ធ្វើយ៉ាងម៉េចទៅ បើកូនជាក្មេងដែលរៀនមិនពូកែ?

ប្រាកដណាស់ថា ឪពុកម្ដាយគ្រប់រូបតែងតែនឹកសង្ឃឹមចង់ឱ្យកូនខ្លួនឯងជាក្មេងដែលរៀនពូកែ ដោយសង្ឃឹមថា នៅពេលដែលកូនរៀនពូកែហើយនោះ ធំឡើងក្លាយជាមនុស្សចាស់ គេច្បាស់ជានឹងមានអាជីពការងារល្អៗ និងមានអនាគតល្អមិនខាន។ ថ្ងៃនេះអ្នកគ្រូ ឆវីមានរឿងនិទានដែលផ្ដល់នូវការរិះគិតពាក់ព័ន្ធនឹងខាងដើមមកជម្រាបជូនលោកឪពុកអ្នកម្ដាយគ្រប់គ្នាឱ្យបានដឹង ដូចតទៅ ៈ

មានបុរសចិនម្នាក់រែកធុងទឹកនៅលើស្មាដើម្បីទៅដងទឹកនៅក្នុងដងអូរ ធុងមួយមានស្នាមបែក ខណៈដែលធុងមួយទៀតគ្មានស្នាមបែកប្រេះអ្វីទាំងអស់ និងអាចផ្ទុកទឹកត្រឡប់ទៅផ្ទះវិញបានពេញធុង តែដោយសារចម្ងាយផ្លូវដ៏វែងឆ្ងាយពីដងអូរត្រឡប់ទៅផ្ទះវិញនោះ ធ្វើឱ្យទឹកនៅក្នុងធុងដែលមានស្នាមបែកនោះនៅសល់តែកន្លះធុងប៉ុណ្ណោះ។

ហេតុការណ៍ទាំងអស់នេះដំណើរការទៅអស់រយៈពេល 2ឆ្នាំពេញ ដែលអ្នករែកទឹកអាចដងទឹកត្រឡប់ទៅផ្ទះវិញបានត្រឹមតែមួយធុងកន្លះ ដែលរឿងនេះប្រាកដណាស់ថា ធុងទឹកដែលគ្មានស្នាមប្រេះបែកនឹងមានអារម្មណ៍មោទនភាពលើលទ្ធផលការងាររបស់ខ្លួនឯងជាទីបំផុត ខណៈពេលជាមួយគ្នា ធុងទឹកដែលមានស្នាមប្រេះបែកក៏មានអារម្មណ៍ខ្មាស់អៀនចំពោះភាពមិនសមប្រកបរបស់ខ្លួនឯង។ វាមានអារម្មណ៍សោកសៅជាខ្លាំងចំពោះការដែលវាអាចបំពេញតួនាទីបានត្រឹមតែពាក់កណ្ដាលនៃគោលបំណងដែលវាត្រូវបានសាងឡើងមក។ បន្ទាប់ពីពេលវេលា 2ឆ្នាំដែលធុងទឹកមានស្នាមប្រេះបែកមើលឃើញថាជាក្ដីបរាជ័យដ៏ល្វីងជូរចត់នោះ ថ្ងៃមួយនៅក្បែរដងអូរ វាបាននិយាយជាមួយអ្នករែកទឹកថា ៈ

ខ្ញុំមានអារម្មណ៍ខ្មាស់ខ្លួនឯងខ្លាំងណាស់ ដោយសារតែស្នាមបែកនៅខាងៗខ្លួនរបស់ខ្ញុំ ធ្វើឱ្យទឹកដែលនៅខាងក្នុងហូរចេញមករហូតនៅតាមផ្លូវដែលត្រឡប់ទៅផ្ទះរបស់លោកវិញ

អ្នករែកទឹកឆ្លើយថា

ឯងធ្លាប់សង្កេតមើលទេថា មានដើមផ្ការីកស្គុះស្គាយនៅតាមដងផ្លូវរហូតនៅខាងរបស់ឯង តែបែរជាមិនមានផ្ការីកសោះឡើយនៅឯខាងធុងម្ខាងទៀត ព្រោះតែខ្ញុំដឹងថាឯងមានស្នាមបែក ទើបខ្ញុំយកគ្រាប់ពូជដើមផ្កាមករោយនៅខាងៗផ្លូវខាងឯង និងរៀងរាល់ថ្ងៃដែលយើងដើរត្រឡប់ទៅផ្ទះវិញ គឺឯងហ្នឹងឯងជាអ្នកស្រោចទឹកដាក់គ្រាប់ពូជទាំងនោះ និងរយៈពេល 2ឆ្នាំហើយដែលខ្ញុំអាចកាច់ផ្កាស្អាតៗទាំងនោះយកត្រឡប់ទៅដាក់តាំងលម្អនៅលើតុបាយ បើសិនជាគ្មានឯងដែលជាខ្លួនរបស់ឯងអ៊ីចឹង…យើងក៏ប្រហែលជាមិនអាចទទួលបានភាពស្រស់ស្អាតបែបនេះបានដែរ

អ្វីដែលអ្នកគ្រូ ឆវីចង់ប្រាប់គឺ បេះដូងមនុស្សដែលជាឪពុកជាម្ដាយភាគច្រើន តែងតែចង់ចិញ្ចឹមកូនឱ្យល្អទាំងអស់គ្រប់យ៉ាង

ជាពិសេសបំផុត នឹកសង្ឃឹមចង់ឱ្យកូនរបស់យើងជាក្មេងរៀនពូកែ ព្រោះតែជឿថា ក្មេងដែលរៀនពូកែ ច្រើនតែទទួលបានជោគជ័យក្នុងជីវិត ដែលប្រៀបដូចជា “ធុងទឹកដែលគ្មានស្នាមបែក” តែបើសិនជាកូនរៀនមិនពូកែ ឪពុកម្ដាយក៏នឹងមានអារម្មណ៍អស់សង្ឃឹម និងស្ដីថាឱ្យកូនថា ជាក្មេងមិនល្អ មិនបានការ ធ្វើឱ្យក្មេងបាត់បង់ក្ដីមោទនភាពចំពោះខ្លួនឯងដូច “ធុងទឹកដែលមានស្នាមបែក” ដោយអាចនឹងមិនបានសង្កេតមើលឡើយថា កូនរបស់យើងមានចំណុចល្អអ្វីខ្លះបង្កប់នៅក្នុងខ្លួនគេដែលក្រៅពីរឿងរៀនសូត្រហើយនោះ ដូចជា គេជាក្មេងដែលរួសរាយស្រស់ស្រាយ ចូលចុះជាមួយមិត្តភ័ក្តិ មានទឹកចិត្តល្អ នៅជាមួយអ្នកណាក៏មានតែសំឡេងសើចសប្បាយ។ ពិតណាស់ថា ការដែលឪពុកម្ដាយចង់ឱ្យកូនក្លាយជាក្មេងរៀនពូកែ មិនមែនជារឿងខុសឆ្គងទេ តែការដែលកូនរៀនមិនពូកែក៏មិនមែនជារឿងខុសឆ្គងដែរ។ សាកល្បងបើកចិត្តទទួលស្គាល់កូនក្នុងរូបបែបដែលជារូបគេ និងសម្លឹងរកមើលរឿងដែលល្អបំផុតនៅក្នុងខ្លួនរបស់គេ ព្រោះគ្មានក្មេងណាម្នាក់កើតមកហើយគ្មានចំណុចល្អសោះនោះទេ គ្រាន់តែវាស្ថិតលើមនុស្សដែលជាឪពុកម្ដាយនឹងជ្រើសរើសសម្លឹងមើលផ្នែកណាមួយរបស់កូនតែប៉ុណ្ណោះ៕

Advertisement