ពហុវិធីកែបញ្ហាក្មេងពិបាកញ៉ាំ ឱ្យក្លាយជាក្មេងដែលចូលចិត្តញ៉ាំ មិនកៀសបន្លែចេញ

“ក្មេងពិបាកញ៉ាំអាហារ” ជាបញ្ហាមួយដែលឪពុកម្ដាយមានអារម្មណ៍តានតឹង និងកង្វល់ចិត្តយ៉ាងខ្លាំង ហើយដោយសារតែខំព្យាយាមគ្រប់បែបយ៉ាងធ្វើយ៉ាងណាឱ្យកូនបានញ៉ាំអាហារ ទើបជាលទ្ធផលធ្វើឱ្យក្មេងតតាំងកាន់តែខ្លាំងឡើង ហើយបញ្ហាក៏នឹងរឹតតែធ្ងន់ធ្ងរ និងរ៉ាំរ៉ៃខ្លាំងឡើង។ “ក្មេងពិបាកញ៉ាំអាហារ” អាចជួបប្រទះនៅលើក្មេងទូទៅ 3 – 5ភាគរយច្រើនស្ថិតក្នុងវ័យ 1 – 6ឆ្នាំ ក្មេងនឹងមានអាការដូចតទៅ គឺញ៉ាំយឺត បៀមបាយ ឬស្រែកយំមិនព្រមញ៉ាំ ខ្ជាក់ចេញ ឬក្អួតអាហារដែលញ៉ាំចូលទៅហើយនោះចេញមកវិញ ជាដើម។ ឯឪពុកម្ដាយវិញនឹងខំប្រឹងធ្វើយ៉ាងណាឱ្យកូនញ៉ាំបាន តាំងពីទំពាបញ្ចុក បង្ខំ លួងលោម អង្វរ សូកប៉ាន់ ដាក់លក្ខខណ្ឌជាមួយកូន ឬបង្ខំដាក់ទណ្ឌកម្មដោយវិធីផ្សេងៗក៏មាន។

ភាគច្រើនក្មេងត្រូវបានទទួលអាហារមួយថ្ងៃក្នុងបរិមាណដែលគ្រប់គ្រាន់ តែបើក្នុងករណីដែលក្មេងបានទទួលអាហារតិចជាងប្រក្រតី និងមានការចម្រើនធំធាត់យឺតនោះ ក្មេងគួរបានទទួលការពិនិត្យវាយតម្លៃដើម្បីរកវិធីព្យាបាលខាងរាងកាយ និងផ្លូវចិត្តយ៉ាងលម្អិត។

វិធីកែបញ្ហា ក្មេងពិបាកញ៉ាំអាហារ ក្នុងវ័យដែលត្រូវចាប់ផ្ដើមញ៉ាំ

1 . ឱ្យអង្គុយនៅតុញ៉ាំបាយជាមួយប៉ាម៉ាក់។

2 . មិនបើកទូរទស្សន៍មើលក្នុងអំឡុងពេលញ៉ាំបាយ ឬអាហារ។

3 . ឱ្យពេលញ៉ាំអាហារប្រមាណជា 30នាទី ដោយដួសអាហារឱ្យសមល្មម មិនច្រើនជ្រុលពេក។ បើក្មេងមិនញ៉ាំ ពេលដល់ម៉ោង ចូរប្រមូលអាហារទុកដាក់។

4 . ក្នុងពេលញ៉ាំអាហារ ចូរនិយាយតែរឿងល្អៗ សប្បាយៗ។

5 . កុំបង្ខំឱ្យក្មេងញ៉ាំ ឬដាក់ទោស ពេលក្មេងមិនញ៉ាំអាហារ។

6 . ពេលក្មេងញ៉ាំបាយ ឬអាហារបានច្រើន ចូរនិយាយសរសើរ តែបើគេញ៉ាំបានតិច ចូរធ្វើព្រងើយ។

7 . តម និងចៀសវាងការញ៉ាំអាហារផ្សេងៗក្នុងអំឡុងពេលញ៉ាំបាយ ដូចជានំ ទឹកដោះគោ ឬស្ករគ្រាប់ជាដើម។

មូលហេតុធ្វើឱ្យក្មេងពិបាកញ៉ាំអាហារ

1 . បរិមាណអាហារច្រើនជ្រុលពេក។

2 . ក្មេងមិនចូលចិត្តញ៉ាំអាហារនោះ ដូចជាបន្លែ ឬត្រីជាដើម ដូច្នេះមិនគួរបង្ខំទេ តែគួរកែច្នៃអាហារនោះទៅជារូបបែបផ្សេងៗ ហើយបបួលឱ្យក្មេងសាកល្បងញ៉ាំ។

3 . ក្មេងខ្វះការឃ្លានចង់ញ៉ាំអាហារ ដោយសារតែញ៉ាំនំ ឬទឹកដោះគោនៅពេលមុនហ្នឹងរួចហើយ។

4 . ក្មេងមានបទពិសោធមិនល្អពាក់ព័ន្ធនឹងការញ៉ាំអាហារ ដូចជាធ្លាប់ត្រូវបញ្ចុកបង្ខំឱ្យញ៉ាំរហូតឈឺមាត់ ឬធ្លាប់ស្ថិតក្នុងបរិយាកាសដែលមិនល្អក្នុងការញ៉ាំអាហារ ដូចជាធ្លាប់ត្រូវសម្លុត ឬវាយបង្ខំឱ្យញ៉ាំជាដើម។

5 . ខណៈពេលញ៉ាំអាហារ ក្មេងមានការឈឺថ្កាត់ខាងរាងកាយ ឬមានបញ្ហាខាងអារម្មណ៍។

កែខៃបញ្ហារឿងកូនពិបាកញ៉ាំអាហារសម្រាប់មនុស្សជាឪពុកម្ដាយ

1 . បន្ថយក្ដីកង្វល់ចិត្តចុះខ្លះពាក់ព័ន្ធនឹងការញ៉ាំអាហាររបស់កូន ដូចជាកង្វល់ថា កូននឹងមានទម្ងន់ខ្លួនតិច(ស្គម) ឬបានទទួលសារធាតុអាហារមិនគ្រប់គ្រាន់ ជាដើម ព្រោះក្ដីកង្វល់នោះនឹងហុចផលទៅដល់កូន ធ្វើមានផលប៉ះពាល់ដល់ការមិនញ៉ាំអាហារបាន។

2 . បណ្ដោយឱ្យកូនមានឱកាសបានជួយខ្លួនឯងខ្លះពាក់ព័ន្ធនឹងការញ៉ាំអាហារ ដូចជា ចំពោះក្មេងដែលចាប់ផ្ដើមចេះចាប់កាន់ចំណីអាហារដុំតូចៗ ឬចេះយកស្លាបព្រាដាក់ចូលមាត់ ទោះជាកំពប់ ឬប្រឡាក់ខ្លះក៏ដោយ។

3 . ទៅជួបគ្រូពេទ្យចិត្តសាស្រ្តកុមារ បើសិនអាណាព្យាបាលបានធ្វើតាមការណែនាំ និងប្រតិបត្តិតាមចំណុចទី1 និងចំណុចទី2យ៉ាងជាប់លាប់ហើយ និងបើមានចំណុចសង្ស័យណាមួយអាចសុំការណែនាំពីគ្រូពេទ្យកុមារ ឬគ្រូពេទ្យចិត្តសាស្រ្តកុមារដើម្បីរកដំណោះស្រាយ។

វិធីការពារបញ្ហា ក្មេងពិបាកញ៉ាំអាហារ

1 . ចាប់ផ្ដើមឱ្យញ៉ាំអាហារបន្ថែមក្នុងពេលវេលាដ៏ត្រឹមត្រូវ(អាយុបានប្រមាណជា 6ខែឡើង)។

2 . បង្ហាត់បង្រៀនអំពី “សុខប្រតិបត្តិ” ក្នុងការញ៉ាំដល់ក្មេងតាំងពីពេលចាប់ផ្ដើមឱ្យញ៉ាំអាហារ។

បញ្ហា ក្មេង “ពិបាកញ៉ាំអាហារ”ជាបញ្ហាដែលជួបប្រទះញឹកញាប់ ដូច្នេះការមើលថែទាំ និងការពារបញ្ហាតាំងពីពេលចាប់ផ្ដើមនឹងជួយឱ្យក្មេងល្អប្រសើរឡើងបាន មិនដូច្នោះទេអាចកើតមានបញ្ហាឡើងបាន ដូចជា បញ្ហាសម្ព័ន្ធភាពរវាងឪពុកម្ដាយកូន បញ្ហាទង្វើច្រងេងច្រងាង និងបញ្ហាផ្នែកផ្លូវចិត្ត ដូចជាមានសម្ពាធ និងខ្វល់ខ្វាយច្រើន ជាដើម៕

Advertisement