នៅពេលខ្ញុំតាំងគភ៌ខែទី 6

ឈានចូលខែទី 6 សម្រាប់ការតាំងគភ៌ហើយណា៎…ក្នុងខែនេះទារកក្នុងផ្ទៃនឹងមានទំហំប្រមាណជា 13អ៊ិញ មានទម្ងន់ប្រមាណជា 800ក្រាម សាច់ស្បែកនៅតែស្ដើង និងរលោងភ្លឺ មិនទាន់មានខ្លាញ់នៅក្រោមស្រទាប់ស្បែកនៅឡើយ ចាប់ផ្ដើមមើលឃើញម្រាមដៃ និងម្រាមជើងរបស់ទារកបានច្បាស់ឡើង និងទារកនៅក្នុងគភ៌ចាប់ផ្ដើមចេះបើក-បិទភ្នែកបានហើយ។ គឺជាខែមួយទៀតដែលត្រូវមើលថែទាំជាពិសេស ដើម្បីសុវត្ថិភាពរបស់ស្រ្តីជាម្ដាយ និងសុខភាពដ៏រឹងប៉ឹងរបស់ទារកនៅក្នុងគភ៌។

ក្នុងខែទី 6នៃការតាំងគភ៌នេះនឹងមានការប្រែប្រួលផ្សេងៗដែលស្រ្តីជាម្ដាយអាចដឹងបានដូចតទៅ ៈ

. ទារកក្នុងផ្ទៃរើខ្លាំងជាងខែមុនៗយ៉ាងមើលឃើញច្បាស់តែម្ដង។

. មានធ្លាក់សច្រើន។

. អាចមានអាការឈឺរាងធ្ងន់ៗទៅក្រោមនៅម្ដុំក្បាលពោះផ្នែកខាងក្រោម។

. ទល់លាមកច្រើនឡើង (គួរប្រយ័ត្ន កុំបណ្ដោយឱ្យទល់លាមកច្រើនថ្ងៃពេក)។

. អាចកើតមានអាការចុកណែនក្នុងក្រពះ ដោយសារតែអាហារមិនរំលាយ និងហើមពោះ។

. ឈឺក្បាលម្ដងម្កាល ស្រវាំងភ្នែក និងប្រយ័ត្នការកើតខ្យល់គញឹកញាប់។

. តឹងច្រមុះ អាចមានឈាមហូរចេញមកតាមច្រមុះ និងហ៊ឹងត្រចៀកខ្លះៗ។

. ពេលដុសធ្មេញ ងាយមានឈាមចេញតាមជើងធ្មេញ។

. ឃ្លានញឹកញាប់។

. កើតមានការហើមនៅលើផ្ទៃមុខ ជើង ភ្នែកគោល និងដៃ។

. រមាស់នៅលើស្បែកម្ដុំក្បាលពោះ ព្រោះស្បែកម្ដុំក្បាលពោះចាប់ផ្ដើមរីកធំឡើង។

. ឈឺខ្នងកាន់តែខ្លាំងឡើង។

. សុដន់រីកកាន់តែធំឡើងទៀត

. អាចកើតមានការភ្លេចភ្លាំង កម្រិតអារម្មណ៍នៅតែមិននឹងនរ តែល្អឡើងជាងខែមុនៗច្រើន។

. ចាប់ផ្ដើមវិតក្កកង្វល់ អាចនឹងភ័យខ្លាចរឿងការឆ្លងទន្លេ(ការប្រសូត) ធ្វើឱ្យមានអារម្មណ៍តានតឹង។

រឿងដែលគ្រូពេទ្យអ្នកមើលថែគភ៌ចង់ឱ្យស្រ្តីមានគភ៌ធ្វើក្នុងអំឡុងខែនេះមានដូចតទៅ ៈ

1 . ថ្លឹងទម្ងន់ខ្លួន និងវាស់សម្ពាធឈាម។

2 . ពិនិត្យជាតិស្ករ និងសារធាតុស៊ុតសនៅក្នុងទឹកមូត្រ។

3 . ស្ដាប់សំឡេងលោតរបស់បេះដូងរបស់ទារកនៅក្នុងគភ៌។

4 . ពិនិត្យមើលទំហំ និងរូបរាងរបស់ទារកក្នុងគភ៌។

5 . ពិនិត្យមើលកម្ពស់របស់ស្បូន។

6 . ពិនិត្យអាការហើមនៅលើដៃ និងជើង និងសរសៃឈាមនៅលើជើង។

7 . ពិនិត្យរកមើលអាការខុសប្រក្រតីផ្សេងៗ(បើមាន)។

រឿងដែលស្រ្តីមានគភ៌ត្រូវមើលថែទាំខ្លួនជាពិសេសក្នុងអំឡុងខែនេះគឺ ៈ

1 . អាចមានអាការឈឺ និងស្ពឹកនៅតាមចុងដៃ ដោយសារតែសរសៃប្រសាទដៃត្រូវស្រទាប់សាច់ភ្នាសរួបរឹត តែស្រ្តីមានគភ៌អាចកែបញ្ហានេះបានដោយចៀសវាងពីការគេងសង្កត់លើដៃខ្លួនឯង ឬគេងបត់ដៃ។ បើមានអាការឈឺចុកចាប់ខ្លាំងគួរតែទៅប្រឹក្សានឹងគ្រូពេទ្យ និងគួរញ៉ាំវីតាមីន B6 ឱ្យច្រើនឡើង ហាមញ៉ាំថ្នាំបំបាត់ការឈឺសន្លាក់ជាដាច់ខាត និងត្រូវប្រឹក្សាជាមួយគ្រូពេទ្យគ្រប់ពេលមុនទទួលទានថ្នាំអ្វីក៏ដាោយ។

2 . កើតអាការទល់លាមកខ្លាំងរហូតដល់បន្ទោបង់មានប្រឡាក់ឈាមមកជាមួយ ជាប្រក្រតី អាការនេះតែងជួបប្រទះនៅលើស្រ្តីមានផ្ទៃពោះពី 20 – 25ភាគរយ តែយ៉ាងណាក៏ដោយ គួរតែបានទទួលការពិនិត្យពីគ្រូពេទ្យ និងមើលថែទាំដោយខ្លួនឯងដោយការទទួលទានទឹកឱ្យបានច្រើន និងញ៉ាំអាហារដែលមានជាតិកាកសរសៃដើម្បីចៀសវាងពីអាការទល់លាមកនេះ។ ចូរឧស្សាហ៍គេងផ្អៀង និងមិនគួរស្ថិតក្នុងឥរិយាបថតែមួយក្នុងរយៈពេលយូរនោះទេ។ ពេលបន្ទោបង់មិនគួរអង្គុយប្រឹងខ្លាំងពេកទេ និងគួរមានកៅអីទាបមួយសម្រាប់ទ្រជើងដើម្បីបន្ថយកម្លាំងរុញច្រានក្នុងប្រអប់ពោះ។ បើសិនជាត្រូវការប្រើថ្នាំបន្ទន់លាមក គួរប្រឹក្សាជាមួយគ្រូពេទ្យ និងធ្វើការណែនាំរបស់គ្រូពេទ្យ។

3 . ចូរប្រយ័ត្នសភាវគភ៌មានជាតិពុល ដែលគេច្រើនជួបប្រទះនៅពេលអាយុគភ៌បាន 20សប្ដាហ៍ឡើងទៅ។ ច្រើនជួបប្រទះនៅលើស្រ្តីដែលមានគភ៌ហើយមានរោគលើសឈាមកាលពីពេលមុន។ បើបានពិនិត្យគភ៌ជាប់ជាប្រចាំ ក៏នឹងជួយឱ្យពិនិត្យឃើញតាំងពីដំបូងៗ និងអាចការពារបានទាន់ពេល តែយ៉ាងណាក៏ដោយ បើកើតមានអាការទាំងនេះ ឬក៏អាការមួយណានោះ ត្រូវប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យជាបន្ទាន់ ដូចជាទម្ងន់ខ្លួនកើនឡើងយ៉ាងឆាប់រហ័សទាំងមិនបានញ៉ាំអាហារច្រើន មានអាការហើមមុខ និងដៃខ្លាំង ឈឺក្បាលដោយមិនដឹងមូលហេតុ និងស្រវាំងភ្នែក ជាដើម៕

Advertisement