មានគភ៌ដោយមិនមានកើតអាការនៃការមានគភ៌

សំណួរ ៈ ខ្ញុំចាប់ផ្ដើមតាំងគភ៌ តែគ្មានកើតអាការរបស់ការតាំងគភ៌សោះ ទើបខ្ញុំមានអារម្មណ៍នឹកកង្វល់ថា តើវាប្រក្រតីដែរទេ? ឬក៏មានន័យថា ខ្ញុំអាចនឹងកំពុងរលូត?

ចម្លើយ ៈ នៅពេលអ្នកនឹកដល់ការតាំងគភ៌ អ្នកច្រើនតែបានឮរឿងពាក់ព័ន្ធនឹងអាការក្នុងអំឡុងត្រីមាសដំបូង ដូចជា ចាញ់កូននៅពេលព្រឹក ឈឺក្រហាយក្នុងទ្រូង អស់កម្លាំងល្វើយ និងឈឺណែនសុដន ជាដើម។ អ្នកអាចនឹងនឹកឃើញរូបភាពខ្លួនឯងដែលកំពុងក្អួតចង្អោរនៅក្នុងបន្ទប់ទឹកក្នុងអំឡុងខែដំបូង តែទោះជាស្រ្តីអាចមានអាការនៃការមានគភ៌មួយចំនួនមែន តែក៏មានអ្នកខ្លះអាចមិនដែលមានអាការអ្វីប្លែកពេញមួយរយៈពេលមានគភ៌សោះក៏មានដែរ ហើយនេះគឺជារឿងប្រក្រតីសម្រាប់មនុស្សក្រុមនេះ។

តើពេលណាទើបចាប់ផ្ដើមកើតមានអាការនៃការតាំងគភ៌?

អាការភាគច្រើន ជាពិសេសក្អួតចង្អោរ ហើមពោះ ឬឈឺខ្នង ច្រើនតែមិនបានចាប់ផ្ដើមកើតតាំងពីថ្ងៃដំបូងក្នុងអំឡុងសប្ដាហ៍ដំបូងៗនៃការតាំងគភ៌នោះទេ។ ក្រោយពីការពិនិត្យការតាំងគភ៌ទទួលបានផលវិជ្ជមាន ច្រើនតែមិនមានអាការអ្វីប្លែកទេ រហូតទាល់តែឈានចូលដល់សប្ដាហ៍ទី6 ឬទី7 នៃការតាំងគភ៌។

ស្រ្តីមានគភ៌ម្នាក់ដែលជាមិត្តភក្តិរបស់ស្មេរ បានរៀបរាប់ថា “ខ្ញុំគិតថា ខ្លួនឯងនឹងចាប់ផ្ដើមមានអាការរបស់ការតាំងគភ៌តាំងពីដំបូងតែម្ដង ដោយសារខ្ញុំពិនិត្យគភ៌ទទួលបានលទ្ធផលវិជ្ជមាន(មានបុត្រ)​ និងដឹងថា ជីវិតចាប់ពីពេលនេះទៅនឹងផ្លាស់ប្ដូរខុសពីមុនស្រឡះមិនខាន…ហើយខ្ញុំគិតថា ខ្ញុំគួរតែមានអារម្មណ៍ដឹងថា វានឹងមានការប្រែប្រួលអ្វីខ្លះកើតឡើងជាមួយរាងកាយរបស់ខ្ញុំ?…តែនេះ អត់មានសោះ! វាធ្វើឱ្យស្ទើរតែឆ្កួតតែម្ដង។ ខ្ញុំសរសេរចម្ងល់របស់ខ្ញុំផ្ញើទៅមន្ទីរសម្ភព គេប្រាប់ថា គេនឹងមកពិនិត្យមើលខ្ញុំ តែបន្ទាប់ពីនោះមក សុខៗ ពេលខ្ញុំភ្ញាក់ឡើងនៅពេលព្រឹកថ្ងៃមួយ ខ្ញុំមានអារម្មណ៍មិនស្រួលក្នុងពោះយ៉ាងខ្លាំង ពេលនោះខ្ញុំតាំងគភ៌បានជិត 8សប្ដាហ៍ ហើយបន្ទាប់ពីនោះ ខ្ញុំមិនដែលមានសេចក្ដីសុខជាមួយការក្អួតចង្អោរខ្លាំងដល់ថ្នាក់នេះពីមុនមកសោះក្នុងមួយជីវិតនេះ(អាការចាញ់កូនចាប់ផ្ដើម)”។

ជួនកាល វាគ្រាន់តែជាការព្យាយាមរកការអធិប្បាយណាមួយពាក់ព័ន្ធនឹងអាការខាងរាងកាយដែលកំពុងកើតឡើង ដូចជាមានស្រ្តីមួយចំនួនដែលកើតអាការរបស់ការតាំងគភ៌ តែបែរជាគិតថា បណ្ដាលមកពីហេតុផលផ្សេងៗ ដូចជាអាការមុនពេលមានវដ្ដរដូវ ឬកើតគ្រុនផ្ដាសាយធំទៅវិញ តែការអធិប្បាយពីអាការរបស់ការតាំងគភ៌ដោយអាការផ្សេងៗនោះ គឺជារឿងដែលប្រក្រតី និងអាចធ្វើឱ្យកើតក្ដីកង្វល់បាន។

ស្រ្តីមានគភ៌ម្នាក់ទៀតបាននិយាយថា “ខ្ញុំមានអារម្មណ៍នឿយល្វើយខ្លាំងណាស់ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងមិនបានធ្វើការងារធ្ងន់ជាងប្រក្រតីទេ តែបែរជាមានអារម្មណ៍ថា ងងុយគេងខ្លាំងជាងប្រក្រតី។ ពេលខ្ញុំសួរគ្រូពេទ្យពាក់ព័ន្ធនឹងការដែលខ្ញុំគ្មានកើតអាការរបស់ការតាំងគភ៌សោះ ហើយយើងចាប់ផ្ដើមជជែកគ្នាអំពីអាការផ្សេងៗដែលខ្ញុំកើតមាននោះ ពេទ្យប្រាប់ថា ស្រ្តីមានគភ៌ម្នាក់ៗតែងមានអាការខុសប្លែកពីគ្នា និងមិនចាំបាច់ទៅកង្វល់ច្រើនឡើយ បើខ្ញុំគ្មានកើតអាការអ្វីសោះនោះ”

តើអ្នកគួរធ្វើយ៉ាងណា បើសិននៅតែមានអារម្មណ៍កង្វល់?

អ្នកមិនចាំបាច់ត្រូវកង្វល់ជាមួយនឹងការដែលគ្មានកើតអាការរបស់ការតាំងគភ៌នោះទេ។ មានស្រ្តីមានគភ៌ជាច្រើននាក់ដែលគ្មានការប្រែប្រួលកើតឡើងសោះ និងមានអារម្មណ៍សុខសប្បាយល្អធម្មតា។ ក្នុងពេលជាមួយគ្នា អ្វីដែលអ្នកគួរកង្វល់នោះគឺ បើសិនជាអាការទាំងនោះបាត់ទៅវិញយ៉ាងឆាប់រហ័សក្នុងអំឡុងត្រីមាសទី1 ដែលវាអាចជាការបញ្ជាក់ប្រាប់ថា មានការថយចុះរបស់អ័រម៉ូនដែលបង្ហាញអំពីភាពខុសប្រក្រតីរបស់ការតាំងគភ៌។ បើអ្នកមានអាការដាស់តឿនខុសប្រក្រតីអ្វីម្យ៉ាងរបស់ការតាំងគភ៌ គួរទូរស័ព្ទរកគ្រូពេទ្យអ្នកពិនិត្យគភ៌ ឬបើមានចំណុចសង្ស័យ​អ្វីម្យ៉ាង គួរទូរស័ព្ទសុំការណែនាំពីគ្រូពេទ្យអ្នកពិនិត្យគភ៌គ្រប់ពេល៕

Advertisement