ហោះហើរដើរលេងសប្បាយ តាមនិស្ស័យអ្នកម្ដាយពពោះ

រៀបផែនការប្រុងទៅហាន់នីមូនលើកទី2 ជាមួយស្វាមីជាច្រើនខែមកហើយ និងសង្ស័យប្រហែលជាបេប៊ីចង់ទៅដើរលេងដែរហើយមើលទៅ ទើបមកចាប់កំណើតចំពេលហ្នឹងតែម្ដង តែក៏មិនខូចផែនការដែរ…សុំពេលឱ្យម៉ាក់ត្រៀមខ្លួនថែមបន្តិច ម៉ាក់នឹងនាំកូន(ក្នុងផ្ទៃ)ហោះទៅដើរលេងជាមួយដែរមិនខាន។

អ្នកជំនាញខាងសរសេរអត្ថបទស្រ្តីមានផ្ទៃពោះ និងទារកបានគាំទ្រថា “អ្នកនឹងគ្មានថ្ងៃបានធ្វើដំណើរយ៉ាងងាយស្រួល និងមានសេចក្ដីសុខស្មើនឹងពេលនេះទៀតឡើយ ដូច្នេះចូរទៅដើរលេងសម្រាកកម្សាន្ត និងធ្វើឱ្យខ្លួនឯងមានសេចក្ដីសុខ ខណៈដែលគ្រប់យ៉ាងនៅល្អប្រសើរ(ពោះនៅតូច)នៅឡើយ” បើអ្នកគ្មានចំណុចអ្វីគួរឱ្យប្រយ័ត្នប្រយែងដែលនឹងធ្វើឱ្យមិនគួរធ្វើដំណើរដោយយន្តហោះ ដូចជា សភាវស្បូនធ្លាក់ចុះទាបមាត់ស្បូនយារ ឬមានប្រវត្តិធ្លាប់រំខានដោយការរលូតបុត្រនោះ ក៏ទៅប្រឹក្សាគ្រូពេទ្យសម្ភពផ្ទាល់ខ្លួនម្ដងទៀត រួចហើយត្រៀមខ្លួនហោះទៅដើរលេងកម្សាន្តបានតែម្ដង។

អំឡុងពេល

ប៉ាន់ប្រមាណអំឡុងពេលហោះហើរទៅដើរលេងកម្សាន្តក្នុងចន្លោះត្រីមាសទី 2 ព្រោះស្រ្តីមានគភ៌ភាគច្រើននឹងចាប់ផ្ដើមស៊ាំធ្លាប់នឹងការមានគភ៌ហើយ អាការចាញ់កូនក៏ធូរស្រាលចុះ ថែមទាំងក្បាលពោះក៏នៅមិនទាន់ធំ និងធ្ងន់រហូតទៅណាមកណាលំបាក ឬប្រថុយប្រថាននឹងការប្រសូតមុនកំណត់ដូចត្រីមាសទី 3ដែរ(ក្រុមហ៊ុនអាកាសចរណ៍ភាគច្រើនៗតែហាមបម្រើសេវាហោះហើរឆ្លងប្រទេសសម្រាប់ស្រ្តីតាំងគភ៌ចាប់ពី 28 – 30សប្ដាហ៍ឡើងទៅ)។

ប្រវត្តិ/ធានាសុខភាព

ស្រ្តីមានគភ៌គួរដាក់សៀវភៅប្រវត្តិការតាមដានផ្ទៃពោះតាមខ្លួនទៅជាមួយផង ដើម្បីក្រែងលោឈឺថ្កាត់អ្វី នឹងបានយកប្រវត្តិនោះទៅឱ្យគ្រូពេទ្យនៅក្នុងប្រទេសដែលខ្លួនទៅសម្រាកកម្សាន្តនោះពិនិត្យមើលដើម្បីប្រកបក្នុងការវិនិច្ឆ័យ និងបើគ្មានពេលរៀបចំទេនោះ គួរយកលេខទូរស័ព្ទរបស់លោកគ្រូពេទ្យដែលពិនិត្យគភ៌ជាប្រចាំទៅជាមួយផងក៏បាន។

ជ្រើសរើសកៅអីអង្គុយ

កៅអីអង្គុយជាប់ផ្លូវដើរ ជាជម្រើសដែលស័ក្តិសមបំផុត ព្រោះស្រ្តីមានគភ៌នឹងត្រូវក្រោកទៅចូលបន្ទប់ទឹកញឹកញាប់ជាងមនុស្សឯទៀត(ខានទស្សនាទេសភាពដែលអង្គុយនៅជាប់មាត់បង្អួចសិនទៅ) និងបើជ្រើសរើសបាន គួរជ្រើសរើសអង្គុយកៅអីជួរមុខដែលអាចសណ្ដូកជើងបានស្រួលផង។ នៅពេលអង្គុយលើកៅអីហើយ កុំភ្លេចបំពាក់ខ្សែក្រវាត់សុវត្ថិភាពក្រោមពោះផង។

ការពារអាការខ្វះជាតិទឹក

អាកាសធាតុនៅក្នុងយន្តហោះនឹងស្ងួតជាងប្រក្រតី ស្រ្តីមានគភ៌គួរការពារអាការខ្វះជាតិទឹកដោយការញ៉ាំទឹកឱ្យបានញឹកញាប់ តែបើសិនខ្លាចថាអ្នកបម្រើលើយន្តហោះដើរមកចាក់ទឹកឱ្យញឹកញាប់នោះ អ្នកអាចដាក់តាមខ្លួននូវបំពង់ទឹកតូចមួយក្នុងកាបូបស្ពាយទៅជាមួយ និងគ្រាន់តែសុំឱ្យបុគ្គលិកលើយន្តហោះជួយចាក់ទឹកឱ្យពេញទុកញ៉ាំក៏បាន។

ការពារប្រគ្រីវកាច់ / ហើមជើង

ស្លៀកសម្លៀកបំពាក់ណាដែលសប្បាយៗស្រួលខ្លួន ចៀសវាងខោណាដែលរឹតតឹងណែនភ្លៅ និងកំភួនជើង ដោះស្បែកជើងចេញ ហើយដាក់ជើងលើភ្នាក់ជើង ឬដាក់កាបូបធ្វើដំណើរនៅខាងក្រោមកៅអីខាងមុខ ហើយដាក់ជើងគងសម្រាកលើនោះក៏បាន។ ក្រោកឡើងដើរទៅ-មកនៅតាមផ្លូវដើរដើម្បីផ្លាស់ប្ដូរឥរិយាបថរៀងរាល់ 1ម៉ោងម្ដង និងសណ្ដូកជើងដើម្បីឱ្យយឺតសរសៃរៀងរាល់កន្លះម៉ោងម្ដង។ អ៎! កុំភ្លេចត្រៀមស្រោមជើងស្ដើងៗ ឬស្បែកជើងផ្ទាត់ទៅជាមួយទុកពាក់ដើរទៅ-មកផងក៏រឹតតែល្អទៅទៀត៕

Advertisement