“ចាប់បដិសន្ធិ” ប្រតិបត្តិការដ៏មហស្ចារ្យរបស់ជីវិត

នៅលើពិភពលោកមួយនេះ រឿងដែលអាចហៅបានថា “មហស្ចារ្យ” បានកើតឡើងច្រើនណាស់។ ការ “ចាប់បដិសន្ធិ” ឡើងនៅក្នុងគភ៌ម្ដាយ ក៏អាចហៅបានថាជារឿងដ៏មហស្ចារ្យមួយដែរ ព្រោះទម្រាំនឹងមេជីវិតមួយហែលវែកហ្វូងចូលទៅរកស៊ុតញី និងចោះចូលទៅបានសម្រេចនោះមិនមែនជារឿងងាយស្រួលឡើយ។ ទើបមិនគួរឱ្យចម្លែកចិត្តឡើយដែលគូស្វាមីភរិយាទាំងឡាយសុទ្ធតែមានក្ដីរំភើបសោមនស្សជាខ្លាំងនៅពេលដឹងថា មានជីវិតមួយទៀតបាន “ចាប់បដិសន្ធិ” ឡើងហើយនៅក្នុងគភ៌ ដូច្នេះយើងនាំគ្នាមកមើលទាំងអស់គ្នាថា ទម្រាំតែកូនតូចសម្លាញ់ប្រសូតចេញមកនោះ តើមានអ្វីកើតឡើងខ្លះនៅក្នុងគភ៌របស់ម្ដាយ។

ការធ្វើដំណើររបស់មេជីវិត

បន្ទាប់ពីខាងប្រុសបង្ហូរទឹកអសុចិដែលមានមេជីវិតចំនួនដ៏ច្រើនរាប់រយលានក្បាលចូលទៅក្នុងរន្ធស្បូនរបស់ខាងស្រីហើយ មេជីវិតទាំងនោះនឹងហែលវែកទឹករំអិលក្នុងបរិវេណរន្ធស្បូនឆ្ពោះទៅរកមាត់ស្បូនដែលមានភាពស្ដើង និងយឺតយារយ៉ាងល្អក្នុងអំឡុងពេលទម្លាក់ស៊ុតញី ហើយហែលបន្តចូលទៅក្នុងប្រអប់ស្បូន ឆ្លងកាត់បំពង់បង្ហូរស៊ុតឆ្ពោះទៅរកដៃស្បូន។ ជាទូទៅមេជីវិតនឹងហែលវែកកាយទៅមុខដោយល្បឿន 2 – 3មីល្លីម៉ែត្រក្នុងមួយនាទី តែនឹងហែលទៅមុខបានយឺតក្នុងអំឡុងពេលឆ្លងកាត់រន្ធស្បូនដែលមានសភាពជាអាស៊ីត ហើយនឹងហែលលឿនឡើងនៅពេលឆ្លងផុតមាត់ស្បូនចូលទៅក្នុងប្រអប់ស្បូនដែលមានសភាពជាជាតិក្បុង ដែលទម្រាំតែហ្វូងមេជីវិតធ្វើដំណើរទៅដល់ដៃស្បូន ចំនួនបានថយចុះអស់ជាច្រើន ធ្វើឱ្យនៅសល់មេជីវិតចំនួនមិនច្រើនប៉ុន្មានឡើយដែលមានឱកាសហែលទៅដល់ស៊ុតញី និងមានមេជីវិតតែមួយក្បាលគត់ដែលអាចចោះចូលទៅក្នុងពពុះស៊ុតបានសម្រេច។ បន្ទាប់ពីចោះចូលទៅបានហើយ មេជីវិតនឹងផ្ដាច់កន្ទុយចេញ និងរំលាយផ្នែកក្បាលដើម្បីបញ្ចេញក្រូម៉ូហ្សូមទាំង 23ដើមដែលផ្ទុកនៅខាងក្នុងឱ្យចូលទៅរកស៊ុតញីដើម្បីចាប់គូជាមួយក្រូម៉ូហ្សូម 23ដើមទៀតនៅក្នុងពពុះស៊ុត និងរួមចូលគ្នាក្លាយជាកោសិកា 1កោសិកា ដែលមានន័យថា ការ “ចាប់បដិសន្ធិ” បានកើតឡើងហើយ។

វិវឌ្ឍនាការរបស់កោសិកា និងការធ្វើដំណើររបស់តួកំណើត

បន្ទាប់ពីមានការ “ចាប់បដិសន្ធិ” ឡើង រហូតកើតជាកោសិកាហើយ កោសិកានឹងធ្វើការបំបែកខ្លួនបែបទ្វេគុណយ៉ាងឆាប់រហ័សពី1 ទៅជា2 ពី2 ទៅជា4 ពី4 ទៅជា8 ជារឿយៗ រហូតដល់មានរាប់រយកោសិកា និងក្នុងពេលជាមួយគ្នានោះឯង ស៊ុតដែលបានទទួលការរួមផ្សំ និងក្លាយជាតួកំណើតនេះនឹងរំកឹលសន្សឹមៗទៅបង្កប់ខ្លួនក្នុងប្រអប់ស្បូន ដែលជាទូទៅ នឹងប្រើពេលវេលាក្នុងការធ្វើដំណើរប្រមាណជាមួយសប្ដាហ៍។ នៅពេលតួកំណើតអាចបង្កប់ខ្លួននៅក្នុងសាច់ភ្នាសប្រអប់ស្បូនបានយ៉ាងរឹងមាំល្អហើយ ទើបអាចហៅបានថា ការ “ចាប់បដិសន្ធិ” លើកនេះចប់សព្វគ្រប់យ៉ាងពេញលេញហើយ។ បន្ទាប់ពីនោះ តួកំណើតនឹងវិវឌ្ឍខ្លួនជាបណ្ដើរៗរឿយៗ ដោយនឹងប្រើពេលវេលាប្រមាណ 9ខែ ឬ40សប្ដាហ៍ ក៏នឹងវិវឌ្ឍចប់សព្វគ្រប់យ៉ាងពេញលេញ និងត្រៀមខ្លួនរួចជាស្រេចក្នុងការប្រសូតចេញមកពិភពខាងក្រៅ៕

Advertisement