើងក្នុងពេលប្រសូត នឹងរលាយបាត់អស់ នៅពេលដែលអ្នកម្តាយថ្មោងថ្មីបានឃើញមុខកូន​សម្លាញ់ និងក្លាយទៅជាក្តីរំភើបសោមនស្សរីករាយពេញក្នុងចិត្តវិញមិនខាន។

ការត្រៀមសម្ភារសម្រាប់ចូលមន្ទីសម្ភព

.សម្រាប់អ្នកម្តាយ

  1. ប័ណ្ណពិនិត្យសុខភាពគភ៌ និងអត្តសញ្ញាណប័ណ្ណ
  2. សំឡីអនាម័យ និងអាវក្នុងសម្រាប់ពាក់បំបៅដោះកូន
  3. សម្លៀកបំពាក់អ្នកម្តាយ សម្រាប់ស្លៀកពេលចេញពីមន្ទីរពេទ្យ
  4. អាហារ និងភេស្ជជៈ (ព្រោះក្រោយពេលឆ្លងទន្លេរួច អ្នកម្តាយនឹងឃ្លានខ្លាំងណាស់)
  5. កូនកាបូបតូចមួយ សម្រាប់ដាក់គ្រឿងសម្អាង
  6. កន្សែងជូតមុខ និងកន្សែងពោះគោសម្រាប់ជូតខ្លួន
  7. កាមេរ៉ាថតរូប ក្នុងករណីដែលខាងមន្ទីរពេទ្យអាចអនុញ្ញាតឱ្យថតរូបបាន

.សម្រាប់ទារក

  1. ក្រណាត់កន្ទប សម្រាប់រុំខ្លួនទារក
  2. ខោអាវកូនតូច (សម្រាប់ទារកទើបកើត)
  3. ទឹកសាប៊ូសម្រាប់បោកជម្រះផ្សេងៗ
  4. កូនខ្នើយសម្រាប់ទ្រាប់ក្បាលកូនពេលបីបំបៅដោះ
  5. ក្រណាត់ ឬកន្សែងសម្រាប់រុំខ្លួនកូនពេលត្រឡប់ទៅផ្ទះវិញ៕
Advertisement