ដឹងទេ…ម្ដាយដែលបំបៅដោះកូន ហាមញ៉ាំអ្វីខ្លះ?

ក្នុងអំឡុងពេលដែលអ្នកម្ដាយបំបៅដោះកូន ការទទួលទានអាហាររបស់អ្នកម្ដាយជារឿងមួយដែលត្រូវប្រយ័ត្នប្រយែងខ្លាំងជាងពេលប្រក្រតី ព្រោះសារធាតុអាហារប្រភេទខ្លះអាចបញ្ជូនបន្តទៅក្នុងទឹកដោះម្ដាយដែលអាចធ្វើឱ្យទឹកដោះរបស់អ្នកម្ដាយមានរសជាតិប្រែប្រួល ឬអាចមានសារធាតុគីមីប្រមូលសន្សំនៅក្នុងរាងកាយរបស់កូនតូចបាន ដូច្នេះយើងនាំគ្នាមកមើលថា តើម្ដាយដែលបំបៅដោះកូន គេហាមញ៉ាំអ្វីខ្លះ?

របស់ 5យ៉ាងដែលម្ដាយបំបៅដោះមិនគួរទទួលទាន

1 . ថ្នាំឱសថបុរាណមួយចំនួន ឬថ្នាំចិនសែប្រភេទខ្លះ និងស្រាថ្នាំ…

មិនគួរទទួលទានទេ ព្រោះអាចធ្វើឱ្យកូនតូចឆ្អល់ពោះ រាក យំរករឿង ឬបន្ទោបង់ខុសប្រក្រតី។

2 . ហាមទទួលទានអាហារជ្រក់ត្រាំ ឬគ្រឿងភេសជ្ជៈដែលមានជាតិអាល់កុល…

តែបើចាំបាច់ត្រូវតែទទួលទានមិនអាចខានបាន ដូចជាទៅចូលរួមកម្មវិធីក្នុងសង្គម ជាដើមនោះ ចូរទទួលទានក្រោយពេលបំបៅកូនរួចហើយ និងបញ្ឈប់បំបៅដោះកូនមួយពេលដើម្បីច្របាច់ ឬបឺតបញ្ចេញចោលមុននឹងឱ្យកូនបៅលើកបន្តបន្ទាប់ទៅទៀត ព្រោះជាតិអាល់កុលហុចផលប៉ះពាល់ដល់ខួរក្បាលរបស់កូន។

3 . អាហារដែលមានរសជាតិហិរខ្លាំង គួរតមសិន…

ព្រោះនឹងហុចផលឱ្យកូនតូចបានទទួលរសជាតិហិរពីទឹកដោះម្ដាយដែរ និងអាចធ្វើឱ្យឈឺពោះបានដូចគ្នា តែបើសិនជាអាហារដែលប្រកបដោយឱសថបុរាណ ដូចជាស្លឹកម្រះព្រៅ ខ្ញី ម្រេច ជាដើម ម្ដាយបំបៅដោះកូនអាចទទួលទានបាន ព្រោះជាអាហារដែលមានរសជាតិក្ដៅ ដែលខុសពីរសជាតិហិរ ហើយអាហារឱសថបុរាណដែលមានរសជាតិក្ដៅទាំងនោះថែមទាំងជួយបំប៉នទឹកដោះម្ដាយទៀតផង។

4 . បន្លែដែលមានជាតិហ្គាសច្រើន…

ដូចជាស្ពៃក្ដោប ផ្កាខាត់ណា ឬបន្លែស្រស់ប្រភេទខ្លះ គួរតមទទួលទានសិន ព្រោះអាចធ្វើឱ្យកូនតូចកើតអាការឆ្អល់ និងហើមពោះបាន ឬបើត្រូវការទទួលទានបន្លែទាំងនោះដោយខានមិនបាន ក៏គួរទទួលទានបន្លែដែលចម្អិនឆ្អិនហើយប្រសើរជាង។

5 . ថ្នាំប្រភេទខ្លះមានផលប៉ះពាល់ដល់កូនតាមរយៈទឹកដោះ…

ដូច្នេះបើអ្នកម្ដាយកើតអាការឈឺថ្កាត់ និងត្រូវការប្រើថ្នាំ ចូរប្រឹក្សាជាមួយឱសថការី ឬវេជ្ជបណ្ឌិតជាមុនសិនគ្រប់ពេល និងបើទិញថ្នាំពីឱសថការី ត្រូវប្រាប់ជាមយនជានិច្ចថា កំពុងស្ថិតក្នុងអំឡុងពេលបំបៅកូន៕

Advertisement