នៅពេលខ្ញុំតាំងគភ៌ចូលដល់ខែទី 8

មកដល់ខែទី 8នេះ វិវឌ្ឍនាការរបស់ទារកនៅក្នុងគភ៌ ខ្លួននឹងវែងឡើងប្រមាណជា 18អ៊ិញ មានទម្ងន់ខ្លួនប្រមាណជា 2,000 – 2,500ក្រាម ក្បាលធំពេញទំហឹងហើយ។ ទារកអាចឮសូរសំឡេង និងមើលឃើញបានហើយ អវយវៈខាងក្នុងពេញលេញឥតខ្ចោះ និងចាប់ផ្ដើមធ្វើការហើយ លើកលែងតែសួតប៉ុណ្ណោះដែលនៅមិនទាន់ពេញលេញល្អ 100%។

ក្នុងខែទី 8នៃការតាំងគភ៌នេះ នឹងមានការប្រែប្រួលផ្សេងៗដែលអនាគតអ្នកម្ដាយអាចមានអារម្មណ៍ដឹងបានដូចតទៅ៖

– ទារកក្នុងគភ៌នឹងរើខ្លាំងឡើង និងទៀងពេលជាប់លាប់។

– អនាគតអ្នកម្ដាយអាចនឹងកើតមានអាការទល់លាមកញឹកញាប់ច្រើនឡើង។

– អាចមានអាការឈឺផ្សារក្នុងក្រពះ អាហារមិនរំលាយ និងហើមពោះ ជាដើម។

– ឈឺក្បាលម្ដងម្កាល ស្រវាំងភ្នែក និងអាចកើតខ្យល់គញឹកញាប់ទៀតផង។

– តឹងច្រមុះ អាចមានឈាមហូរចេញមកតាមច្រមុះ និងហ៊ឹងត្រចៀក។

– ងាយមានឈាមចេញមកតាមជើងធ្មេញជាងប្រក្រតី ពេលដុសសម្អាតធ្មេញ។

– កើតប្រគ្រីវកាច់នៅលើជើងញឹកញាប់។

– ហើមកជើង និងខ្នងជើង អាចមានហើមនៅលើមុខ និងដៃផងដែរ។

– រមាស់នៅលើស្បែកក្បាលពោះ។

– មានអាការឈឺខ្នង។

– មានអាការសរសៃឈាមត្បៀតនៅលើជើង។

– កើតឫសដូងបាតញឹកញាប់ ឬងាយកើតជាងប្រក្រតី។

– ដកដង្ហើមខ្លីៗ និងពិបាកដកដង្ហើម។

– គេងមិនលក់ ឬគេងលក់មិនពេញភ្នែក។

– ស្បូននឹងបង្រួញខ្លួនញឹកញាប់ជាងមុន។

– អ៊ីកអ៊ាក និងប្រថុយប្រថាននឹងការរអិលដួល គួរបង្កើនការប្រយ័ត្នប្រយែងឱ្យខ្លាំងជាពិសេស។

– មានទឹកដោះពណ៌លឿងៗហូរចេញមកពីក្បាលសុដន់។

– ឆាប់ភ្លេចច្រើនជាងមុន។

– រំភើប ញាប់ញ័រ និងវិតក្កកង្វល់។

រឿងដែលគ្រូពេទ្យអ្នកពិនិត្យគភ៌ចង់ឱ្យអ្នកធ្វើក្នុងអំឡុងខែនេះ មានដូចជា ៈ

  1. ថ្លឹងទម្ងន់ខ្លួន និងវាស់សម្ពាធឈាម។
  2. ពិនិត្យជាតិស្ករ និងសារធាតុស៊ុតសក្នុងទឹកមូត្រ។
  3. ស្ដាប់សំឡេងលោតរបស់បេះដូងរបស់ទារកក្នុងផ្ទៃ។
  4. ពិនិត្យមើលទំហំ និងរូបរាងរបស់ស្បូន ដោយការពិនិត្យបរិវេណក្បាលពោះ។
  5. កម្ពស់របស់ស្បូន។
  6. អាការហើមនៅលើដៃ និងជើង និងសរសៃឈាមត្បៀតនៅលើជើង។
  7. អាការខុសប្រក្រតីផ្សេងៗ(បើសិនជាមាន)

រឿងដែលត្រូវមើលថែទាំជាពិសេសនៅក្នុងខែនេះគឺ ៈ

  1. គួរចៀសវាងការធ្វើដំណើរផ្លូវឆ្ងាយ ដើម្បីការពារការប្រសូតមុនកាលកំណត់ ឬមិនអាចទំនាក់ទំនងជាមួយគ្រូពេទ្យអ្នកពិនិត្យថែទាំគភ៌បានទាន់ពេលវេលា។ បើសិនចាំបាច់មែនទែន គួរប្រឹក្សាគ្រូពេទ្យ និងសុំលិខិតធានាអំពីគ្រូពេទ្យថា អាចធ្វើដំណើរផ្លូវឆ្ងាយបាន ក្នុងករណីដែលត្រូវធ្វើដំណើរដោយយន្តហោះ និងក្នុងករណីដែលត្រូវធ្វើដំណើរដោយរថយន្ត មិនគួរបើកបរដោយខ្លួនឯងឡើយ។
  2. ជ្រើសរើសវិធីការប្រសូតបុត្រឱ្យស័ក្តិសមនឹងខ្លួនឯង។
  3. អាចនឹងកើតការបង្រួញ និងពង្រឹងខ្លួនរបស់ស្បូន ដែលនឹងកើតឡើងក្នុងអំឡុង 2 – 3ខែមុនប្រសូត។ ការពង្រឹងខ្លួនរបស់ស្បូននឹងមិនធ្វើឱ្យឈឺចាប់ខ្លាំងពេកទេ និងនឹងធូរស្រាលទៅវិញនៅទីបំផុត។ ចូរគេងសម្រាក ឬនៅស្ងៀមៗនឹងធ្វើឱ្យអាការឈឺចាប់ថយចុះ។ អាការនេះនឹងកើនខ្លាំងឡើងជារឿយៗរហូតទៅដល់ខែចុងក្រោយនឹងជាការឈឺដាស់តឿន និងនាំឆ្ពោះទៅរកការឈឺមែនទែន ដោយមានការបើកឡើងរបស់ស្បូនរួមជាមួយផងដែរ ដែលចុងក្រោយនឹងនាំទៅរកការប្រសូតជាស្ថាពរ៕
Advertisement