វិធីការពារកូនតូចឱ្យចៀសឆ្ងាយពីរោគគ្រុនផ្ដាសាយ រោគល្បីល្បាញប្រចាំរដូវភ្លៀង

ពេលនេះចូលដល់រដូវភ្លៀងហើយ ធាតុអាកាសក៏ចាប់ផ្ដើមប្រែប្រួល ធ្វើឱ្យលោកឪពុកអ្នកម្ដាយចាប់ផ្ដើមមានកង្វល់ពាក់ព័ន្ធនឹងសុខភាពរបស់កូនតូច រួមទាំងជំងឺផ្សេងទៀតផង ហើយជំងឺដ៏ល្បីល្បាញប្រចាំរដូវភ្លៀង ក៏ប្រហែលជាគេចមិនផុតពី “ជំងឺគ្រុនផ្ដាសាយ” យ៉ាងពិតប្រាកដ។ លោកឪពុកអ្នកម្ដាយទាំងឡាយធ្លាប់នឹកឆ្ងល់ខ្លះទេថា ហេតុអីបានជាកូនក្មេងតូចៗងាយកើតជំងឺគ្រុនផ្ដាសាយម្ល៉េះ? ហើយបើកើតហើយ តើត្រូវធ្វើយ៉ាងណាស្រួល?

…កុំអាលភ័យបារម្ភអី…មុនអ្វីទាំងអស់ យើងនាំគ្នាមកមើលពីមូលហេតុទាំងអស់គ្នាសិនថា ហេតុអីបានកូនតូចងាយកើតជំងឺគ្រុនផ្ដាសាយក្នុងរដូវភ្លៀងម្ល៉េះ?

មូលហេតុចម្បងៗដែលធ្វើឱ្យកូនតូចកើតរោគគ្រុនផ្ដាសាយក្នុងអំឡុងរដូវភ្លៀង

ជំងឺគ្រុនផ្ដាសាយ ភាគច្រើនមានមូលហេតុមកពីការឆ្លងមេរោគវីរុស ដែលអាចសាយភាយ និងចម្លងទៅមនុស្សជុំវិញខ្លួនដោយឆ្លងកាត់ប្រព័ន្ធដកដង្ហើម ការកណ្ដាស់ ការក្អក សំបោរ ទឹកមាត់ ការប៉ះពាល់វត្ថុដែលមានមេរោគគ្រុនផ្ដាសាយ។ ច្រើនប្រទះឃើញនៅលើក្មេងដែលមានប្រព័ន្ធប្រឆាំងជំងឺខ្សោយ ជាពិសេសក្មេងអាយុតិចជាង 6ឆ្នាំ ហើយរឹតតែជាទារកផង រឹតតែកើតការឆ្លងបានងាយទៅទៀត ហើយថែមទាំងក្នុងអំឡុងរដូវភ្លៀង អាកាសធាតុប្រែប្រួលញឹកញាប់ បន្តិចក្ដៅ បន្តិចត្រជាក់ផងនោះ រឹតតែធ្វើឱ្យក្មេងៗកើតជំងឺ្រុនផ្ដាសាយបានយ៉ាងងាយទៅតាមហ្នឹងដែរ…តែលោកឪពុកអ្នកម្ដាយកុំអាលទៅកង្វល់ព្រួយធ្វើអ្វី ព្រោះថា យើងអាចការពារជំងឺគ្រុនផ្ដាសាយឱ្យកូនៗបាន តាមចំណុចៗដូចខាងក្រោមនេះ ៈ

វិធីការពារកូនតូចឱ្យចៀសឆ្ងាយពីជំងឺគ្រុនផ្ដាសាយក្នុងអំឡុងរដូវភ្លៀង មិនពិបាកឡើយ ចូរធ្វើតាមដូចតទៅនេះ ៈ

  • នាំកូនៗហាត់ប្រាណ ឬកម្រើកដៃជើង ធ្វើចលនារាងកាយឱ្យបានជាប់ជាប្រចាំ ដើម្បីសាងភាពកក់ក្ដៅដល់រាងកាយ ធ្វើឱ្យមានប្រព័ន្ធប្រឆាំងជំងឺដែលរឹតតែល្អឡើង។
  • ទទួលទានអាហារឱ្យបានគ្រប់ 5ប្រភេទក្រុម ដោយសង្កត់ធ្ងន់លើការញ៉ាំបន្លែ និងផ្លែឈើឱ្យបានច្រើន ជាពិសេសផ្លែឈើដែលមានវីតាមីន C ខ្ពស់ ដើម្បីឱ្យកូនមានប្រព័ន្ធប្រឆាំងជំងឺខ្លាំងក្នុងការតតាំងនឹងជំងឺគ្រុនផ្ដាសាយ។
  • ចំពោះទារក គួរឱ្យបៅទឹកដោះម្ដាយ ព្រោះទឹកដោះម្ដាយមានប្រព័ន្ធប្រឆាំងជំងឺដ៏ល្អ។
  • សម្រាកឱ្យបានគ្រប់គ្រាន់។ លោកឪពុកអ្នកម្ដាយត្រូវនាំកូនចូលគេងឱ្យបានទៀងពេល និងគេងឱ្យបានគ្រប់គ្រាន់តាមអំឡុងវ័យ។
  • អំឡុងពេលដែលអាកាសធាតុប្រែប្រួលញឹកញាប់ មានភ្លៀងធ្លាក់ស្ទើរតែរាល់ថ្ងៃ គួរចៀសវាងការនាំកូនចេញទៅក្រៅផ្ទះ ព្រោះបើកូនត្រូវលម្អងទឹកភ្លៀង ក៏អាចធ្វើឱ្យកូនកើតជំងឺគ្រុនផ្ដាសាយបានដូចគ្នាដែរ និងកុំភ្លេចត្រៀមឆត្រ និងអាវភ្លៀងផងបើចាំបាច់ត្រូវនាំកូនចេញទៅក្រៅដោយខានមិនបាន។
  • បើកូនទទឹកទឹកភ្លៀង សម្លៀកបំពាក់ទទឹក ឬសើម ចូរប្រញាប់ផ្លាស់ចេញ និងប្រញាប់នាំទៅងូតទឹក ព្រោះខណៈពេលនៅហាលភ្លៀង រាងកាយនឹងផ្លាស់ប្ដូរសីតុណ្ហភាពយ៉ាងឆាប់រហ័ស ទើបចាំបាច់ត្រូវងូតទឹកដើម្បីសម្រួលសីតុណ្ហភាពដល់រាងកាយ។
  • ចៀសវាងការនាំកូនទៅជិតអ្នកដែលកើតជំងឺគ្រុនផ្ដាសាយ រួមទាំងត្រូវលាងដៃឱ្យកូនគ្រប់ពេលមុនទទួលទានអាហារដើម្បីការពារមេរោគ។

បើលោកឪពុកអ្នកម្ដាយការពារហើយ ធ្វើគ្រប់យ៉ាងហើយ តែកូននៅតែកើតគ្រុនផ្ដាសាយ ក៏មិនបាច់ទៅកង្វល់អ្វីដែរ ព្រោះទោះជាកូនគ្រុនក្ដៅខ្លួន មានហៀរសំបោរ កណ្ដាស់ញឹកញាប់ ដកដង្ហើមមិនស្រួលក៏ដោយ ក៏លោកឪពុកអ្នកម្ដាយនៅតែអាចមើលថែទាំកូន ជួយសម្រាលអាការទាំងនោះបានដោយការប្រើវត្ថុជំនួយការល្អដូចខាងក្រោមនេះបានដែរ ៈ

  • ឱ្យកូនគេងសម្រាកឱ្យបានច្រើន កុំរំខាន ឬបញ្ចេញសំឡេងខ្លាំងៗខណៈកូនកំពុងគេងសម្រាក។
  • ឱ្យកូនញ៉ាំទឹកដោះគោ ញ៉ាំអាហារទន់ៗ ដូចជាបបរ ឬទឹកស៊ុប ជាដើម ព្រោះអំឡុងពេលហ្នឹង កូនអាចមានអាការឈឺករួមជាមួយផង ទើបធ្វើឱ្យពិបាកក្នុងការលេបអាហាររឹងៗ ក្រៅពីនេះ គួរឱ្យកូនញ៉ាំទឹកឱ្យបានញឹកញាប់ ដើម្បីឱ្យមានស្លេស្ម៍ស្អិត។
  • បើកូនក្ដៅខ្លួន 37.5 – 38អង្សា ចូរសម្រាលអាការនេះដោយការយកក្រណាត់សើមមកជូតខ្លួនកូន តែបើកូនក្ដៅខ្លួនខ្លាំងចាប់ពី 38អង្សាឡើង ចូរឱ្យកូនញ៉ាំថ្នាំបញ្ចុះកម្ដៅ(ប៉ារ៉ាសេតាម៉ុល)រៀងរាល់ 4ម៉ោងម្ដង។
  • បើកូនមានអាការក្អក កណ្ដាស់ តឹងច្រមុះ ចូរឱ្យកូនញ៉ាំថ្នាំបំបាត់សំបោរ និងថ្នាំបំបាត់ក្អកសម្រាប់ក្មេងតូច។

និងបើកូននៅតែក្ដៅខ្លួនមិនបាត់ ដាក់ថ្នាំ និងមើលថែទាំហើយនៅតែមិនបានធូរស្រាលនោះ ចូរប្រញាប់នាំកូនទៅជួបគ្រូពេទ្យ ឬទៅមន្ទីរពេទ្យដើម្បីពិនិត្យរកមូលហេតុពិតប្រាកដរបស់ជំងឺ និងសភាវជ្រៀតជ្រែកពីជំងឺផ្សេងទៀត

Advertisement