ស្រ្តីក្រោយពេលប្រសូតបុត្ររួច តើរាងកាយនឹងប្រែប្រួលយ៉ាងណាខ្លះ?

ស្រ្តីជាច្រើនក្រោយពេលប្រសូតបុត្ររួច អាចនឹងមិនទាន់បានដឹងនៅឡើយថា រាងកាយរបស់ខ្លួននឹងត្រូវប្រែប្រួលយ៉ាងណាខ្លះនោះ។ ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ការតាំងគភ៌មានផលប៉ះពាល់ដល់រាងកាយ និងផ្លូវចិត្តរបស់យើងខ្លាំងប៉ុនណា ដូច្នេះបើខ្លួនអ្នកក៏ទើបតែប្រសូតបុត្រហើយមិនយូរប៉ុន្មាននោះ​ ចូរត្រៀមខ្លួនជួបនឹងភាពផ្លាស់ប្ដូរប្រែប្រួលខាងរាងកាយដូចតទៅ ៈ

រងាញ័រញាក់

អាការរងាញ័រញាក់នឹងកើតឡើងភ្លាមៗក្រោយពេលប្រសូត និងអាចនឹងកើតឡើងក្នុងអំឡុងពេលឆ្លងកាត់របស់ការប្រសូតក្នុងដំណាក់កាលផ្សេងៗ ដែលស្រ្តីខ្លះអាចសង្កេតឃើញថា ក្បាលជង្គង់របស់ខ្លួនញ័រញាក់យ៉ាងខ្លាំងក្រោយពេលប្រសូតកូនដំបូងចេញមក និងមានអារម្មណ៍រងាញ័រញាក់យ៉ាងខ្លាំងក្នុងអំឡុងដែលគ្រូពេទ្យប្រសូតកំពុងធ្វើការដេរស្នាមរបួសឱ្យ…ដែលវាទៅជាយ៉ាងនេះ ក៏ ព្រោះតែអ័រម៉ូនការតាំងគភ៌ ជាអ័រម៉ូនដែលធ្វើការប្រមូលសន្សំទឹកនៅក្នុងរាងកាយដើម្បីទុកជំនួសឱ្យការបាត់បង់ឈាមដែលធ្លាប់មានយ៉ាងច្រើនកាលពីពេលមុន នឹងថយចុះទៅវិញយ៉ាងឆាប់រហ័ស ទើបធ្វើឱ្យអ្នកម្ដាយថ្មោងថ្មីកើតអាការរងាញាក់។ ក្រោយការប្រសូតប្រមាណជា 2 – 3ថ្ងៃ ឬយ៉ាងយូរបំផុតមិនលើស 6សប្ដាហ៍ អាការនេះនឹងបាត់ទៅវិញដោយឯកឯង។

ចេញញើសច្រើន

នេះជាវិធីដែលរាងកាយបណ្ដេញវត្ថុរាវដែលកើតពីការតាំងគភ៌ចេញពីរាងកាយ ដែលអាចមានវត្ថុរាវហូរចេញមកពីសុដន់របស់អ្នកទៀតផង។ ក្រៅពីនេះនៅអាចមានអាការឈាមហូរចេញមកក្រោយប្រសូតតទៅទៀតប្រហែលជា 6សប្ដាហ៍។ ជាប្រក្រតី អាការលេចនោម អាការចេញញើសនៅពេលកណ្ដាលយប់ និងការដែលត្រូវងើបមើលថែទាំកូនតូចដែលតែងតែនោមញឹកញាប់នោះ នឹងធ្វើឱ្យអ្នកត្រូវភ្ញាក់ឡើងបែបខ្លួនសើមជាប់រហូតប្រមាណជា 2សប្ដាហ៍ ដូច្នេះចូរត្រៀមក្រណាត់ការពារសើមពូកទុកជាស្រេចផង ឬការប្រើកន្សែងពោះគោច្រើនបន្ទះក្រាលពីលើពូកក៏អាចជួយអ្នកបានដែរ។

ការឈឺចាប់ក្រោយពេលប្រសូត

អាការឈឺចាប់ក្រោយប្រសូត ច្រើនតែបណ្ដាលមកពីការបង្រួមខ្លួនរបស់ស្បូនឱ្យត្រឡប់ទៅរកទំហំដើមវិញ ហើយអាការឈឺចាប់នឹងរឹតតែខ្លាំងក្លាឡើងបើអ្នកធ្លាប់ប្រសូតបុត្រច្រើនដង។ ក្រៅពីនេះអ្នកអាចមានអារម្មណ៍ឈឺយ៉ាងខ្លាំងខណៈពេលបំបៅដោះកូន ដែលនេះរាប់ថាជារឿងប្រក្រតី។ អាការឈឺចាប់បែបនេះនឹងកើតឡើងប្រមាណជា 5 – 7ថ្ងៃ តែមានស្រ្តីខ្លះដែលមានកូនច្រើននឹងមានអាការឈឺចាប់ក្រោយប្រសូតពីការប្រសូតកូនទីបី កូនទីបួន ឬកូនទីប្រាំនឹងមានការឈឺចាប់ខ្លាំងជាងពេលឈឺពោះមុនប្រសូតទៅទៀត ដូច្នេះអ្នកម្ដាយដែលមានកូនច្រើនទាំងឡាយ គួរតែត្រៀមខ្លួនជួបនឹងការឈឺចាប់បែបនេះទុកជាមុនផង។

លេចនោមញឹកញាប់

ស្រ្តីក្រោយពេលប្រសូតច្រើនតែមានអាការលេចនោម ឬទឹកមូត្រហៀរប្រឡាក់ខោញឹកញាប់ ជាពិសេសបំផុតពេលលោត ឬសូម្បីតែពេលដើរឡើងជណ្ដើរក៏ដោយ។ មូលហេតុគឺបណ្ដាលមកពីកម្លាំងសង្កត់របស់សាច់ដុំម្ដុំត្រគាកក្នុងអំឡុងពេលពពោះ និងប្រសូតបុត្រកើតមានភាពទន់ជ្រាយ ធ្វើឱ្យរាងកាយពិបាកគ្រប់គ្រងប្លោកនោម។ តែសំណាងល្អណាស់ដែលអាការបែបនេះ​នឹងបាត់ទៅវិញដោយឯកឯងក្រោយពេលប្រសូតរួច 2 – 3សប្ដាហ៍។

ស្នាមសង្វារអាចនឹងនៅជាប់ជានិរន្តរ៍

ក្នុងអំឡុងពេលកំពុងតាំងគភ៌ ស្រ្តីជាច្រើននាក់នឹងសង្កេតឃើញថា មានស្នាមប្រេះកើតឡើងនៅលើស្បែកក្បាលពោះ ត្រគាក សុដន់ និងភ្លៅ និងទោះជាស្នាមប្រេះនៅលើស្បែកទាំងនោះ នឹងមើលទៅហាក់ដូចជារលុបបាត់ខ្លះក្រោយពេលប្រសូតបុត្ររួចក្ដី តែស្នាមប្រេះដែលហៅថា “សង្វារ” នេះនឹងមិនរលុបបាត់អស់ឡើយ ដែលបញ្ហានេះធ្វើឱ្យស្រ្តីភាគច្រើនទទួលយកមិនសូវជាបានប៉ុន្មានឡើយ។ តែមិនថា អ្នកមានអារម្មណ៍យ៉ាងម៉េចក៏ដោយ ក៏គ្មានផ្លូវក្នុងការលុបស្នាមសង្វារនេះចេញបានដែរ។ វិធីដែលល្អបំផុត គឺ អ្នកគួរតែធ្វើចិត្តទទួលយកវាឱ្យបាន និងគិតថាស្នាមសង្វារទាំងនេះ គឺជាភាពជោគជ័យម្យ៉ាងនៃភាពជាម្ដាយទៅចុះ៕

Advertisement