ត្រឹមត្រូវឬទេ ពាក្យដាស់តឿន និងរឿងហាមឃាត់របស់ចាស់បុរាណសម្រាប់អ្នកមានផ្ទៃពោះ?

សង្គមខ្មែរយើងមានជំនឿជាច្រើនជាមួយរឿងផ្សេងៗ រហូតដល់ជួនកាលយើងមិនបានស្វែងរកមូលហេតុថា តើជំនឿនោះមកពីណា? មានប្រភពយ៉ាងណា? និងមានហេតុផលអ្វី? មកធានាអះអាងលើជំនឿនោះឡើយ…តែយើងបាននាំយកមកប្រតិបត្តិតាម ក្លាយជាផ្នែកមួយក្នុងជីវិតរស់នៅ។ ជំនឿខ្លះមិនបានសាងនូវភាពខាតបង់ធ្ងន់ធ្ងរអ្វីទេ តែជំនឿខ្លះ វាជំទាស់នឹងការពិតដែលអាចពិសោធបាន រហូតអាចធ្វើឱ្យយើងខកខាននូវរឿងល្អៗ ឬក្លាយជាផលអាក្រក់សម្រាប់យើងក៏មាន ជាពិសេសជំនឿ និងចំណុចហាមឃាត់ពីបុរាណសម្រាប់ស្រ្តីមានផ្ទៃពោះ។ ថ្ងៃនេះ ឡារ៉ែនសូមនាំស្រ្តីមានផ្ទៃពោះទាំងឡាយមកស្វែករកការពិតពាក់ព័ន្ធនឹងជំនឿទាំងនោះថា តើហេតុអីបានគួរជឿ? ព្រោះថា ជំនឿដែលត្រឹមត្រូវគួរតែស្ថិតនៅលើមូលដ្ឋានចំណេះដឹងដែលត្រឹមត្រូវដូចគ្នា។

1 . ស្រ្តីមានផ្ទៃពោះ ហាមងូតទឹកពេលយប់ជ្រៅ ព្រោះនឹងធ្វើឱ្យមានទឹកភ្លោះច្រើន

ការពិត ៈ កាលពីសម័យបុរាណ បន្ទប់ទឹកត្រូវបានសង់នៅឆ្ងាយពីផ្ទះ ដូច្នេះទើបធ្វើឱ្យមនុស្សចាស់ខ្លាចអ្នកមានផ្ទៃពោះមានគ្រោះថ្នាក់រអិលដួល ឬរងគ្រោះថ្នាក់ពីសត្វចង្រៃដែលមានពិស ក៏ហាមស្រ្តីមានគភ៌មិនចេញពីផ្ទះនៅពេលយប់។

2 . អ្នកមានផ្ទៃពោះ ហាមដេរខោអាវ ៈ ការដេរប៉ះខោអាវក្នុងអំឡុងពេលតាំងគភ៌ នឹងធ្វើឱ្យកូនក្នុងផ្ទៃកើតមក ឆែបមាត់។

ការពិត ៈ ទារកកើតមក ឆែបមាត់ មួយចំនួនបណ្ដាលមកពីពូជអម្បូរ ឬការអភិវឌ្ឍខ្លួនរបស់តួកំណើតក្នុងអំឡុង 3ខែដំបូងមានភាពខុសប្រក្រតី រួមទាំងការដែលម្ដាយជក់បារីដែលហុចផលប៉ះពាល់ធ្វើឱ្យកូនក្នុងផ្ទៃឆែបមាត់។ សម្រាប់មូលហេតុពិតប្រាកដរបស់ការហាមឃាត់នេះ គឺជាការដាស់តឿនដែលចាស់បុរាណបារម្ភថា ស្រ្តីមានគភ៌អាចនឹងត្រូវប្រយ័ត្នប្រយែងក្នុងការធ្វើការបែបនេះ ព្រោះត្រូវអង្គុយធ្វើការយូរ ឱនងើបៗ ធ្វើឱ្យងាយកើតអាការវិលមុខ ឬការអង្គុយដេរ ក៏អាចនឹងមិនមែនជារឿងល្អសម្រាប់ស្រ្តីមានគភ៌ដែលមានសុខភាពមិនសូវល្អក៏អាចថាបានដែរ តែបើស្រ្តីមានគភ៌ចេះធ្វើការងារដោយក្ដីប្រយ័ត្នប្រយែង ចេះមើលថែទាំខ្លួនបានល្អ ក៏ប្រហែលជាគ្មានបញ្ហាអ្វីដែរ។

3 . អ្នកមានផ្ទៃពោះ ហាមទៅបុណ្យសព ៈ មានការដាស់តឿនសម្រាប់ស្រ្តីមានផ្ទៃពោះថា ហាមទៅចូលរួមពិធីបុណ្យសព ព្រោះបុរាណគេប្រកាន់ តែអ្នកខ្លះក៏អាចនឹងជឿដោយមិនបានស្វែងរកការពិតនៃពាក្យថា “ប្រកាន់” នេះ ចង់សំដៅលើអ្វីដែរ ព្រោះមានអ្នកខ្លះក៏ធ្លាប់បានឮរឿងទំនងដែលថា ខ្លាចខ្មោចចូល ជាដើមដែរ។

ការពិត ៈ បុណ្យសព គឺជាពិធីដែលសោកសង្រេង អ្នកចូលរួមពិធីក៏ច្រើនតែស្រងេះស្រងោចពីការបាត់បង់ញាតិមិត្តបងប្អូន ដូច្នេះបើអ្នកមានផ្ទៃពោះទៅចូលរួម ក៏អាចនឹងមានអារម្មណ៍សោកសៅ យំស្រែក និងតានតឹងអារម្មណ៍ទៅជាមួយដែរ ព្រោះក្នុងអំឡុងពេលតាំងគភ៌នេះ ស្រ្តីមានគភ៌គួរតែមានផ្លូវចិត្តដែលស្រស់ថ្លា រីករាយ ដូច្នេះហើយទើបចាស់ៗមិនចង់ឱ្យអ្នកមានផ្ទៃពោះមានអារម្មណ៍ពិបាកចិត្ត ធុញថប់តានតឹង ឬសោកសង្រេងហ្នឹងឯង។

4 . អ្នកមានផ្ទៃពោះ ហាមអង្គុយឃាំងមាត់ជណ្ដើរ ៈ ស្រ្តីមានគភ៌ហាមអង្គុយឃាំងមាត់ជណ្ដើរ មិនដូច្នោះទេ នឹងពិបាកប្រសូតបុត្រ។ ស្រ្តីមានគភ៌ណាបានឮហើយ តែងតែខ្លាចជាធម្មតា ព្រោះថា ការពិបាកប្រសូត មានន័យពីការឈឺពោះយូរ និងអាចមានគ្រោះថ្នាក់ផ្សេងៗកើតឡើង ជាពិសេសសម័យមុន ខាងវេជ្ជសាស្រ្តនៅមិនទាន់រីកចម្រើន។

ការពិត ៈ ផ្ទះខ្មែរក្នុងសម័យមុន ច្រើនតែជាផ្ទះមួយជាន់មានសសរខ្ពស់ៗ និងមានជណ្ដើរឡើងផ្ទះរាងចោត បើសិនទៅអង្គុយឃាំងមាត់ជណ្ដើរ ក៏អាចនឹងធ្លាក់ចុះទៅក្រោមនាំឱ្យមានគ្រោះថ្នាក់បានដោយងាយ ជាពិសេសស្រ្តីដែលមានគភ៌ធំៗដែលការទប់លំនឹងខ្លួនមិនសូវជាបានល្អផងនោះ រឹតតែមិនគួរទៅអង្គុយនៅទីនោះឡើយ ដែលនេះជាការហាមឃាត់មួយដែលគួរតែធ្វើតាម ឯហេតុផលដែលនិយាយថា អាចនឹងធ្វើឱ្យពិបាកប្រសូត ឬឈឺពោះយូរនោះ មិនមែនជាការពិតទេ។

5 . ហាមត្រៀមរបស់ប្រើប្រាស់របស់ទារកទុកមុន ៈ ជំនឿមួយនេះនៅតែមានអ្នកប្រតិបត្តិតាមនៅឡើយ ព្រោះនៅក្នុងជំនឿនេះបានឱ្យហេតុផលថា វាជាប្រផ្នូលមិនល្អ ដែលទោះជាអ្នកម្ដាយសម័យថ្មីហើយក៏ដោយ ក៏នៅតែមានអារម្មណ៍ថា ជឿៗទៅ វាប្រសើរជាង ព្រោះមិនចង់ឱ្យមានរឿងអ្វីមិនល្អកើតឡើងចំពោះកូនសម្លាញ់…។

ការពិត ៈ បើគិតតាមគោលការណ៍ហេតុ និងផលវិញនោះ ឃើញថាវាគ្មានពាក់ព័ន្ធគ្នាអីរវាងការត្រៀមរបស់ប្រើប្រាស់សម្រាប់ទារក ជាមួយនឹងសុខភាព ឬឧប្បត្តិហេតុអ្វីដែលអាចនឹងកើតឡើងក្នុងអំឡុងពេលប្រសូតនោះឡើយ តែជំនឿនេះប្រហែលជាបណ្ដាលមកពីការប្រសូតបុត្រកាលពីសម័យមុនដែលមានភាពប្រថុយប្រថានខ្លាំង ទើបចាស់ៗមិនចង់ឱ្យត្រៀមរបស់ប្រើប្រាស់សម្រាប់ក្មេងទុកឱ្យហើយប៉ុន្មានឡើយ ឬឪពុកម្ដាយអាចនឹងត្រេកអរនឹងកូនក្នុងផ្ទៃខ្លាំងពេក ធ្វើឱ្យត្រៀមរបស់របរសម្រាប់កូនច្រើនជ្រុលពេក លើសតម្រូវការ ដែលរបស់ខ្លះ ពេលកូនប្រសូតចេញមកហើយ អាចមិនទាំងបានប្រើផងក៏មាន ដូច្នេះហើយដើម្បីភាពសប្បាយចិត្ត ទើបចាស់ៗឱ្យត្រៀមតែរបស់ណាដែលត្រូវប្រើប្រាស់ចាំបាច់ ដែលទារកកើតមកភ្លាមត្រូវប្រើមែនទែន ដូចជា ក្រណាត់កន្ទប ខោអាវទារក ជាដើម ចំណែករបស់ផ្សេងៗទៀត ចាំគិតពេលកូនប្រសូតចេញមកហើយ ក៏អាចទៅរកទិញមកប្រើទាន់ដែរ។

6 . ខ្ទាស់ម្ជុលខ្ទាស់នៅអាវត្រង់កន្លែងក្បាលពោះ ការពារធ្លាក់កូន និងមិនឱ្យវិញ្ញាណកំណាចចូលមកធ្វើបាបកូន

ការពិត ៈ ខ្ទាស់ឱ្យជាប់ដើម្បីឱ្យស្រ្តីមានគភ៌ប្រយ័ត្នខ្លួនឯងពេលដើរទៅណាមកណា កុំឱ្យដើរទៅបុកនេះបុកនោះ និងឱ្យអ្នកដទៃមើលឃើញបានច្បាស់ថា ខ្លួនកំពុងមានផ្ទៃពោះ មិនមែនកំពុងធាត់ទេ កុំដើរមកបុក… ជាដើម។

ជំនឿ និងពិធីការផ្សេងៗពាក់ព័ន្ធនឹងការមានផ្ទៃពោះ និងការឆ្លងទន្លេរបស់មនុស្សសម័យមុន មានច្រើនយ៉ាង ដូច្នេះពេលបានឮមកហើយ ស្វាមី និងភរិយាដែលកំពុងមានគភ៌គួរតែពិចារណាជាមុនសិន មុននឹងប្រតិបត្តិតាម ដើម្បីការពារគ្រោះថ្នាក់ដែលអាចនឹងកើតឡើងចំពោះម្ដាយ និងកូនតូច ព្រោះជំនឿ និងការហាមឃាត់ពីបុរាណសម្រាប់អ្នកមានផ្ទៃពោះ រឿងមួយចំនួនដែលចាស់បុរាណបង្ហាត់បង្រៀនមក ជួនកាលក៏មានប្រយោជន៍ មានហេតុផលត្រឹមត្រូវអាចយកមកច្នៃប្រើបាន តែរឿងខ្លះក៏មិនអាចជឿបាន ឬមិនអាចពិសោធបានថាត្រូវ ឬមិនត្រូវនោះក៏មាន៕

Advertisement