ដឹងភេទកូនក្នុងផ្ទៃដោយតិចនិកងាយៗតាមបែបចាស់ៗបុរាណ

អ្នកម្ដាយសម័យថ្មីនាពេលបច្ចុប្បន្ន បើចង់ដឹងពីភេទរបស់កូនក្នុងផ្ទៃ ក៏អាចធ្វើបានដោយមិនលំបាកឡើយ ដោយការប្រើតិចណូឡូជីសម័យថ្មី តាមរយៈការឆ្លុះមើលអេកូ ដែលមិនមែនជារឿងលំបាក ឬចម្លែកអ្វីឡើងនាពេលបច្ចុប្បន្ននេះ តែក៏នៅមានក្រុមស្រ្តីមានគភ៌មួយចំនួននៅតែចង់អ៊ុតមើលភេទរបស់កូនក្នុងផ្ទៃរបស់ខ្លួនរហូតដល់ថ្ងៃប្រសូតដូចគ្នា។ អ្នកខ្លះទៅឆ្លុះមើលអេកូជាច្រើនដងហើយ ក៏នៅតែមិនទាន់ឃើញច្បាស់ ក៏ព្យាយាមស្វែងរកវិធីផ្សេងៗដែលនឹងធ្វើឱ្យបានដឹងពីភេទរបស់កូននៅក្នុងផ្ទៃក៏មានដែរ ដូច្នេះថ្ងៃនេះ ឡារ៉ែនមានវិធីសង្កេតមើលពោះ និងអាការផ្សេងៗតាមក្បួនតម្រាចាស់ៗសម័យបុរាណមកជម្រាបជូនដូចខាងក្រោម។

1 . ដឹងភេទកូនក្នុងផ្ទៃតាមរយៈការសង្កេតមើលរន្ធផ្ចិតរបស់ស្រ្តីតាំងគភ៌

ជាជំនឿពីបុរាណមួយតាមក្បួនតម្រាអ្នកមានផ្ទៃពោះ ការមើលពីលក្ខណៈរបស់រន្ធផ្ចិតរបស់ស្រ្តីមានគភ៌ដោយការសង្កេតពីលក្ខណៈរបស់ផ្ចិតផ្នែកខាងលើ បើលៀនចេញមក ឬរន្ធផ្ចិតផ្កាប់ និងស្រ្តីតាំងគភ៌មានពោះប៉ោងមូលក្លុំ តាមតម្រាចាស់បុរាណប្រាប់ថា ប្រហែលជានឹងបានកូនស្រី…។

សម្រាប់ស្រ្តីតាំងគភ៌ណាមានលក្ខណៈផ្ចិតផ្នែកខាងក្រោមលៀនចេញមកជារន្ធផ្ចិតផ្ងារឡើង និងមានផ្ទៃពោះរាងស្រួចនោះ មានភាពអាចទៅរួចខ្លាំងថា ប្រហែលជានឹងបានកូនប្រុស…។

2 . ដឹងភេទកូនក្នុងផ្ទៃតាមរយៈការរើរបស់កូននៅក្នុងគភ៌

អ្នកម្ដាយភាគច្រើននឹងមានអារម្មណ៍ថា កូនចាប់ផ្ដើមរើក្នុងអំឡុងសប្ដាហ៍ទី20 នៃការតាំងគភ៌ តែបើស្រ្តីមានគភ៌មានអារម្មណ៍ថា កូនឆាប់រើលឿនជាងរយៈពេលនោះ ចាស់ៗបុរាណជឿថា អាចនឹងបានកូនប្រុស និងបើស្រ្តីមានគភ៌មានអារម្មណ៍ថា កូនរើខ្លាំងជាងប្រក្រតី មានញាក់ៗ ឬធាក់ក្បាលពោះរហូតមានអារម្មណ៍ថាឈឺផងនោះ អាចនឹងមានភាពទៅរួចខ្ពស់ថា នឹងបានកូនប្រុសខ្លាំងជាងកូនស្រី ព្រោះកូនស្រីច្រើនតែរើញឹកញាប់ជាង និងរើខ្សោយជាង។

តាមគោលការណ៍វិទ្យាសាស្រ្ត ក្រូម៉ូហ្សូម XX របស់ទារកភេទស្រីនឹងមាននឹងនរជាងក្រូម៉ូហ្សូម XY របស់ភេទប្រុស ដូច្នេះបើកូនក្នុងផ្ទៃរើញាប់ៗ គឺជាសញ្ញាថា នឹងបានកូនស្រី។

3 . ដឹងភេទកូនក្នុងផ្ទៃតាមរយៈអាការចាញ់កូនរបស់ស្រ្តីមានគភ៌

មនុស្សសម័យមុនច្រើននាំគ្នាជឿថា អ្នកមានផ្ទៃពោះដែលមានអាការចាញ់កូនខ្លាំងក្លា នឹងបានកូនស្រី ឯអ្នកដែលកើតអាការចាញ់កូនតែបន្តិចបន្តួច ឬមិនមានសោះតែម្ដងនោះ កូនក្នុងផ្ទៃនឹងជាកូនប្រុស។

4 . ដឹងភេទកូនក្នុងផ្ទៃតាមរយៈសញ្ជាតិញាណរបស់អ្នកមានផ្ទៃពោះ

ចាស់ៗសម័យមុនប្រាប់ថា សញ្ជាតិញាណ(ការដឹងដោយឯងៗ)របស់ស្រ្តីមានគភ៌ច្រើនតែមានភាពទៀងត្រង់(ឆុត)ខ្លាំង ដោយមានការរៀបរាប់ប្រាប់តៗគ្នាថា បើអ្នកមានផ្ទៃពោះមានការគិត និងជឿជាក់ថា ផ្ទៃពោះនេះបានកូនភេទអី ឱកាសក្នុងការកើតមកដូចការគិតនោះមានភាពអាចទៅរួចដល់ទៅ 70%ឯណោះ។

5 . ដឹងភេទកូនក្នុងផ្ទៃតាមរយៈអាការត្រជាក់បាតជើង

ចាស់សម័យបុរាណបានប្រាប់តៗគ្នាមកថា បើអ្នកមានផ្ទៃពោះណាមានអាការត្រជាក់បាតជើង នឹងបានកូនប្រុស តែបើអ្នកណាមិនមានអាការត្រជាក់បាតជើងទេ គឺមានកម្ដៅធម្មតាប្រក្រតី ឬក្ដៅឧណ្ហៗនោះ បញ្ជាក់ថា នឹងបានកូនស្រី។ ដែលទៅជាដូច្នោះ ក៏ព្រោះថា ស្រ្តីដែលតាំងគភ៌បានកូនប្រុស នឹងធ្វើឱ្យឈាមនៅក្នុងរាងកាយហូរវិលមិនសូវល្អ ចំណែកអ្នកដែលតាំងគភ៌បានកូនស្រីវិញ លំហូរវិលរបស់ឈាមនឹងល្អប្រសើរជាងហ្នឹងឯង។

សម្រាប់ជំនឿ និងការទស្សន៍ទាយតាមរយៈវិធីការសង្កេត​ទាំងអស់ខាងលើនេះ អាចនឹងមិនសូវជាត្រឹមត្រូវដូចការគិតប៉ុន្មានទេ។ អាចនិយាយថា ចេះតែទាយទុកលេងៗក្នុងចន្លោះពេលរង់ចាំកូនតូចបើកភ្នែកមើលពិភពលោកតែប៉ុណ្ណោះឯង ព្រោះស្រ្តីមានគភ៌ម្នាក់ៗមានបច្ច័យផ្សេងៗខុសប្លែកពីគ្នា ដូចជាជំងឺប្រចាំកាយរបស់ស្រ្តីមានគភ៌ ភាពរឹងប៉ឹងរបស់រាងកាយ សភាពបរិស្ថានជុំវិញខ្លួន អាយុ រួមទាំងការទទួលទានអាហាររបស់ស្រ្តីមានគភ៌ម្នាក់ៗទៀតផង៕

Advertisement