ដើមហេតុនៃការប្រព្រឹត្តរបស់ក្មេង ស្ថិតនៅលើការចិញ្ចឹមមើលថែរបស់អាណាព្យាបាល

ការចិញ្ចឹមក្មេងៗ ឬកូនៗឱ្យពេលធំឡើងក្លាយជាមនុស្សដែលក្រុមគ្រួសារនឹកសង្ឃឹមចង់បាន នាពេលបច្ចុប្បន្ននេះ បានក្លាយជារឿងមួយលំបាកគួរសមដែរ ព្រោះដោយសារតែបច្ច័យខាងសង្គមចាប់ផ្តើមផ្លាស់ប្តូរ​ ហើយការប្រព្រឹត្ត ឬទង្វើរបស់ក្មេងនាពេលបច្ចុប្បន្ន ក៏ចាប់ផ្តើមមានការយកតម្រាប់តាមស្ថានភាព និងអ្វីៗជុំវិញខ្លួនកាន់តែខ្លាំងឡើងដែរ។ លេខនេះ ឡារ៉ែនមានបច្ច័យសំខាន់ៗមួយចំនួនដែលហុចផលដល់ការប្រព្រឹត្ត ឬទង្វើរបស់កូនៗនាពេលអនាគតមកជម្រាបជូនដូចខាងក្រោម ៖

  • ក្រុមគ្រួសារ : ធ្លាប់បានឮដែរឬទេថា ក្រុមគ្រួសារយ៉ាងម៉េច ការប្រព្រឹត្ត ឬទង្វើរបស់កូនតូចភាគច្រើនក៏នឹងមានលក្ខណៈស្រដៀងយ៉ាង​នោះ​ដែរ ដូច្នេះបើយើងចង់ឱ្យកូនរបស់យើងមានការប្រព្រឹត្តដែលល្អ យើងគួរចាប់ផ្តើមចេញពីស្ថាប័នគ្រួសារជាមុនសិន។ ចាប់ផ្តើមពីខ្លួនយើង(អាណាព្យាបាល ឬឪពុកម្ដាយ) ត្រូវធ្វើជាគំរូដ៏ល្អដល់កូន និងនៅចាំអប់រំប្រដែប្រដៅឱ្យស្គាល់ពីអ្វីដែលល្អ​ និងមិនល្អ​ មានពេលវេលាជជែកលេងជាមួយកូនឱ្យបានញឹកញាប់ ព្រមទទួលស្គាល់នូវគំនិតយោបល់របស់កូន…តែប៉ុណ្ណឹងកូននឹងមានអារម្មណ៍កក់ក្តៅ និងមានការប្រព្រឹត្តល្អៗតបស្នងមកយើងវិញជាមិនខាន ។
  • ស្ថានភាពជុំវិញខ្លួន និងសង្គម : យើងមិនអាចជ្រើសរើសឱ្យកូនៗរស់នៅក្នុងស្ថានភាពជុំវិញខ្លួន និងសង្គមដែលល្អៗតាមដែលចិត្តយើងចង់បាន​នោះទេ តែយើងអាចជ្រើសរើសក្នុងការបង្ហាត់បង្រៀន និងបណ្តោយឱ្យកូនរៀនយល់ដឹងជាមួយស្ថានភាពសង្គមបាន ដោយមិនកៀបសង្កត់ ឬកម្រិតដែនយល់ដឹងរបស់កូនឡើយ តែត្រូវអធិប្បាយពន្យល់ពីរឿងរ៉ាវដែលកូនបានជួប បានឃើញនូវការប្រព្រឹត្តផ្សេងៗនៅពេលដែលកូនចេញទៅខាងក្រៅទាំងនោះ​ឱ្យ​កូន​​បាន​​​​​យល់។ មិនគួរបដិសេធនឹងសំណួរកូនឡើយ តែគួរមានចម្លើយដ៏ល្អៗទៅកូនវិញទើបជាការប្រសើរ។
  • រឿងភាគក្នុងទូរទស្សន៍ : យើងអាចបង្ហាត់បង្រៀនពីការប្រព្រឹត្ត ឬទង្វើល្អៗដល់កូនបានគ្រប់ពេលវេលា សូម្បីតែពេលអង្គុយមើលរឿងភាគក្នុងទូរទស្សន៍ ក៏យើងអាចឱ្យកូនៗរៀនយល់ដឹងជាមួយយើងបានដូចគ្នាដែរ។ ក្នុងអំឡុងពេលមើលខ្សែភាពយន្ត ឬរឿងភាគ យើងគួរតែ​អធិប្បាយពន្យល់ពីការប្រព្រឹត្ត និងទង្វើរបស់អ្នកសម្ដែងក្នុងសាច់រឿងឱ្យកូនបានយល់ និងដឹងថា អ្វីជារឿងល្អ-មិនល្អ អ្វីគួរធ្វើ និងមិនគួរធ្វើ ដើម្បីកុំឱ្យកូនយក​តម្រាប់តាមការប្រព្រឹត្ត និងទង្វើមិនល្អដែលកូនមើលឃើញទាំងនោះ។

ទោះយ៉ាងណាស្ថាប័នគ្រួសារក៏នៅតែជាបច្ច័យសំខាន់ក្នុងការបង្ហាត់បង្រៀន និងកំណត់ទិសដៅដល់កូនរបស់យើងឱ្យក្លាយជាមនុស្សល្អបានដែរ វាស្ថិតនៅលើការជ្រើសរើសអប់រំប្រដៅ ការនិយាយស្តី និងការធ្វើឱ្យកូនបានយល់ដឹងកាន់តែច្រើនឡើង ដើម្បីកុំឱ្យកូនមានអារម្មណ៏ថា រូបគេឯកោ ឬឪពុកម្តាយមិនយកចិត្តទុកដាក់ ព្រោះរឿងនេះអាចនឹងក្លាយជាចំណុចអន់មួយរបស់ក្មេងនៅពេលអនាគតបាន៕

Advertisement