បង្រៀនកូនឱ្យចេះ “តស៊ូ”

ពាក្យថា “តស៊ូ” នៅក្នុងអត្ថបទនេះ មិនមែនជាការវាយតប់ ឬធ្វើបាបគ្នាខាងរាងកាយ មិនមែនជាការកែបញ្ហាដោយប្រើកម្លាំងកាយនោះទេ តែជាការបង្រៀនឱ្យកូនដែលស្ថិតក្នុងវ័យមតេ្តយ្យ ចេះគិត ចេះកែបញ្ហា និងសម្របសម្រួលខ្លួនឱ្យរស់នៅក្នុងសង្គមបានយ៉ាងស័ក្តិសម។

តស៊ូ ដែលត្រឹមត្រូវ

ការតស៊ូក្នុងកុមារវ័យនេះ គឺការសម្តែងចេញដើម្បីរក្សាការពារសិទ្ធិរបស់ខ្លួនឯង តាំងពីសិទ្ធិលើរាងកាយ វត្ថុរបស់របរ រួមទៅដល់សិទ្ធិដែលមាននៅក្នុងសង្គមរបស់ខ្លួនឯង ដូចជាសិទ្ធិក្នុងការមិនត្រូវគេមកឈរកាត់មុខ ពេលតម្រង់ជួរធ្វើអ្វីមួយ គៃប្រវ័ញ្ចយកប្រៀប ខ្សែលើ មិនថាតែនៅក្នុងសង្គមសាលារៀន ឬសង្គមក្រៅផ្ទះនោះឡើយ។

តស៊ូ ខាងកាយ

គឺការចេះកែបញ្ហា ក្នុងករណីដែលកូនមានអារម្មណ៍ថា ខ្លួនឯងត្រូវបានល្មើសសិទ្ធិ ត្រូវបានរំលោភបំពាន ឬមានអារម្មណ៍ថាគ្មានសុវត្ថិភាព។

-គូជម្លោះជាមនុស្សធំ ឬក្មេងដែលធំជាង ៈ ចំពោះក្មេងតូច ឡារ៉ែនសូមណែនាំឱ្យអាណាព្យាបាលបង្រៀនកូនរឿងការសុំការជួយយកអាសាពីមនុស្សម្នាដែលនៅជុំវិញខ្លួន ដូចជា ឱ្យរត់ទៅរកមនុស្សចាស់ណាម្នាក់ ដែលមើលទៅគួរឱ្យទុកចិត្ត ស្រែកដើម្បីឱ្យមនុស្សចូលមកជួយ ជាដើម។

-គូជម្លោះជាក្មេងវ័យស្របាលគ្នា ៈ ទុកឱកាសឱ្យក្មេងចរចា កែបញ្ហាដោយខ្លួនឯងជាមុនសិន។ បង្រៀនឱ្យកូនប្រើពាក្យសម្តី និងជំនាញការចរចាតវ៉ា តែត្រូវមិនប្រើអំពើហិង្សាទាំងខាងរាងកាយ និងវាចាឡើយ។ បើចរចាហើយ មិនបានលទ្ធផល ឬមិត្តភ័ក្តិចាប់ផ្តើមប្រើអំពើហិង្សាតបមកវិញនោះ ចូរបង្រៀនឱ្យកូនចេះដើរចេញទៅសុំការជួយយកអាសាពីមនុស្សចាស់។

តស៊ូ ខាងផ្លូវចិត្ត

មានន័យពីផ្លូវចិត្តដែលរឹងប៉ឹង ព្យាយាមក្នុងអ្វីដែលខ្លួនតាំងចិត្តចង់ធ្វើ ទទួលស្គាល់លទ្ធផលរបស់ទង្វើរបស់ខ្លួនឯង ចេះចាត់ការជាមួយអារម្មណ៍ខកបំណង សោកស្តាយ ឬខឹងសម្បាបានយ៉ាងសមរម្យ។ ចេះសម្របសម្រួលខ្លួនជាមួយស្ថានការណ៍ និងមានភាពព្យាយាមកែខៃចំណុចខុសឆ្គងដែលកើតឡើង រួមទៅដល់ការចេះអភ័យទោសឱ្យខ្លួនឯង និងអ្នកដទៃទៀតផង។

OLYMPUS DIGITAL CAMERA

5ចំណុច ជួយឱ្យកូនក្លាយជាអ្នកតស៊ូ

ចំពោះក្មេងតូច រឿងដែលបានទទួលលទ្ធផលច្រើនជាងការអប់រំប្រៀនប្រដៅដោយវាចានោះ គឺការដែលឪពុកម្តាយមានទង្វើជាគំរូដ៏ល្អត្រឹមត្រូវ ឱ្យកូនបានឃើញជាប្រចាំជាប់ជានិច្ច និងជួយក្នុងការសាងឬសគល់ដើម្បីបង្រៀនឱ្យកូនចេះ “តស៊ូ”។

  • សាងកូនឱ្យមានមោទនភាព និងជឿជាក់លើខ្លួនឯង ៈ បង្រៀនឱ្យកូនចេះមើលថែទាំខ្លួនឯងបានទៅតាមវ័យ ដូចជា ស្លៀកពាក់ ញ៉ាំបាយខ្លួនឯងបាន ជាមូលដ្ឋានគ្រឹះឱ្យកូនមានអារម្មណ៍ថា អាចធ្វើអ្វីផ្សេងៗបានដោយខ្លួនឯង បង្ហាត់ឱ្យមានភាពទទួលខុសត្រូវខ្លួនឯង។
  • សាងទស្សនៈចំពោះខ្លួនឯងដែលស័ក្តិសម និងត្រឹមត្រូវ ៈ នឹងជួយឱ្យកូនស្គាល់ពីខ្លួនឯង ដឹងថាត្រូវ ត្រូវការអ្វី វាយតម្លៃសមត្ថភាពថា ធ្វើអ្វីបានប៉ុនណា? និងពេលណាដែលត្រូវសុំជំនួយពីអ្នកដទៃ?។
  • សម្លឹងមើលជុំវិញខ្លួនក្នុងន័យវិជ្ជមាន តាមស្ថានភាពពិត ៈ ជួយឱ្យក្មេងមានអារម្មណ៍ថា ខ្លួនឯងស្ថិតក្នុងបរិស្ថានដែលមានសុវត្ថិភាព មានអ្នកមានចេតនាល្អច្រើនជាងមនុស្សមិនល្អ មានអ្នកចាំជួយយកអាសាគាំទ្រ ការពារ និងជួយលើកទឹកចិត្ត តែក៏ត្រូវឱ្យចេះប្រយ័ត្នប្រយែងផងដែរ ដោយឪពុកម្តាយអាចប្រតិបត្តិធ្វើជាគំរូ ឱ្យកូនបានឃើញ រៀនយល់ដឹង ដោយការមានទស្សនៈចំពោះរឿងផ្សេងៗ ជុំវិញខ្លួនដែលសម្បូរបែប ដូចជា ឃើញគេបើកឡានជ្រែពីមុខលឿនឆ្វេចឆ្វាច អាចនិយាយឱ្យកូនបានឮថា បើកឡានបែបនេះមានគ្រោះថ្នាក់ណាស់ មិនគួរឱ្យចូលចិត្តសោះ សង្ស័យគេប្រហែលជារឿងចាំបាច់ប្រញាប់ហើយទើបភ្លេចខ្លួនបើកឡានលឿនបែបនេះ…។
  • ស្គាល់សិទ្ធិតួនាទី មិនល្មើសសិទ្ធិអ្នកដទៃ ៈ បង្រៀនឱ្យក្មេងបានដឹងថា ខ្លួនឯងមានសិទ្ធិក្នុងរឿងណា ដូចជាសិទ្ធិលើរាងកាយរបស់ខ្លួនឯង អ្នកដទៃក្រៅពីឪពុកម្តាយគ្មានសិទ្ធិមកប៉ះពាល់រាងកាយរបស់ខ្ញុំក្នុងលក្ខណៈមិនសមរម្យ ខណៈពេលជាមួយគ្នា ខ្ញុំក៏ត្រូវស្គាល់ពីតួនាទីដែលត្រូវទទួលខុសត្រូវមើលថែទាំរាងកាយរបស់ខ្លួនឱ្យស្អាតបាត និងមានសុខភាពល្អផងដែរ។
  • ឱ្យមានចិត្តចេះជួយយកអាសា ៈ បង្រៀនឱ្យកូនយល់ដឹងថា ការជួយកអាសាអ្នកដទៃដោយមិនសង្ឃឹមសំណងមកវិញនោះ ធ្វើឱ្យកើតអារម្មណ៍ល្អចំពោះខ្លួនឯង និងមានអារម្មណ៍ថា ខ្លួនឯងមានប្រយោជន៍ មានតម្លៃ បើមានអ្នកណាត្រូវការជំនួយ ហើយយើងអាចជួយបានដោយខ្លួនឯងមិនមានបញ្ហានោះ ក៏គួរតែជួយ។

ការបង្រៀនបែបនេះនឹងជួយឱ្យកូនបានសម្តែងនូវចេតនាល្អ និងរៀនយល់ដឹងពីការគោរពសិទ្ធិរបស់អ្នកដទៃផងដែរ៕

Advertisement