វីតាមីនបំប៉នមុនពេលប្រសូត សម្រាប់ស្រ្តីមានផ្ទៃពោះចាំបាច់ឬទេ?

វីតាមីនបំប៉នមុនពេលប្រសូតបុត្រ សម្រាប់ស្រ្តីមានគភ៌ ភាគច្រើនពេលទៅពិនិត្យគភ៌ជាមួយគ្រូពេទ្យ លោកគ្រូពេទ្យនឹងចែកឱ្យជាប្រចាំគ្រប់ពេល តែសម្រាប់ស្រ្តីមានគភ៌មួយចំនួនដែលមិនបានទៅជួបគ្រូពេទ្យតាមការណាត់ ឬមិនដែលបានចូលទៅឱ្យគ្រូពេទ្យពិនិត្យផ្ទៃពោះ ក៏គួរតែទទួលទានវិតាមីនបន្ថែមដែរ ដើម្បីបង្កើនប្រព័ន្ធប្រសាទ និងខួរក្បាលរបស់កូនតូច។ ក្នុងករណីដែលស្រ្តីមានគភ៌បានទទួលថ្នាំពីគ្រូពេទ្យហើយ តែបានទទួលតែថ្នាំប្រភេទខ្លះនោះ ស្រ្តីមានគភ៌អាចទទួលទានវីតាមីនបន្ថែមបាន។

សម្រាប់បរិមាណសារធាតុអាហារ ឬវីតាមីនដែលស្រ្តីមានផ្ទៃពោះគួរបានទទួលក្នុងមួយថ្ងៃ មានដូចតទៅ ៈ

– ហ្វូលេត 400-600មីក្រូក្រាម

– កាល់ស្យូម 250មីល្លីក្រាម

– សារធាតុដែក 30មីល្លីក្រាម

– អ៊ីយ៉ូដ 150មីល្លីក្រាម

– វីតាមីន B 22មីល្លីក្រាម

ហេតុអីបានស្រ្តីមានផ្ទៃពោះត្រូវញ៉ាំហ្វូលេត?

អាស៊ីតហ្វូលិកនៅក្នុងហ្វូលេត(វីតាមីន B9) ជាសារធាតុសំខាន់ចំពោះប្រព័ន្ធប្រសាទរបស់ទារកខ្លាំងណាស់ ព្រោះវាអាចជួយបង្កើនការធ្វើការងាររបស់កោសិកាប្រព័ន្ធប្រសាទ និងខួរឆ្អឹងកងខ្នងរបស់កូនបានយ៉ាងល្អ និងការពារជំងឺឆែបមាត់ និងពិការដៃជើងរបស់កូននៅក្នុងផ្ទៃម្ដាយបានទៀតផង។

ហេតុអីបានស្រ្តីមានផ្ទៃពោះត្រូវញ៉ាំកាល់ស្យូម?

ស្រ្តីមានផ្ទៃពោះចាំបាច់ត្រូវតែបានទទួលជាតិកាល់ស្យូមឱ្យបានគ្រប់គ្រាន់ចំពោះរាងកាយ ដោយសារតែកាល់ស្យូមមានចំណែកសំខាន់ក្នុងការធ្វើការងាររបស់កោសិកាផ្សេងៗនៅក្នុងរាងកាយ ជាពិសេសបំផុត ឆ្អឹង ធ្មេញ និងសាច់ភ្នាសផ្សេងៗ និងថែមទាំងត្រូវបានកូនតូចនៅក្នុងផ្ទៃទាញយកទៅប្រើដើម្បីសាង និងពង្រឹងឆ្អឹង រួមទាំងការអភិវឌ្ឍប្រព័ន្ធរបស់សាចដុំ ប្រព័ន្ធការពារជំងឺ និងប្រព័ន្ធផ្សេងៗរបស់រាងាកយឱ្យមានប្រសិទ្ធភាពរឹតតែខ្លាំងឡើងទៀតផង។

ហេតុអ្វីបានស្រ្តីមានផ្ទៃពោះត្រូវញ៉ាំសារធាតុដែក?

សម្រាប់សារធាតុដែកវិញ រាងកាយស្រ្តីមានផ្ទៃពោះចាំបាច់ត្រូវនាំយកទៅប្រើក្នុងការសាងសាច់ភ្នាសដើម្បីគាំទ្រដល់ការប្រែប្រួលខាងរាងកាយរបស់ខ្លួន។ ក្រៅពីនេះសារធាតុដែកដែលមាននៅក្នុងឈាមនឹងបំពេញតួនាទីក្នុងការដឹកជញ្ជូនអុកស៊ីហ្ស៊ែន និងសារធាតុអាហារទៅចិញ្ចឹមរាងកាយរបស់ម្ដាយ និងទារកដែលមានការរីកចម្រើនធំធាត់នៅក្នុងគភ៌ រួមទាំងសុកដែលកាន់តែធំឡើងជារឿយៗផងដែរ។ ក្នុងករណីដែលមានអាការខ្វះសារធាតុដែកខ្លាំង នឹងធ្វើឱ្យស្រ្តីមានគភ៌មានអាការទន់ល្វើយគ្មានកម្លាង ឆាប់ហត់ កើតសភាវស្លេកស្លាំង និងអ្នកខ្លះអាចមានអាការធ្ងន់ធ្ងរដល់ថ្នាក់រលូតបុត្រទៀតផង។

ហេតុអ្វីបានស្រ្តីមានផ្ទៃពោះត្រូវញ៉ាំជាតិអ៊ីយ៉ូដ?

អ៊ីយ៉ូដ ក៏ជាសារធាតុអាហារដែលចាំបាច់ដល់ការអភិវឌ្ឍខួរក្បាលរបស់កូននៅក្នុងផ្ទៃដូចគ្នា និងថែមទាំងជួយជំរុញទឹកដោះរបស់ម្ដាយ ជំរុញបេះដូងឱ្យធ្វើការល្អឡើង ជួយក្នុងការបន្ទោបង់ និងគ្រប់គ្រងការចែកចាយរបស់ទឹកទៅតាមអវយវៈផ្សេងៗ។ បើសិនស្រ្តីមានផ្ទៃពោះខ្វះសារធាតុអ៊ីយ៉ូដ នឹងធ្វើឱ្យកូនក្នុងផ្ទៃមានរាងកាយក្រិសក្រិន ខួរក្បាលរីកចម្រើនយឺត ពិការតាំងពីកំណើត និងមានសភាវមិនគ្រប់ទឹក ជាដើម។

ហេតុអ្វីបានស្រ្តីមានផ្ទៃពោះត្រូវញ៉ាំវីតាមីន B?

វីតាមីន B មានច្រើនប្រភេទ តែដែលយើងបានឮញឹកញាប់ និងមានប្រយោជន៍សម្រាប់ស្រ្តីមានផ្ទៃពោះនោះគឺ ពពួកវីតាមីន B1, B2, B6 និង B12 ព្រោះទាំងអស់នេះសុទ្ធតែមានចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធប្រសាទ និងខួរក្បាលរបស់ទារកទាំងអស់ និងថែមទាំងជួយក្នុងការផលិតគ្រាប់ឈាមក្រហម ធ្វើឱ្យទារកធំធាត់ឡើងតាមប្រក្រតី ហុចផលធ្វើឱ្យខួរក្បាលរបស់ទារកអភិវឌ្ឍបានយ៉ាងពេញទំហឹងទៀតផង៕

Advertisement