វិធីថែបំប៉នកូនសម្លាញ់ឱ្យធំធាត់មាំមួន មានឆ្អឹងរឹងមាំ

កូនមានរាងកាយធំធាត់មាំមួន មានសុខភាពរឹងប៉ឹង គឺជារឿងមួយដែលឪពុកម្តាយគ្រប់គ្នាចង់បានជាទីបំផុត រឹតតែកូនកំពុងតែស្ថិតក្នុងវ័យរៀនដើរតេះតះផងនោះ យើងមិនគួរមើលរំលងអាហារដែលមានប្រយោជន៍ ក្នុងការបំប៉នឆ្អឹងរបស់កូនឡើយ។ ថ្ងៃនេះឡា រ៉ែន មានអត្ថបទល្អៗពាក់ព័ន្ធនឹងសារធាតុអាហារដែលបំប៉នឆ្អឹងដល់កូនសម្លាញ់មកជម្រាបជូន។

តើឆ្អឹងត្រូវការអ្វីខ្លះ?

ការដែលឆ្អឹងរបស់កូនតូចអាចរឹងមាំល្មមនឹងធ្វើឱ្យរាងកាយរបស់កូនធំធាត់ឡើង ឬមានកម្ពស់ដែលកើនឡើងបាននោះ ចាំបាច់ត្រូវអាស្រ័យសារធាតុអាហារសំខាន់ 4យ៉ាងដូចតទៅ៖

1.សារធាតុរ៉ែ ៈ ដែលមានដូចជា កាលស្យូម ផូសស្វ័រ ម៉ាញេស្យូម ភ្លូអ័ររ៉ាយ ទង់ដែង ស័ង្កសី និងម៉ង់ហ្កាណេស។ សារធាតុរ៉ែទាំងអស់នេះ នឹងជួយក្នុងការបង្កើន និងបំប៉នឆ្អឹងរបស់ក្មេងតូច។

ប្រភព : សារធាតុរ៉ែទាំងអស់នេះបានមកពីសាច់សត្វ និងគ្រឿងក្នុងសត្វ ដូចជា ទឹកដោះម្តាយ សាច់ត្រី សាច់ជ្រូក សាច់គោ សាច់មាន់ ស៊ុតក្រហម ថ្លើមមាន់ បេះដូងជ្រូក និងអណ្តាតជ្រូក។

2.ប្រូតេអុីន ៈ សារធាតុសំខាន់ដែលមានតួនាទីជាច្រើនក្នុងការរីកចម្រើនធំធាត់របស់កូន តែសម្រាប់តួនាទីរបស់ប្រូតេអុីនចំពោះឆ្អឹងវិញនោះ គឺការពង្រីកខ្លួន និងបំបែកខ្លួនរបស់កោសិកាឆ្អឹង។

ប្រភព : សាច់សត្វប្រភេទផ្សេងៗ និងទឹកដោះម្តាយ។

3.វិតាមីន ៈ មានដូចជា វិតាមីនD វិតាមីនK វិតាមីនC ការពាររោគឆ្អឹងទន់ ជួយក្នុងការបង្កើន និងបំប៉នឆ្អឹង និងធ្មេញ ហើយវិតាមីនថែមទាំងជួយឱ្យរាងកាយបឺតជ្រាបជាតិកាល់ស្យូមបានល្អឡើងទៀតផង។

ប្រភព : វិតាមីនD មាននៅក្នុងសាច់សត្វផ្សេងៗ ប្រេងធញ្ញជាតិ ប៊័រ ចំណែកវិតាមីនK និងវិតាមីនC បានមកពីបន្លែស្លឹក​បៃតង និងផ្លែឈើគ្រប់ប្រភេទ។

4.ខាបូហាយដ្រេត ៈ ជាសារធាតុអាហារដែលផ្តល់នូវថាមពលដ៏គ្រប់គ្រាន់សម្រាប់កុមារ ដើម្បីឱ្យមានទម្ងន់ខ្លួនស័ក្តិសម នឹងវ័យ និងជាបច្ច័យក្នុងការប្រមូលសន្សំសម្ព័ន្ធឆ្អឹង។

ប្រភព : សម្រាប់កូនវ័យចាប់ផ្តើមទទួលអាហារបំប៉ននោះ អាចទទួលខាបូហាយដ្រេតបានពីម្សៅ ដំឡូងបារាំង នំប៉័ង និងម៉ាក់ការ៉ូនីជាដើម។

ក្រៅពីសារធាតុអាហារដែលជួយបង្កើន និងបំប៉នឆ្អឹងទាំង 4ប្រភេទដែលបានរៀបរាប់មកខាងលើនេះហើយ នៅមានប្រភេទអាហារដែលគួរហាមឃាត់ និងប្រុងប្រយ័ត្នមួយទៀតដែលអ្នកម្តាយគ្រប់រូបគួរតែដឹងដែរនោះគឺ អាហារដែលមានសូដ្យូមខ្ពស់ ដូចជាអាហាររសជាតិប្រៃ អាហារដែលមានអំបិលច្រើន-ល- ព្រោះអាហារទាំងនោះនឹងធ្វើឱ្យរាងកាយរបស់កូនបាត់បង់កាល់ស្យូមតាមទឹកនោមកាន់តែច្រើនឡើង បើសិនជាអាចទៅរួច គួរចៀសវាង និងកុំប្រថុយប្រថាននឹងការបាត់បង់កាល់ស្យូម និងកុំឱ្យកូនញៀនអាហារដែលមានជាតិប្រៃខ្លាំងផងដែរ៕

Advertisement