វិធីធ្វើឲ្យទារកទើបនឹងកើតឆាប់ចំណាំមុខយើងបាន

តើប្រិយមិត្តអ្នកអានធ្លាប់នឹកឆ្ងល់ដែរទេថា តើទារកដែលទើបនឹងកើតអាចសម្លឹងមើលបានឆ្ងាយប៉ុនណា? និងតើទារកចូលចិត្តសម្លឹងមើលអ្វីជាពិសេសដែរឬទេ? លេខនេះទស្សនាវដ្តី ឡា​រ៉ែន មានលទ្ធផលនៃការស្រាវជ្រាវវិភាគមួយដែលបញ្ជាក់ប្រាប់យើងបានអំពីចម្ងល់ទាំងអស់ខាងលើនេះ ៖

បន្ទាប់ពីទារកបានប្រសូតចេញមកហើយ ជាប្រក្រតីទារកអាចសម្លឹងឃើញវត្ថុផ្សេងៗបានក្នុងចម្ងាយ 1​ ហ៊្វុត និង​អាចសម្លឹងមើលមួយកន្លែងបានយូរប្រមាណជា 4 – 10 វិនាទី ហើយការវិវឌ្ឍន៏ទៅមុខនៃការមើលឃើញរបស់ទារកនោះអាចរៀបរៀងជាតំណាក់កាលបានដូចតទៅ ៖

  • ទារកទើបនឹងកើតអាចចំណាំមុខឪពុកម្តាយបានក្រោយពេលកើត 4 ថ្ងៃ
  • លុះអាយុបាន​ 1​ខែ ទារកអាចមើលឃើញរបស់របរផ្សេងៗបានក្នុងចម្ងាយ 15 អ៊ីញ ហើយដៃចាប់ផ្តើមឈោងទៅប៉ះវត្ថុដែលខ្លួនមើលឃើញនោះ
  • ពេលទារកអាយុបាន​ 3 ខែ ចាប់ផ្តើមចេះបែងចែករយះចម្ងាយ ឆ្ងាយ ជិតបាន ហើយពេលអាយុ 4 ខែ ទារកអាចសំរួលការមើលឃើញរបស់ខ្លួនបានយ៉ាងពេញលេញ ។

សំនួរដែលជួបប្រទះញឹកញាប់ : តើទារកចូលចិត្តសម្លឹងមើលអ្វីខ្លាំងបំផុត?

មានលទ្ធផលនៃការស្រាវជ្រាវវិភាគរបស់​ Dr. Robert Fantz អ្នកស្រាវជ្រាវផ្នែកការប្រព្រឹត្តរបស់ទារកដែលបាន​សឹក្សា​​​​រឿងតើទារកចូលចិត្តសម្លឹងមើលអ្វី និងបានធ្វើការសាកល្បងរហូតទទួលបានលទ្ធផលដ៏គួរឲ្យចាប់អារម្មណ៏ដូចតទៅ ៖

  1. ទារក ចូលចិត្តសម្លឹងផ្ទៃមុខរបស់ឪពុកម្តាយដែលបង្ហាញនូវសេចក្តីស្រឡាញ់ ភាពទន់ភ្លន់ ព្រោះពេលដែល​ទារក​​សម្លឹងមើលនោះ ទារកនឹងសម្លឹងត្រង់ចំកែវភ្នែករបស់ឪពុក និងម្តាយ ព្រោះស្នាមញញឹម និងខ្សែភ្នែកដ៏ស្រទន់របស់​ឪពុកម្តាយបានបង្កើតនូវភាពកក់ក្តៅដល់ទារក ។
  2. ទារកចូលចិត្តសម្លឹងមើលវត្ថុដែលមានចលនាច្រើនជាងវត្ថុដែលនៅស្ងៀម ។
  3. ទារកចូលចិត្តសម្លឹងមើលវត្ថុដែលមានពណ៌ផ្ទុយគ្នាយ៉ាងច្បាស់ៗ ដូចជា ពណ៌សផ្ទុយគ្នានឹងពណ៌ខ្មៅ…ល…។

តើយើងអាចជួយជំរុញការវិវឌ្ឍន៏ប្រព័ន្ធការមើលឃើញរបស់កូនតូចបានតាមរបៀបណា?

ទិចនិកងាយៗដែលឪពុកម្តាយអាចជួយជំរុញការវិវឌ្ឍន៏របស់កូនបានមានដូចខាងក្រោម ៖

  1. ព្យាយាមមើលមុខកូនឲ្យបានញឹកញាប់ ព្រោះកែវភ្នែករបស់មនុស្សមានរាងមូល និងមានភាពផ្ទុយគ្នាយ៉ាង​ច្បាស់រវាងភ្នែកពណ៌ស​និងប្រស្រីភ្នែកពណ៌ខ្មៅ ហើយដែលសំខាន់បំផុតគឺ កែវភ្នែកអាចរំកឹលទៅឆ្វេងស្តាំលើក្រោមបាន​ទៀតផង ។
  2. ផ្លាស់ផ្តូរឥរិយាបទតំណេករបស់កូន ដើម្បីឲ្យទារកបានមើលឃើញសភាពជុំវិញខ្លួនដែលមានការប្រែប្រួល ។
  3. រករូបថតមុខឪពុកម្តាយមកដាក់ក្បែរៗកន្លែងគេងរបស់កូន ដើម្បីឲ្យកូនបានឃើញ និងចំណាំមុខបានកាន់តែឆាប់ឡើង ។
  4. ព្យួររបស់ផ្សេងៗដូចជា រូបបក្សីក្រដាស់ ជាដើមក្នុងចំណុចដែលទារកអាចមើលឃើញ និងលូកដៃចាប់ប៉ះបាន
  5. ព្យយាមលេងជាមួយកូនឲ្យបានញឹកញាប់ ដូចជាឲ្យកូនមើលរូបខ្លួនឯងនៅក្នុងកញ្ចក់ព្រមទាំងនិយាយលេងជាមួយកូនផង ។

ហ្វឹកហាត់ការមើលដល់កូនតាំងពីកំណើតបែបនេះ ដល់ពេលធំឡើងនឹងក្លាយជាមនុស្សដែលមានខ្សែភ្នែកមុតស្រួចមិនខាន ៕

ដោយបំណង និងក្តីប្រាថ្នាដ៏ល្អពីទស្សនាវដ្តី ឡា រ៉ែន…។

Advertisement