អាការ 5យ៉ាងពេលកូនឈឺ ដែលឪពុក-ម្ដាយត្រូវឧស្សាហ៍សង្កេតមើល

ខណៈពេលកូននៅជាទារក មានរឿងមួយដែលឪពុក-ម្តាយមិនចង់ឱ្យកើតឡើងចំពោះកូនសោះនោះគឺ ការឈឺថ្កាត់ ព្រោះក្រៅពីធ្វើឱ្យកូនតូចយំរករឿងច្រើន ព្រោះមិនស្រួលនៅក្នុងខ្លួនហើយនោះ កូនថែមទាំងមិនអាចនិយាយប្រាប់ពីអាការរបស់គេឱ្យឪពុក-ម្ដាយដឹងថា ឈឺចាប់នៅត្រង់ណា ឬមាន​អារម្មណ៍ពិបាកយ៉ាងណាបានឡើយ ដូច្នេះមានវិធីតែមួយគត់ដែលឪពុក-ម្ដាយអាចដឹងបាន គឺការសង្កេតមើលហ្នឹងឯង។

-ញ៉ាំតិច ឬមឹមទឹកដោះតិចជាងមុន

ធ្លាប់តែពូកែញ៉ាំ មឹមបានច្រើន ស្រាប់តែញ៉ាំបានតិច ឬស្ទើរតែមិនញ៉ាំសោះទៅវិញ នេះគឺជាអាការចាប់ផ្តើមរបស់ការឈឺថ្កាត់ហើយ…ចូរព្យាយាមបញ្ចុកទឹកដោះ ឬទឹកឱ្យកូនមឹមឱ្យបានញឹកញាប់ (ចង់ឱ្យចឹបៗពីស្លាបព្រា ឬបឺតពីដបក៏បាន)។ ការឱ្យមឹមទឹកដោះ និងទឹកញឹកញាប់នេះនឹងជួយឱ្យរាងកាយរបស់កូនមិនបាត់បង់ជាតិទឹក។

សង្កេតមើលបន្ថែម

គួរសង្កេតមើលផងថា តើនៅខាងក្នុងមាត់កូនមានអ្វីខុសប្រក្រតីឬទេ? ដូចជា តើមានដំបៅលើអណ្តាត ឬសាច់ថ្ពាល់ខាងក្នុង ឬ​ក៏អត់? ព្រោះការមានដំបៅ ឬពងបែកនៅក្នុងមាត់ក៏ជាមូលហេតុមួយដែលធ្វើឱ្យកូនមិនព្រមបៅទឹកដោះ ឬញ៉ាំអាហារដែរ តែបើមិន​ប្រាកដក្នុងចិត្តចំពោះបញ្ហាដែលកើតឡើងនេះទេ គួរនាំកូនតូចទៅជួបគ្រូពេទ្យដើម្បីពិនិត្យរកមើលមូលហេតុ និងរក្សាព្យាបាលយ៉ាងត្រឹមត្រូវជាបន្ត។

-ក្តៅខ្លួន

សីតុណ្ហភាពក្នុងរាងកាយលើស 37អង្សាC គឺជាសញ្ញាដាស់តឿនថា រាងកាយកំពុងឈឺថ្កាត់ហើយ។ រាងកាយរបស់កូនផ្ទាល់ក៏មានភាព​ស៊ាំប្រឆាំង​នឹងជំងឺ ដែលមានតួនាទីប្រឆាំងមេរោគនៅក្នុងគ្រប់ផ្នែកនៃរាងកាយ និងបណ្តេញសារធាតុមិនល្អ ឬជាតិពុលរបស់មេរោគឱ្យ​ចេញ​ពីរាងកាយយ៉ាងឆាប់រហ័សដែរ ដូច្នេះនៅពេលអវយវៈគ្រប់ផ្នែករបស់រាងកាយរបស់កូនធ្វើការកាន់តែខ្លាំងឡើង នោះជាមូលហេតុដែលធ្វើឱ្យក្តៅខ្លួនហ្នឹងឯង។

សង្កេតមើលបន្ថែម

បើកម្ដៅខ្លួនឡើងខ្ពស់(លើស 38អង្សាC) ជាប់ៗគ្នារយៈពេល 24ម៉ោង អាចនឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ចំពោះក្មេងតូចខ្លះអាចនឹង​ប្រកាច់បាន ជាពិសេសចំពោះឪពុក-ម្តាយណាដែលធ្លាប់មានប្រវត្តិប្រកាច់កាលពីនៅតូចៗ អាការនោះអាចនឹងកើតចំពោះកូនតូចរបស់យើងបាន។ ដូច្នេះពេលកូន​ចាប់ផ្តើមក្តៅខ្លួន ចូរបញ្ចុះកម្ដៅដោយការឧស្សាហ៍ជូតខ្លួនឱ្យកូនដោយកន្សែងត្រជាក់ និងកត់ត្រាសីតុណ្ហភាពចំណាំទុកផង។ បើកម្ដៅមិនថយចុះ ឬកាន់តែខ្ពស់ឡើង ត្រូវប្រញាប់នាំកូនទៅមន្ទីរពេទ្យជាបន្ទាន់។

-មានស្លេស្ម៍

គឺជាអាការដែលកើតឡើងនៅពេលដែលរាងកាយឆ្លងមេរោគខាងប្រព័ន្ធដកដង្ហើម រហូតមានការជំរុញឱ្យសាច់ភ្នាសក្នុងប្រព័ន្ធដង្ហើមសាងស្លេស្ម៍ឡើង ហើយនឹងបាត់ទៅវិញបន្តិចម្តងៗ ដោយអាចកើតឡើងបានទាំងក្មេងតូច រហូតដល់ក្មេងធំ។ ស្លេស្ម៍ ឬសេម្ហៈនេះមិនមែនជាដើមហេតុរបស់ការកើតជំងឺទេ។ បើកើតក្នុងរយៈពេល 2 – 3ថ្ងៃ ហើយអាការល្អឡើងវិញជា​បណ្តើរៗនោះ ក៏អាចទុកចិត្តបានថា កូនតូចគ្រាន់តែផ្តាសាយធម្មតាទេ មិនបានឈឺធ្ងន់ធ្ងរអ្វីឡើយ។

សង្កេតមើលបន្ថែម

បើកូនតូចមានស្លេស្ម៍ព្រមជាមួយអាការផ្សេងទៀតដែរនោះ វាអាចជាកត្តាបញ្ជាក់ថា នឹងមានជំងឺដូចជា ដកដង្ហើមញាប់ ឆ្អឹងជំនី ឬដើម​ទ្រូងប៉ោងឡើងពេលដកដង្ហើម បាត់មាត់បាត់ក លែងសើចញញឹមស្រស់ស្រាយដូចមុន ស្រែកយំ រករឿង មិនព្រមបៅទឹកដោះ ឬមានក្អួតទៀតផងនោះ អ្នកម្តាយអាចសន្និដ្ឋានក្នុងរយៈដំបូងបានថា កូនអាចមិនមែនគ្រុនផ្តាសាយធម្មតាទេ ដូច្នេះត្រូវប្រញាប់នាំកូនទៅជួបគ្រូពេទ្យដើម្បី​ពិនិត្យ និងព្យាបាលជាបន្ទាន់។

-ក្អក

អាការក្អក គឺជាការកម្ចាត់មេរោគ និងវត្ថុចម្លែកចេញពីរាងកាយ។ អាចជួបប្រទះនៅលើកូនតូច ដោយសារតែភាពស៊ាំនឹង​ជំងឺ​ដែលបានមកពីម្តាយថយចុះ ធ្វើឱ្យកូនមានឱកាសទទួលមេរោគកាន់តែងាយឡើង។ បើមានអាការក្អកជាប់ៗគ្នាច្រើនជាង 2 សប្តាហ៍ អាចក្លាយជាជំងឺក្អករ៉ាំរ៉ៃ ដែលជាមូលហេតុធ្វើឱ្យកូនតូចក្តៅខ្លួនបាន។

សង្កេតមើលបន្ថែម

នៅក្នុងវ័យ 1ខួបដំបូង រយៈពេលមានក្អកដំបូងមិនគួរប្រើថ្នាំបំបាត់អាការក្អកទេ តែគួរឱ្យកូនញ៉ាំទឹកក្តៅឧណ្ហៗឱ្យបានញឹកញាប់ វានឹងជួយឱ្យ​ស្លេស្ម៍មិនស្អិត និងបើកូនក្អក ហើយក្អែស្លេស្ម៍ចេញមកដែរនោះ អាការកូននឹងបានធូរស្រាលឡើង តែអ្វីដែលសំខាន់នោះ គឺគួរឱ្យកូនតូចគេងសម្រាក​ឱ្យ​បាន​​គ្រប់គ្រាន់ និងស្លៀកពាក់ខោអាវណាដែលផ្តល់នូវភាពកក់ក្តៅដល់រាងកាយផង។

-សំឡេងដង្ហើម

ការដែលកូនគេងដកដង្ហើមឮសូរខ្លាំង មូលហេតុភាគច្រើនគឺបណ្តាលមកពីការវិវឌ្ឍរបស់អវយវៈក្នុងប្រព័ន្ធដកដង្ហើម ដូចជាបំពង់ខ្យល់នៅមិនទាន់វិវឌ្ឍបានពេញលេញពេលកូនគេងផ្ងារ ឬក្មេងខ្លះដែលសន្ទះសាច់ខ្ចីនៅផ្នែកខាងមុខ​របស់ផ្លូវ​ដង្ហើម​នៅមិន​ទាន់​រឹងមាំ រួមទាំងក្រពេញទឹករងៃមួយប្រភេទឈ្មោះថា “ក្រពេញAdenoid” ដែលនៅក្នុងបរិវេណនោះធ្លាក់ចុះទៅ​បាំងផ្លូវ​ដង្ហើម ទើបធ្វើ​ឱ្យកូនដកដង្ហើមហើយឮសូរខ្លាំង តែនៅពេលសន្ទះសាច់ខាងមុខបំពង់ខ្យល់រឹងមាំឡើង រួមនឹងក្រពេញAdenoidក៏រួមតូចដែរនោះ សំឡេងដកដង្ហើមនោះក៏នឹងបាត់ទៅវិញដែរ។

សង្កេតមើលបន្ថែម

ក្នុងករណីដែលមានភាពខុសប្រក្រតី ដូចជា ដកដង្ហើមឮសូរខ្លាំង មានបបូរមាត់ពណ៌ខៀវជាំ ក្រចកឡើងពណ៌ស្វាយ នោះបញ្ជាក់ឱ្យដឹងថា កូនអាចមានបញ្ហារឿងការដកដង្ហើមមិនស្រួល ឬអាចមានអ្វីមួយមកជាប់ ឬឃាំងផ្លូវដង្ហើម អ្នកម្តាយគួរពិនិត្យមើលបំពង់ក និងច្រមុះ ហើយ​​​​បើមិនឃើញមានអ្វីខុសប្រក្រតី តែនៅតែមានអាការនោះដដែល ចូរប្រញាប់នាំកូនតូចទៅជួបគ្រូពេទ្យភ្លាមកុំបង្អង់យូរ ។

អ្វីដែលអាចការពារមិនឱ្យបញ្ហារឿងសុខភាពរបស់កូនធ្លាក់ចុះធ្ងន់ធ្ងរ ក្លាយជាបញ្ហាធំបាននោះគឺ ការដែលអ្នកម្តាយចេះ​សង្កេតមើលហ្នឹងឯង៕

Advertisement