តើទារកទើបកើត ចាប់ផ្ដើមមើលឃើញនៅពេលណា?

ការមើលឃើញរបស់ទារក អាចនឹងនៅមិនទាន់មើលឃើញអ្វីផ្សេងៗបានច្បាស់ស្មើនឹងមនុស្សធំនៅឡើយ ព្រោះទារកនៅត្រូវប្រើពេលវេលាក្នុងការសម្របសម្រួលខ្លួន និងរយៈពេលសម្រាប់វិវឌ្ឍនាការការមើលឃើញ ដូច្នេះយើងនាំគ្នាមកមើលថា តើការមើលឃើញរបស់ទារកទើបនឹងកើតយ៉ាងណាខ្លះ និងមានរឿងអ្វីខ្លះដែលឪពុកម្ដាយគួរដឹង?

  • ក្រោយពីទារកប្រសូតចេញមកហើយ ទារកនឹងអាចមើលឃើញបានក្នុងរយៈចម្ងាយ 20សង់ទីម៉ែត្រ និងសម្លឹងមើលវត្ថុផ្សេងៗ​នៅមួយកន្លែងបានប្រមាណ 4-10វិនាទី តែនឹងមានវិវឌ្ឍនាការខាងការមើលឃើញនេះច្រើនឡើងតាមលំដាប់។
  • ក្រោយពេលប្រសូតបាន 4ថ្ងៃ ទារកនឹងនៅមិនទាន់មើលឃើញមុខឪពុកម្ដាយបានច្បាស់នៅឡើយទេ តែក៏នឹងចាប់ផ្ដើមចងចាំផ្ទៃមុខបានព្រាលៗដែរ។
  • ពេលអាយុបាន 1ខែ ទារកនឹងអាចមើលឃើញវត្ថុផ្សេងៗបានក្នុងរយៈចម្ងាយ 15អ៊ិញ(ប្រមាណ 40សង់ទីម៉ែត្រ)។
  • ពេលអាយុបាន 3ខែ ទារកនឹងចាប់ផ្ដើមចេះញែកបំបែករយៈចម្ងាយជិត-ឆ្ងាយបាន ហើយនឹងអាចសម្រួលការមើលឃើញបានយ៉ាងពេញលេញ ពេលកូនតូចអាយុបាន 4ខែ។
  • ប្រតិកម្មតបស្នងស្វ័យប្រវត្តិរបស់កែវភ្នែកខ្មៅរបស់ទារក នឹងធ្វើការតាំងពីពេលកើតមកដំបូង ហើយនឹងមានភាពរហ័សនឹងពន្លឺ និងធ្វើការបានពេញលេញពេលអាយុបាន 2-3ខែ។
  • ទារកនឹងចាប់ផ្ដើមមើលឃើញវត្ថុពណ៌ស និងពណ៌ខ្មៅបានច្បាស់បំផុតពេលអាយុចូលដល់ខែទី3 ហើយទារកនឹងចាប់ផ្ដើមមើលឃើញវត្ថុមានពណ៌ផ្សេងៗច្រើនឡើង ដោយនឹងចាប់ផ្ដើមមើលឃើញពណ៌គោលៗមុនគេ ដូចជា ពណ៌ក្រហម លឿង និងខៀវ ជាដើម។

ការមើលឃើញរបស់ទារក និងចំណេះដឹងរឿងការមើលឃើញរបស់ទារក

  1. ទារកកើតដំបូងនៅមិនទាន់ផលិតទឹកភ្នែកទេ ទាល់តែអាយុបានប្រមាណជា 1ខែ។
  2. ទារកកើតដំបូងអាចមើលឃើញវត្ថុផ្សេងៗបានច្បាស់បំផុតក្នុងរយៈចម្ងាយ 20សង់ទីម៉ែត្រ តែបើនៅជិត ឬឆ្ងាយជាងនោះ ទារកនឹងមើលឃើញត្រឹមតែជារូបភាពព្រាលៗប៉ុណ្ណោះ។
  3. ទារកនឹងប្រិចភ្នែកត្រឹមតែ 2ដងប៉ុណ្ណោះក្នុងមួយនាទី តិចជាងមនុស្សចាស់ដែលប្រិចភ្នែកបានច្រើនដល់ទៅ 15ដងក្នុង 1នាទី។
  4. ពេលអាយុឈានចូលខែទី 2 ទារកនឹងអាចហ្វូខាស់វត្ថុដែលមានចលនាបានហើយ។

តើនឹងជួយជំរុញវិវឌ្ឍនាការផ្នែកការមើលឃើញរបស់ទារកយ៉ាងម៉េចបាន?

ការជំរុញវិវឌ្ឍនាការផ្នែកការមើលឃើញរបស់កូនតូច នឹងក្លាយជារឿងដែលជួយឱ្យទារកបានរៀនយល់ដឹង និងមានវិវឌ្ឍនាការដែលល្អលើផ្នែកផ្សេងទៀតផងដែរ ព្រោះការមើលឃើញយ៉ាងមានគោលដៅ នឹងធ្វើឱ្យទារកមានភាពក្លៀវក្លាស្វាហាប់ក្នុងការប្រើខ្សែភ្នែកពិនិត្យមើល បង្កើនវិវឌ្ឍនាការផ្នែកការមើលឃើញដ៏ល្អរបស់កូនបាន​។ ការជំរុញវិវឌ្ឍនាការផ្នែកការមើលឃើញរបស់កូនតូចនេះ អាចធ្វើបានដូចខាងក្រោមនេះ ៈ

  • ព្យាយាមសម្លឹងមើលមុខរបស់ទារកឱ្យបានញឹកញាប់ ព្រោះនៅក្នុងកែវភ្នែកនោះ មានភាពដិតច្បាស់របស់ពណ៌ស ជាមួយពណ៌ខ្មៅ ហើយការធ្វើភ្នែកក្រឡឺតក្រឡាប់ទៅមក នឹងធ្វើឱ្យក្លាយជាចំណុចចាប់អារម្មណ៍ដែលធ្វើឱ្យទារកតាមសម្លឹងមើលបានងាយ។
  • បំពាក់រូបឪពុកម្ដាយនៅក្បែរកន្លែងគេងរបស់កូន នឹងជួយធ្វើឱ្យទារកឆាប់ចងចាំផ្ទៃមុខឪពុកម្ដាយបានលឿន ឬអាចនឹងបំពាក់រូបភាពពណ៌ស្រស់ៗ ដូចជា រូបភាពដែលមានពណ៌ដិតៗ ដូចជា ក្រហម លឿង និងខៀវ ព្រោះអ្វីទាំងអស់នោះនឹងជួយបង្វឹកការមើលឃើញរបស់កូន និងបង្កើនវិវឌ្ឍនាការរបស់កូនតូចបាន។
  • ឱ្យកូនមើលរបស់លេងតូចៗ ដែលស្ថិតនៅឆ្ងាយពីផ្ទៃមុខកូនប្រមាណជា 1ម៉ែត្រ បន្ទាប់ពីនោះសឹមរំកិលរបស់លេងនោះជារង្វង់មូលយ៉ាងយឺតៗ ដើម្បីឱ្យកូនបានសម្លឹងមើលតាម។
  • ព្យួររបស់លេងប្រភេទ 3D ដូចជា តុក្កតារំយោល ឬតុក្កតាសត្វផ្សេងៗនៅក្នុងទីតាំងដែលកូនតូចអាចមើលឃើញ និងព្យាយាមប្រើដៃឈោងចាប់បាន។
  • លេងឆ្លុះកញ្ចក់ ព្រោះការឱ្យកូនបានមើលរូបខ្លួនឯងនៅក្នុងកញ្ចក់ នឹងជួយហ្វឹកហាត់ការមើល និងការសង្កេត ក្រៅពីនោះថែមទាំងជាការបង្វឹកការធ្វើចលនារបស់មុខមាត់ និងអាកប្បកិរិយាទៀតផង។ លោកឪពុកអ្នកម្ដាយអាចនឹងឱ្យកូនលេងជាមួយកញ្ចក់កាន់ដៃដែលជារបស់លេងដែលសាងបដិសម្ព័ន្ធត្រឡប់មកខ្លួនទារកវិញ ព្រោះកូនតូចនឹងសម្លឹងមើលតាមពេលដែលមានការកម្រើក។
  • ផ្លាស់ប្ដូរទីតាំងកន្លែងគេងរបស់កូនខ្លះផង ដើម្បីឱ្យកូនតូចបានមានឱកាសមើលឃើញសភាពបរិស្ថានថ្មីៗ។

តើទារកចូលចិត្តមើលអ្វី?

  1. ទារកចូលចិត្តសម្លឹងមើលផ្ទៃមុខរបស់ឪពុក និងម្ដាយ ព្រោះកែវភ្នែក រួមទាំងស្នាមញញឹមរបស់ឪពុកម្ដាយនឹងបង្ហាញពីសេចក្ដីស្រឡាញ់ ភាពទន់ភ្លន់ ដែលសាងក្ដីកក់ក្ដៅក្នុងចិត្តដល់ទារក។
  2. ទារកចូលចិត្តសម្លឹងមើលវត្ថុដែលមានចលនា ខ្លាំងជាងវត្ថុដែលនៅស្ងៀមមិនកម្រើក។
  3. ទារកចូលចិត្តសម្លឹងមើលវត្ថុដែលមានពណ៌ផ្ទុយគ្នាច្បាស់លាស់ ដូចជា ពណ៌ខ្មៅ ផ្ទុយគ្នានឹងពណ៌ខ្មៅ ជាដើម។
  4. ទារកចូលចិត្តសម្លឹងមើលវត្ថុដែលមានរូបរាងបែប 3D (រូបរាងទាំងមូលដូចមែនទែន)ខ្លាំងជាងបែប 2D( រូបភាពលើក្រដាស)៕
Advertisement