ជួយកូនឱ្យរៀនយល់ដឹងតាមរយៈការធ្វើកិច្ចការផ្ទះ

លោកឪពុកអ្នកម្តាយខ្លះអាចនឹងកើតអាការមិនត្រូវចិត្តភ្លាមៗតែម្ដង នៅពេលដែលកូនកំពុងធ្វើកិច្ចការផ្ទះហើយទាក់ ឬរអាក់រអួលក្នុងចំណុចដែលខ្លួនគិតថា “ងាយ”​ ឬជួនកាលកូនធ្វើខុសដោយសារតែគេមិនទាន់បានសង្កេតឃើញចំណុចអ្វីម៉្យាងនោះ ឪពុកម្ដាយក៏ស្រាប់តែបញ្ចេញអាការខឹងដាច់ក្បាល​ ដាច់​​​កន្ទុយ ធ្វើហាក់ដូចជាអ្វីៗលែងអាចកែខៃបានអ៊ីចឹង។ បណ្ដាលឱ្យបរិយាកាសក្នុងការធ្វើកិច្ចការផ្ទះរបស់កូន ប្រែទៅជាស្រងូតស្រងាត់ដូចគ្នា​នឹងបេះដូងរបស់កូនដែលត្រូវស្វិតទ្រោមអស់ដែរ។

បើមិនចង់ឱ្យអំឡុងពេលនៃការធ្វើកិច្ចការផ្ទះក្លាយជាអំឡុងពេលដ៏អាក្រក់សម្រាប់ទាំងខ្លួនលោកអ្នក និងកូនសម្លាញ់របស់យើងនោះ ពេលនេះទស្សនាវដ្តី ឡារ៉ែនមានអត្តបទស្រាវជ្រាវវិភាគមួយដែលនឹងណែនាំអំពីវិធីធ្វើឱ្យម៉ោងធ្វើកិច្ចការផ្ទះរបស់កូនក្លាយជាម៉ោងនៃការរៀនយល់​​ដឹង​ដ៏ល្អមកជម្រាបជូន ព្រោះអ្នកវិភាគស្រាវជ្រាវបានរកឃើញថា ការដែលឪពុកម្តាយ “សម្លឹងមើលអ្វីជុំវិញខ្លួនក្នុងន័យល្អ ចិត្តត្រជាក់ៗ ផ្តល់នូវការគាំទ្រ និងផ្តល់នូវតម្លៃចំពោះការរៀនយល់ដឹង” នោះវានឹងក្លាយទៅជាជំនួយដ៏សំខាន់មួយដែលធ្វើឱ្យកុមារ “បានរៀនចេះដឹង” យ៉ាងពិតៗពីទម្រង់ហ្វឹកហាត់ទាំងអស់នោះ​។

ផ្ទុយទៅវិញ ការដែលឪពុកម្តាយសម្លឹងឃើញកិច្ចការផ្ទះរបស់កូនគ្រាន់តែជាអ្វីមួយដែលត្រូវធ្វើឱ្យតែរួចៗពីដៃ ឬក៏ដាច់ខាតត្រូវតែធ្វើចេញមកឱ្យបានល្អស្អាតជ្រុលពេក លើសសមត្ថភាពរបស់ក្មេង(ដោយការបញ្ជាឱ្យសរសេតាម ឬឪពុក​ម្តាយ​ធ្វើជំនួស) ដើម្បីឱ្យបានពិន្ទុល្អៗពីលោកគ្រូនោះ ទាំងអស់នេះគឺជាការទាញកូនឱ្យធ្លាក់ក្នុងរង្វង់នៃការរៀនសូត្រដែលមិនត្រឹមត្រូវ​ទៅវិញទេ។

ការវិភាគស្រាវជ្រាវមួយនេះបានសិក្សាពីការប្រព្រឹត្តរបស់កុមារថ្នាក់បឋមទី4​ ហើយនិងអាណាព្យាបាលចំនួន 135នាក់ ដោយអ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យ Bengurion ប្រទេស អ៊ីស្រាអែល ដែលលោកវេជ្ជបណ្ឌឹត Idit Kartz ជាម្ចាស់នៃការងារវិភាគស្រាវជ្រាវនេះបានរៀបរាប់ថា ៖

“ឪពុកម្តាយអាចបង្កើតទំនោរចិត្តដល់កូនក្នុងការធ្វើកិច្ចការផ្ទះបានដោយការយល់ព្រមឱ្យកូនៗធ្វើកិច្ចការផ្ទះ​ដោយខ្លួនឯង មិនចូលទៅលូកលាន់ជ្រុលហួសពេក រួមទាំងមើលរំលងការខុសឆ្គងបន្តិចបន្តួចរបស់កូនខ្លះផង បើវាជាការធ្វើឱ្យកុមារ​សប្បាយ​​រីក​រាយក្នុងការធ្វើកិច្ចការផ្ទះរបស់គេនោះ”

ក្រៅពីនោះ ការរៀបចំបរិយាកាសខាងក្នុងផ្ទះឱ្យមានភាពទាក់ទាញដល់ការចង់ធ្វើកិច្ចការផ្ទះរបស់កុមារ គឺជារឿងល្អ​​​​ប្រសើរមួយ​ ព្រោះ​​​បើ​បរិយាកាសល្អ មានឧបករណ៏សម្រាប់រៀនគ្រប់គ្រាន់ កុមារនឹងមានអារម្មណ៍ថា មាន​ចិត្តចង់រៀន ចង់ធ្វើជា​មិនខាន៕

Advertisement