និយាយជាមួយកូនពេលកូនបៅទឹកដោះ ធ្វើឱ្យកូនស្រឡាញ់យើងខ្លាំងឡើងមែនឬ?

ធ្លាប់សង្កេតដែរឬទេថា ពេលកូនរបស់យើងបៅទឹកដោះ មិនថាតែបៅពីដោះម្ដាយ ឬពីដកទឹកដោះគោនោះទេ តែងមានពេលមួយដែលកូនឈប់បៅភ្លាមៗដោយមិនដឹងមូលហេតុជានិច្ច ធ្វើឱ្យអ្នកម្ដាយជាច្រើននឹកកង្វល់ក្នុងចិត្តថា កូនលែងចង់បៅទឹកដោះហើយ ទើបត្រូវមានការអង្រួនខ្លួនកូនថ្នមៗដើម្បីឱ្យកូនបៅទឹកដោះឡើងវិញ។ តើអ្នកម្ដាយដឹងឬទេថា ក្នុងពេលដែលអ្នកម្ដាយកំពុងអង្រួនខ្លួនកូននោះ គឺជាអំឡុងពេលសំខាន់ដែលអ្នក និងកូនកំពុងសាងចំណងសម្ព័ន្ធភាពគ្នាខ្លាំងឡើងបានយ៉ាងឆាប់រហ័ស។

ចង្វាក់ការបៅទឹកដោះរបស់ទារកយ៉ាងដូចម្ដេច?

ជាប្រក្រតីតាមធម្មជាតិ ទារកដែលបៅទឹកដោះ(មិនថាពីដោះម្ដាយ ឬពីដបទឹកដោះគោនោះទេ)តែងមានចង្វាក់នៃការបៅ(ក្នុងអំឡុងពេលដំបូង)មានលក្ខណៈដូចខាងក្រោមនេះ ៈ

បៅ – បៅ – បៅ…បន្ទាប់ពីនោះ ពេលកូនបានបៅទឹកដោះអស់មួយស្របក់មក កូននឹងចាប់ផ្ដើមកែសម្រួលចង្វាក់ការបៅទៅជាលក្ខណៈបែបនេះ ៈ

បៅ – បៅ – បៅ – ឈប់(ហើយនឹងធ្វើដដែលៗបែបនេះទៅជារឿយៗ)

ក្នុងអំឡុងចង្វាក់ដែលកូនឈប់បៅនេះឯង អ្នកម្ដាយជាច្រើននាក់នឹងនឹកកង្វល់ថា កូននឹងឈប់បៅតទៀតហើយ(ខ្លាចកូនបៅមិនឆ្អែត) ទើបធ្វើការអង្រួនខ្លួនកូនថ្នមៗ ឬនិយាយព្រមជាមួយការសម្លឹងមើលមុខកូន ហើយអ្វីដែលកើតឡើងនោះក៏គឺ កូននឹងឈប់បៅមួយខណៈពេល ដើម្បីទទួលដឹងនូវអ្វីដែលម្ដាយកំពុងធ្វើចំពោះគេ នោះគឺ ការស្ដាប់នូវអ្វីដែលម្ដាយកំពុងនិយាយ និងសម្លឹងមើលមុខម្ដាយ រួចបន្ទាប់ពីនោះ ទារកក៏នឹងត្រឡប់ទៅរកចង្វាក់ការបៅ 3ដង និងឈប់ 1ដងដូចមុនទៀត។

ហេតុអីបានកូនបៅ – បៅ – បៅ – ឈប់?

អាចរាប់បានថា ជារឿងប្លែកខ្លាំងណាស់ ដោយសារតែមានការសាកល្បងខាងវេជ្ជសាស្រ្តរួចមកហើយ និងទទួលបានលទ្ធផលដ៏គួរឱ្យស្ងើចអស្ចារ្យ ដោយក្រុមគ្រូពេទ្យបានសាកល្បងចាប់រយៈពេលរវាងការបំបៅទឹកដោះកូន ដោយបណ្ដោយឱ្យទារកបានបៅទឹកដោះតាមចង្វាក់ប្រក្រតីរបស់គេ ហើយនៅពេលទារកឈប់បៅ ក៏មិនបាច់អង្រួន ឬនិយាយជាមួយទេ និងមួយក្រុមទៀត ពេលទារកឈប់បៅ ក៏ឱ្យម្ដាយអង្រួនខ្លួនកូនថ្នមៗ ព្រមជាមួយការញញឹម សម្លឹងមើលមុខ និងនិយាយដាក់កូន។

លទ្ធផលការសាកល្បងដែលទទួលបាន អាចសរុបបានដូចតទៅ

  1. តឱ្យយើងមិនអង្រួនខ្លួនកូន(ចង្វាក់ដែលកូនឈប់បៅ)ក៏កូននឹងត្រឡប់មកបៅវិញបានដោយខ្លួនឯងតាមចង្វាក់វេលាដែលទៀងទាត់។
  2. រឹតតែយើងនិយាយរក សម្លឹងមើលមុខ និងអង្រួនខ្លួនកូន កូននឹងពន្យារចង្វាក់ការឈប់បៅនោះកាន់តែយូរទៅ ព្រោះគេកំពុងទទួលដឹង និងព្យយាមទំនាក់ទំនងជាមួយអ្វីដែលគេបានដឹងមក(គឺការនិយាយ ការអង្រួនពីម្ដាយ)។
  3. បរិមាណការបៅទឹកដោះរបស់ទារកទាំង 2ក្រុម ស្មើគ្នា(ចង់អង្រួន ឬមិនអង្រួន ក៏មិនបានបៅទឹកដោះច្រើនជាងគ្នាប៉ុន្មានដែរ)។
  4. ការនិយាយជាមួយកូនខណៈពេលកូនកំពុងបៅទឹកដោះផង(ជាពិសេសបៅដោះម្ដាយ)នឹងធ្វើឱ្យកូនមិនគេងលក់លើទ្រូងម្ដាយច្រើនជាងបណ្ដោយឱ្យបៅទឹកដោះស្ងាត់ៗ។
  5. កូននឹងអាចចងចាំក្លិន និងសំឡេងរបស់ម្ដាយខ្លួនឯងបានក្នុងរយៈពេល 4-7ថ្ងៃ រាប់ចាប់ពីថ្ងៃកើតមកដំបូង។
  6. រឹតតែលោកអ្នកនិយាយជាមួយកូនច្រើនប៉ុនណាពេលកូនកំពុងបៅទឹកដោះ កូននឹងរឹតតែសម្លឹងមើលមុខលោកអ្នកច្រើនឡើង និងយូរឡើង។ កូននឹងទទួលដឹង និងជ្រួតជ្រាបពីសេចក្ដីស្រឡាញ់ ចំណងសម្ព័ន្ធភាពដែលអ្នកមានដល់កូនខ្លាំងឡើង។ ពេលកើតដំបូង ទារកនឹងមើលឃើញតែពណ៌ស ខ្មៅ ប្រផេះ និងអាចសម្រួលហ្វូខាស់បានត្រឹមតែ 25សង់ទីម៉ែត្រប៉ុណ្ណោះ ហ្នឹងហើយទើបធ្វើឱ្យគេចងចាំ និងទទួលដឹងថា គេមានអ្នកដែលនៅចាំមើលថែទាំ និងស្រឡាញ់គេខ្លាំងប៉ុនណា ទើបមិនមែនជារឿងប្លែកឡើយដែលកូននឹងជាប់ចិត្តលើម្ដាយខ្លាំងជាង និងឆាប់ចងចាំមុខឪពុកម្ដាយបានលឿន។

ក្រៅពីនោះ នៅក្នុងលទ្ធផលនៃការសាកល្បងនោះបានធ្វើឱ្យយើងដឹងទៀតថា ការនិយាយជាមួយកូន ការអង្រួនខ្លួនកូនថ្នមៗខ្លះៗខណៈពេលគេកំពុងបៅទឹកដោះនោះ ឪពុកម្ដាយខ្លួនឯងក៏បានទទួលនូវអារម្មណ៍ឆ្អែតពេញចិត្ត សុខ និងរំភើបចិត្តដែលមិនអាចរកពីទីណាបានទៀតឡើយ ដូច្នេះហើយ ពេលដែលកូនបៅទឹកដោះលើកក្រោយទៀត កុំភ្លេចនិយាយលេងជាមួយកូនឱ្យបានច្រើនៗណា៎…៕

Advertisement