ធ្លាប់នឹកឆ្ងល់ទេថា ហេតុអីបានជាទារកចូលចិត្តគេងលើកជើង?

Baby lying down with foot in mouth; Shutterstock ID 543680872

ហេតុអីបានទារកចូលចិត្តគេងលើកជើង ហើយការលើកជើងឡើងបែបនេះបានន័យថាម៉េច? ឬក៏កូនតូចកំពុងមានអារម្មណ៍ឈឺចាប់អ្វីម្យ៉ាងទេដឹង?…ឥឡូវសូមអ្នកម្ដាយថ្មោងថ្មីទាំងអស់នាំគ្នាមកមើលពីមូលហេតុដែលកូនតូចចូលចិត្តគេងលើកជើងមកដល់ទ្រូងថា តើហេតុអីបានកូនតូចសម្លាញ់របស់យើងលើកជើង?

1 . មូលហេតុដែលទារកចូលចិត្តលើកជើងឡើងមកដល់ទ្រូង ព្រោះថា…

…ពេលនៅក្នុងផ្ទៃម្ដាយ ទីធ្លានៅក្នុងផ្ទៃមានកំណត់ ឥរិយាបថនេះ ជាឥរិយាបថដែលទារកធ្វើញឹកញាប់បំផុតពេលនៅក្នុងពោះម្ដាយ ដូច្នេះហើយទើបកូនចូលចិត្តលេងចាប់ចុងជើងខ្លួនឯង និងលើកមកដល់ទ្រូងដោយសារការស៊ាំធ្លាប់ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ ក្មេងខ្លះលើកជើងមកហើយ ដាក់ម្រាមជើងមកដល់មាត់ រួចបឺតលេងយ៉ាងសប្បាយអារម្មណ៍ទៀតផង។

2 . អាចបណ្ដាលមកពីអាការឈឺពោះ

ការលើកជើងរបស់កូនតូច អាចធ្វើឱ្យកូនបានបញ្ចេញខ្យល់ហ្គាសចេញមកតាមរន្ធទ្វារធំ ព្រោះមានខ្យល់នៅក្នុងក្រពះច្រើនពេក ដែលការលើកជើងឡើងនេះ អាចធ្វើឱ្យកូនមានអាការធូរស្រាល និងស្រួលខ្លួនឡើង។ បើកូនតូចលើកជើងឡើងដោយសារតែអាការឈឺពោះព្រោះមានខ្យល់នៅក្នុងក្រពះច្រើននោះ ចូរអ្នកម្ដាយសាកស្ទាបអង្អែលក្បាលពោះរបស់កូន និងសង្កត់ចុះតិចៗ ថ្នមៗ ហើយលុញជារាងរង្វង់មូល(ដូចទ្រនិចនាឡិកាដើរ) ឬចាប់កូនដាក់ឱ្យគេងផ្កាប់ ដើម្បីបណ្ដេញខ្យល់ចេញក៏បាន។ ទង្វើទាំង2 យ៉ាងនេះនឹងធ្វើឱ្យខ្យល់ចេញពីក្នុងពោះកូនបានស្រួល និងធ្វើឱ្យកូនតូចបានធូរស្រាលពីអាការឈឺពោះបានច្រើនទៀតផង។

3 . អាការឈឺពោះបែបខ្លាំងក្លា

ដូចជា ពោះវៀនព័ន្ធគ្នា ឬមានដំបៅនៅក្នុងក្រពះ ចូរសង្កេតមើលអាការ ដូចជា ស្រែកយំយ៉ាងខ្លាំង បន្ទោបង់មកមានឈាម ឬមួល គ្រុនក្ដៅខ្លួន ក្អួត ស្រែកយំខ្លាំងឡើងៗជារឿយៗ…បើឃើញមានអាការបែបនេះ ចូរអ្នកម្ដាយប្រញាប់នាំកូនទៅមន្ទីរពេទ្យភ្លាម កុំបង្អង់យូរ។

តែភាគច្រើន ការដែលក្មេងតូចចូលចិត្តលើកជើងទាំង 2ខាងឡើងមកដល់ទ្រូង គឺគ្រាន់តែជាប្រឡែងលេងជាមួយខ្លួនឯងដើម្បីសប្បាយរីករាយ និងជាទម្លាប់ ឬភាពស៊ាំធ្លាប់តាំងពីពេលនៅក្នុងពោះម្ដាយប៉ុណ្ណោះឯង…មានភាគតិចណាស់ដែលបង្ហាញពីអាការឈឺពោះ ហើយលើកជើងទាំង2 ឡើងនោះ៕

Advertisement