ការមើលថែទាំសុខភាពប្រអប់មាត់សម្រាប់ស្រ្តីមានគភ៌

ការមានសុខភាពដែលល្អក្នុងអំឡុងពេលមានគភ៌ គឺជារឿងមួយដែលអនាគតអ្នកម្តាយគ្រប់រូបចង់បាន…។

ស្រ្តីមានគភ៌គ្រប់រូបអាចនឹងមានក្តីកង្វល់ចំពោះការប្រែប្រួលផ្សេងៗរបស់រាងកាយ និងតែងខំប្រឹងមើលថែទាំសុខភាពគភ៌ និងកូន​នៅក្នុង​​ផ្ទៃឱ្យបានល្អ តែយ៉ាងណាក៏ដោយចូរអ្នកកុំភ្លេចពីសុខភាពប្រអប់មាត់របស់ខ្លួនឱ្យសោះ ព្រោះវាមានផលប៉ះ​ពាល់​ដល់សុខភាពរបស់ទារកនៅក្នុងផ្ទៃ។

  1. ការប្រែប្រួលរបស់អ័រម៉ូនក្នុងអំឡុងពេលមានគភ៌មានផលជំរុញធ្វើឱ្យកើតរោគរលាកអញ្ចាញធ្មេញកាន់តែងាយជាងអំឡុងពេលប្រក្រតី។ ការមានកំណកកំបោរច្រើនអាចធ្វើឱ្យកើតរោគធ្មេញពុក រលាក និងហើមអញ្ចាញធ្មេញ និងមានចេញឈាមទៀតផង។
  2. មានរបាយការណ៍មួយបញ្ជាក់ថា មេរោគបាក់តេរីដែលធ្វើឱ្យកើតសភាវរលាកអញ្ចាញធ្មេញនៅលើស្រ្តីមានគភ៌នោះ អាចឆ្លងចូល​ទៅ​​ក្នុងលោហិត និងជំរុញឱ្យមានអ័រម៉ូន Prostaglandin E2 កើនឡើង ដែលអ័រម៉ូននេះនឹងកើតមាននៅពេលជិតគ្រប់កំណត់ឆ្លងទន្លេ ដូច្នេះហើយទើបគេតែងប្រទះឃើញនៅលើស្រ្តីមានគភ៌ជិតគ្រប់ខែតែងមានសភាវរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរ ដែលអាចបណ្ដាលឱ្យឆ្លងទន្លេមុនពេលកំណត់ ហើយ​​និងទារកកើតមកមានទម្ងន់ខ្លួនតិច ។
  3. អាការក្អួតចង្អោរបណ្តាលមកពីការចាញ់កូនញឹកញាប់ ធ្វើឱ្យមានអាស៊ីតចេញពីក្រពះអាហារហូរបញ្ច្រាស់​មកក្នុងប្រអប់មាត់ បើមិនលាងជាតិអាស៊ីតនោះចេញជាបន្ទាន់ទេ អាចធ្វើឱ្យអវយវៈក្នុងប្រអប់មាត់សឹករេចបាន ។
  4. ការបរិភោគអាហារដែលមានរសជាតិជូរញឹកញាប់ ក៏មានផលប៉ះពាល់ធ្វើឱ្យធ្មេញសឹកពុកបានដែរ។
  5. ស្រ្តីមានគភ៌ច្រើនតែបរិភោគបានតិច តែច្រើនដង។ ការបរិភោគញឹកញាប់ បរិភោគបង្អែម និងអាហារដែលជាប់ធ្មេញ នឹងធ្វើឱ្យកើតជំងឺពុកធ្មេញ។
  6. សម្រាប់ទារក ធ្មេញទឹកដោះនឹងចាប់ផ្តើមដុះតាំងពីមានអាយុនៅក្នុងគភ៌មាតាបាន 4-6 សប្តាហ៍។ ការកកើត​ធ្មេញ ត្រូវការសារធាតុអាហារច្រើនប្រភេទ ដូចគ្នានឹងការរីកលូតលាស់របស់រាងកាយដែរ ជាពិសេសសារធាតុរ៉ែពពួកកាល់ស្យូម ផូស្វ័រ ដែលវានឹងទៅស្រោបធ្មេញធ្វើឱ្យសាច់ធ្មេញមានភាពរឹងមាំ។

ការណែនាំសម្រាប់ស្រ្តីមានគភ៌

  1. ដុសធ្មេញ និងប្រើខ្សែអំបោះខាត់ធ្មេញរៀងរាល់ថ្ងៃ យ៉ាងហោចណាស់ 1ថ្ងៃ 2ដង ព្យាយាមដុសខាត់ឱ្យស្អាតទាំង​ក្នុងប្រឡោះធ្មេញ​ និងម្តុំជើងអញ្ចាញធ្មេញ​ និងគួរខ្ពុរមាត់ ឬដុសធ្មេញរៀងរាល់លើក ក្រោយពេលបរិភោគអាហាររួច។
  2. បើមានអាការចាញ់កូន ក្អួតចង្អោរ គួរខ្ពុរមាត់ដោយទឹកស្អាត ឬទឹកថ្នាំខ្ពុរមាត់ផ្លួអរ៉ាយ ដើម្បីកាត់បន្ថយបរិមាណអាស៊ីតដែលចេញពីក្រពះ និងហាមដុសធ្មេញរយៈពេល 30នាទីបន្ទាប់ពីក្អួត ព្រោះអាស៊ីតដែលចេញមកនោះ វាធ្វើឱ្យ​ស្រទាប់ធ្មេញខាងលើទន់ផុយ បើសិនដុសធ្មេញភ្លាមៗនឹងធ្វើឱ្យធ្មេញឆាប់សឹកអស់(គួរខ្ពុរមាត់សិន មុននឹងដុសធ្មេញ)។
  3. បរិភោគអាហារឱ្យគ្រប់ 5ប្រភេទក្រុម ដើម្បីសុខភាពរបស់ម្តាយ និងកូនក្នុងផ្ទៃ ។ កាល់ស្យូមជាសារធាតុ​អាហារសំខាន់ក្នុងការសាងធ្មេញរបស់ទារក ដោយទារកនឹងបានទទួលកាល់ស្យូមតាមរយៈឈាមរបស់ម្តាយ ដូច្នេះម្តាយគួរបរិភោគកាល់ស្យូមឱ្យបានគ្រប់គ្រាន់។
  4. គួរចៀសវាងអាហារផ្អែមៗ ឬអាហារណាដែលស្អឹតជាប់ធ្មេញ ដើម្បីការពារកុំឱ្យធ្មេញពុក។
  5. គួរទៅត្រួតពិនិត្យធ្មេញរៀងរាល់ 6ខែម្តង ហើយបើមានអាការឈឺ ហើម ឬមានរលាកអញ្ចាញធ្មេញ គួរតែទៅ​ទទួល​ការ​​ព្យា​បាលជាបន្ទាន់ ព្រោះសុខភាពក្នុងប្រអប់មាត់របស់មាតា មានផលប៉ះពាល់ដល់សុខភាពរបស់ទារក។

មេរោគបាក់តេរីនៅក្នុងប្រអប់មាត់របស់ស្រ្តីមានគភ៌អាចបញ្ជូនតទៅដល់កូនក្នុងផ្ទៃបាន ដូច្នេះការមានសុខភាពប្រអប់មាត់ល្អ គ្មាន​ធ្មេញពុក ឬរលាកអញ្ចាញធ្មេញ នឹងជួយកាត់បន្ថយបរិមាណមេរោគបាក់តេរីដល់ទារកបាន៕

Advertisement