តើស្រ្តីមានគភ៌ គួរជ្រើសរើសពាក់ស្បែកជើងបែបណាដើម្បីសុវត្ថិភាពខ្លួនឯង និងកូនក្នុងផ្ទៃ?

ចង់ក្លាយជានារីដែលមើលមកឃើញស្អាត មានមន្តស្នេហ៏តាំងពីក្បាលដល់ចុងជើង ចូរកុំមើលរំលងស្បែកជើងដែលយើងត្រូវពាក់ដើររាល់ថ្ងៃនោះឱ្យសោះ ជាពិសេសក្នុងអំឡុងពេលមានគភ៌ ដែលជើងត្រូវទទួលទ្រទម្ងន់ខ្លួនដែលកាន់តែកើនជារឿយ​ៗ រហូតដល់គួរឱ្យអាណិត។ ដូច្នេះហើយទើបការជ្រើសរើសស្បែកជើងរបស់អ្នកមានផ្ទៃពោះដែលត្រូវពាក់ឱ្យសប្បាយជើង និងមានសុវត្ថិភាពនោះ គឺជារឿងសំខាន់ខ្លាំងណាស់ ។

ការជ្រើសរើសស្បែកជើងសម្រាប់ទៅធ្វើការងារក្រៅផ្ទះ

  • . ស្រ្តីមានគភ៌គួរជ្រើសរើសពាក់ស្បែកជើងដែលគ្មានកែងខ្ពស់ ដើម្បីការពារទាំងការរអិលដួល និងការឈឺខ្នង-​ ចង្កេះ​ផង ។
  • ជ្រើសរើសពាក់ស្បែកជើងណាដែលស័ក្តិសមនឹងរូបរាងជើង ដែលអាចទទួលទ្រទម្ងន់ខ្លួនស្រ្តីមានគភ៌ និងទប់ទល់ការប៉ះទង្គិចបាន​​យ៉ាងល្អ។
  • កុំជ្រើសរើសយក ឬពាក់ស្បែកជើងតាមលេខដែលខ្លួនធ្លាប់ពាក់ដោយមិនបានល ព្រោះទំហំជើងអាចប្រែប្រួលនៅពេលមានគភ៌ និងពេល​ពាក់​ហើយ គួរទុក​ឱ្យនៅសល់ចន្លោះរវាងចុងម្រាមជើង និងចុងស្បែកជើងប្រវែង 1សង់ទីម៉ែត្រ​។
  • ពិនិត្យមើលបាតស្បែកជើងណាដែលតោងស្អិតនឹងកម្រាលឥដ្ឋ និងជ្រើសរើសយកពណ៌ណាដែលលេចច្បាស់ជាងសម្លៀកបំពាក់ដែលពាក់ទៅធ្វើការ និងមើលទៅឃើញរាងផ្លូវការបន្តិច។
  • បើត្រូវឈរធ្វើការយូរ គួរពាក់ស្បែកជើងដែលមានបាតរាបស្មើ ស្បែកទន់ៗ ដើម្បីកាត់បន្ថយការឈឺស្រពន់របស់សាច់ដុំជើង និងបាតជើង។
  • ឈានចូលដល់ត្រីមាសទី3 នៃការមានគភ៌ គួរចៀសវាងស្បែកជើងណាដែលពិបាកពាក់នៅពេលធ្វើការ ដូចជា ស្បែកជើងដែលមានខ្សែចង ខ្សែរឹតបន្តឹង ឬមានក្បាលគន្លឹះដែលធ្វើឱ្យត្រូវឱន-ងើបៗនៅពេលពាក់ចូល ឬពេលដោះចេញ ជាដើម។

ការជ្រើសរើសស្បែកជើងសម្រាប់ពាក់ធ្វើការនៅផ្ទះ

  • . ក្នុងអំឡុងពេលមានគភ៌ ជើងនឹងហើម ហើយធំជាប្រក្រតី ដូច្នេះគួរជ្រើសរើសប្រើស្បែកជើងណាដែលមានលក្ខណៈធំទូលាយ ហើយស្រាល ពាក់ហើយសប្បាយស្រួលជើង ដូចជាស្បែកជើងសម្រាប់ស្ត្រីមានផ្ទៃពោះ ឬស្បែកជើងផ្ទាត់ជាដើម។
  • ជ្រើសរើសបែប ឬម៉ូតណាដែលសមគ្នានឹងរូបរាងបាតជើងរបស់ខ្លួនបំផុត ដូចជាកន្លែងធំបំផុតរបស់ស្បែកជើង និងបាតជើងរបស់យើងគួរតែឱ្យមាន​ទំហំប៉ុនគ្នា។
  • ជ្រើសរើសពាក់ស្បែកជើងណាដែលមានបាតតោងស្អិតនឹងកម្រាលឥដ្ឋ មិនងាយរអិល បាតខាងក្នុងទន់ ទទួលរង នឹងការប៉ះ ឬបុកបាន ដើម្បីកាត់បន្ថយការឈឺជង្គង់ និងឈឺ-កជើងជាដើម។
  • ជាធម្មតាបាតជើងរបស់មនុស្សយើងច្រើនតែមានទំហំខុសគ្នាបន្តិច ដូច្នេះគួរវាស់បាតជើងទាំងសងខាងជាមុនសិន មុននឹងទិញ និងត្រូវ​រើស​យកតាមខ្នាតជើងដែលធំ។
  • ជ្រើសរើសពាក់ស្បែកជើងណាដែលមានភាពយឺតយារ ពង្រីកខ្លួនតាមរូបរាងបាតជើងរបស់យើងបានល្អ។ មិនត្រូវទិញស្បែកជើងណាដែលរឹប​ណែនដោយសារតែគិតថា ពាក់យូរទៅ វាគង់តែយារនោះទេ។
  • តមពាក់ស្បែកជើងកែងចោត ព្រោះអាចប្រថុយប្រថាននឹងការជំពប់ជើងដួល និងធ្វើឱ្យឈឺខ្នងទៀតផង។
  • បើចង់ឱ្យល្អមែនទែន គួរជ្រើសរើសពាក់ស្បែកជើងសុខភាព ដែលផលិតឡើងដើម្បីទ្រទម្ងន់របស់ជើង និងបាតជើងរបស់ស្រ្តីមានគភ៌ជាពិសេសទើបជាការប្រសើរ។
  • ពេលវេលាដ៏សមស្របបំផុតដែលអ្នកមានផ្ទៃពោះគួរទិញស្បែកជើង គឺពេលថ្ងៃរសៀល ព្រោះពេលនេះជើងរបស់ស្រ្តីមានគភ៌នឹងហើម និងរីកធំជាងពេលធម្មតា៕
Advertisement