ត្រៀមខ្លួនបន្តិចមុននឹងមានគភ៌…

ការរៀបចំផែនការគ្រួសារ គឺការត្រៀមខ្លួនទាំងស្វាមី និងភរិយាក្នុងការរស់នៅជាជីវិតគូជាមួយគ្នា ដោយសារតែទាំងពីរខាងមកពីក្រុមគ្រួសារដែលផ្សេងពីគ្នា ការរស់នៅផ្ទាល់ខ្លួនក៏ច្បាស់ជាមិនដូចគ្នាដែរ ទោះជាស្រឡាញ់គ្នាក្នុងអំឡុងពេលជាគូស្នេហ៍ខ្លាំងប៉ុនណាក៏ដោយ តែនៅពេលដែលអ្នកទាំងពីរត្រូវមករស់នៅរួមគ្នាស្ទើរតែពេញ 24ម៉ោងនោះ ធ្វើឱ្យទាំងពីរនាក់ត្រូវតែមានការសម្របសម្រួលខ្លួន និងរៀបផែនការជីវិតរួមគ្នា។ ក្រៅពីនោះ បើគូស្វាមីភរិយាណាចង់បានបុត្រភ្លាមៗក្រោយពេលរៀបការហើយ ការរៀបផែនការគ្រួសាររឹតតែមានភាពចាំបាច់ និងមានភាពសំខាន់ខ្លាំងទៅទៀត និងបើសិនជាគូស្នេហ៍ណាដែលមិនទាន់ត្រៀមខ្លួនក្នុងការមានបុត្រ ការរៀបផែនការគ្រួសារ ក៏អាចរាប់បានថា ជាបច្ច័យសំខាន់បំផុតក្នុងការធ្វើឱ្យការគ្រងជីវិតគូអាចរស់នៅរួមគ្នាយ៉ាងមានសេចក្ដីសុខយូរអង្វែងបានដែរ។ ថ្ងៃនេះអ្នកគ្រូ ឆវី នឹងមកណែនាំពីការរៀបចំផែនការគ្រួសារលើផ្នែកការមានបុត្រថា តើមានភាពសំខាន់យ៉ាងណាខ្លះ ដូចខាងក្រោម…។

ការមានបុត្រនៅពេលដែលអ្វីៗត្រូវបានរៀបចំហើយនោះ អាចរាប់បានថា ជាការត្រៀមខ្លួនដ៏ល្អរបស់គ្រួសារ។ ការត្រៀមខ្លួនរៀបផែនការក្នុងការមានបុត្រ ត្រូវប្រកបដោយ 2ចំណុចធំៗ ៈ

1 . ភាពត្រៀមរួចជាស្រេចលើផ្នែករាងកាយរបស់ឪពុកម្ដាយ

សុខភាពគួរតែរឹងមាំទាំងពីរនាក់។ ទាំងឪពុក និងម្ដាយគួរត្រៀមរាងកាយឱ្យព្រមជាស្រេច ក្រៅពីនោះ គួរតែបានទទួលការពិនិត្យឈាមថា មិនមានកើតជំងឺ ឬរោគាអ្វីដែលអាចនឹងហុចផលប៉ះពាល់បន្តទៅដល់កូន។ បើអ្នកណាម្នាក់មានជំងឺ ឬរោគអ្វីមួយ គួរតែប្រឹក្សាគ្រូពេទ្យមុននឹងសម្រេចចិត្តមានបុត្រ ដើម្បីឱ្យកូនកើតមកមិនចាំបាច់ឈឺថ្កាត់ព្រោះតែឆ្លងរោគពីឪពុកម្ដាយ។ រោគដែលឪពុកម្ដាយសម័យថ្មីគួរតែត្រូវបានពិនិត្យមុនពេលចង់បានបុត្រនោះគឺ រោគលោហិត ប្រភេទ ថាឡាស់សេមៀរ( Thalassemia ជារោគខាងលោហិតដែលឆ្លងបន្តតាមពូជកំណើត) រួមទាំងជំងឺឆ្លងខាងផ្លូវភេទផ្សេងៗទៀត។

ក្រៅពីនោះស្រ្តីមានគភ៌គួរតែបានទទួលទានវីតាមីន ហ្វូលេត ឱ្យបានគ្រប់គ្រាន់ ព្រោះហ្វូលេតមានចំណែកជួយក្នុងការសាងផ្នែកប្រព័ន្ធប្រសាទរបស់កូន។ បើខ្វះហ្វូលេត ឱកាសដែលកូននឹងកើតមកពិការមានខ្ពស់គួរឱ្យពិចារណា។ ស្រ្តីជាភរិយាថ្មីថ្មោងដែលត្រៀមខ្លួនមានគភ៌ គួរតែទទួលទានហ្វូលេតឱ្យបានគ្រប់គ្រាន់មុនពេលតាំងគភ៌ ដោយអាចទទួលបានពីការញ៉ាំបន្លែស្លឹកបៃតង ដូចជា ខាត់ណា ប្រូខូលី រួមទាំងថ្លើមសត្វផងដែរ។ បើមិនប្រាកដក្នុងចិត្តថា នឹងបានទទួលហ្វូលេតគ្រប់ ឬយ៉ាងណានោះ គួរតែប្រឹក្សាជាមួយគ្រូពេទ្យជាមុន។

2 .ភាពត្រៀមរួចជាស្រេចលើផ្នែកហិរញ្ញវត្ថុ និងពេលវេលា

ការមានបុត្រ 1នាក់ ត្រូវចំណាយប្រាក់ និងពេលវេលាច្រើនឡើងក្នុងការមើលថែទាំ ទម្រាំនឹងកូនធំធាត់ឡើងរហូតអាចពឹងពាក់លើខ្លួនឯងបាន។ ការចាយវាយតាំងពីចាប់ផ្ដើមតាំងគភ៌ រហូតដល់ក្រោយប្រសូត ទាំងថ្លៃអាហារការហូបចុក សម្លៀកបំពាក់ វត្ថប្រើប្រាស់ រួមទាំងប្រាក់បម្រុងបន្ទាន់ដែលត្រូវត្រៀមទុកក្នុងករណីឈឺថ្កាត់ផង។ អ្វីទាំងអស់នេះសូមឱ្យលោកឪពុកអ្នកម្ដាយថ្មោងថ្មីត្រូវគិត និងត្រៀមឱ្យរួចជាស្រេច ក្រៅពីនោះ រឿងពេលវេលាដែលយើងអាចនឹងលះបង់ដល់កូនក្នុងការមើលថែទាំក៏ជារឿងមួយសំខាន់ខ្លាំងដែរ។ កំលោះ-ក្រមុំជាច្រើនគូមិនបានត្រៀមខ្លួនទុកជាមុន ដល់ពេលមានបុត្រ ក៏គ្មានពេលវេលាក្នុងការចិញ្ចឹមថែទាំ បណ្ដោយឱ្យក្លាយជាបន្ទុករបស់សាច់ញាតិ ឬមេដោះមកចិញ្ចឹមមើលថែជំនួស។ រឿងទាំងអស់នេះនឹងធ្វើឱ្យកូនកើតមកមិនបានទទួលសេចក្ដីស្រឡាញ់ និងភាពកក់ក្ដៅពីឪពុកម្ដាយតាមដែលគួរបានទទួល រួមទាំងការអភិវឌ្ឍផ្សេងៗដែលគួរតែបានទទួលការជំរុញអំពីឪពុកម្ដាយផ្ទាល់ផងនោះ នឹងធ្វើឱ្យក្មេងមានវិវឌ្ឍនាការយឺតយ៉ាវ និងមានសុខភាពផ្លូវចិត្តដែលយ៉ាប់យ៉ឺនជាងក្មេងដែលក្រុមគ្រួសារមានពេលវេលាឱ្យគ្នាទៅវិញទៅមក។

ចំណែកឯវិធីការមើលថែទាំកូនពេលនៅក្នុងផ្ទៃ ឬក្រោយពេលប្រសូត ឪពុកម្ដាយអាចសិក្សារៀនសូត្រជាបណ្ដើរៗក្នុងអំឡុងពេលដែលភរិយាចាប់ផ្ដើមតាំងគភ៌បាន។ “បើគូស្វាមីភរិយាណាមានការត្រៀមខ្លួន និងរៀបចំផែនការគ្រួសារយ៉ាងល្អក្នុងរឿងទាំង 2ចំណុចខាងលើនោះហើយ ភាគច្រើននៅពេលកូនកើតមក បញ្ហាផ្សេងៗច្រើនតែអាចដោះស្រាយបានយ៉ាងងាយ”៕

Advertisement