ការស្ទាបរកទីតាំងរបស់កូន ត្រង់ណាក្បាល ត្រង់ណាជើង អាចធ្វើបានតាមខាងក្រោមនេះ

តើធ្វើម៉េចនឹងដឹងបានថា តើកូននៅក្នុងពោះស្ថិតក្នុងទីតាំងណា? ទីតាំងរបស់កូននៅក្នុងពោះមានភាពសំខាន់យ៉ាងណា? និងតើគួរចាប់ផ្ដើមស្ទាបមើលទីតាំងកូនតូចនៅពេលណា?។ ស្រ្តីជាម្ដាយម្នាក់ៗសុទ្ធតែចង់ដឹងថា តើកូនស្ថិតនៅត្រង់ណាក្នុងពោះរបស់ខ្លួន ព្រោះទីតាំងរបស់កូនតូចនៅក្នុងផ្ទៃ ក៏សំខាន់ខ្លាំងណាស់ដែរ ដូច្នេះយើងនាំគ្នាមកមើលថា តើវិធីស្ទាបក្បាលពោះរកមើលទីតាំងរបស់កូនតូចបែបងាយៗគេធ្វើបែបណាដូចតទៅ។

ទីតាំងរបស់កូនតូចនៅក្នុងពោះសំខាន់យ៉ាងណា?

គ្រូពេទ្យជំនាញខាងសម្រាលកូនជឿថា ទីតាំងដែលទារកបែរក្បាលចុះនោះ ជាទីតាំងដែលស័ក្តិសមបំផុតសម្រាប់ការប្រសូត រឹតតែផ្ទៃមុខរបស់ទារកស្របគ្នាជាមួយនឹងបន្ទាត់ឆ្អឹងកងខ្នងផងនោះរឹតតែប្រសើរទៅទៀត។ ការស្ទាបរកមើលទីតាំងរបស់កូនតូចនៅក្នុងពោះនេះ ជាវិធីមួយទៀតដែលនឹងជួយគ្រូពេទ្យក្នុងការសម្រេចចិត្តជ្រើសរើសវិធីប្រសូតដែលមានសុវត្ថិភាពបំផុត ដោយការរដែលដឹងថា ទារកនៅក្នុងគភ៌ស្ថិតនៅផ្នែកត្រង់ណា ទីតាំងណា គឺជាការជួយឱ្យគ្រូពេទ្យរៀបផែនការប្រសូតបានកាន់តែងាយស្រួលឡើង។

ស្រ្តីមានគភ៌ជាច្រើននាក់ខំហាត់ប្រាណដើម្បីឱ្យងាយស្រួលប្រសូត ដូចជា ខ្ជឹបរន្ធស្បូន និងធ្វើលំហាត់ប្រាណឆ្អឹងត្រគាក ជាដើម តែបើចង់ឱ្យរឹតតែប្រសើរជាងនោះទៀត បើស្រ្តីមានគភ៌បានដឹងពីទីតាំងរបស់កូនតូចក្នុងផ្ទៃខ្លួនផងនោះ វានឹងជាការជួយឱ្យស្រ្តីមានគភ៌ជ្រើសរើសការធ្វើលំហាត់ប្រាណបានត្រឹមត្រូវ និងស័ក្តិសមរឹតតែល្អប្រសើរឡើងទៅទៀត។

គួរចាប់ផ្ដើមស្ទាបរកទីតាំងកូនតូចនៅពេលណា?

ស្រ្តីមានគភ៌អាចចាប់ផ្ដើមស្ទាបពោះរកមើលទីតាំងរបស់កូនបានចាប់តាំងពីអាយុគភ៌បាន 6 ខែឡើងទៅ ដែលក្នុងរយៈពេលនេះកូននៅក្នុងផ្ទៃច្រើនតែស្ថិតនៅទីតាំងដដែល មិនសូវជាកម្រើកប្ដូរទីតាំងទៅណារហូតទាល់តែដល់ថ្ងៃប្រសូត។

មានជាច្រើនដងណាស់ដែលក្នុងអំឡុងពេលប្រសូត ចង្ការបស់ទារកអាចនឹងជាប់បរិវេណរន្ធស្បូន រហូតគ្រូពេទ្យត្រូវព្យាយាមជួយផ្អៀងខ្លួនទារកដើម្បីឱ្យប្រសូតបាន ដូច្នេះ បើសិនជាស្រ្តីជាម្ដាយដឹងជាមុនថា កូនតូចក្នុងពោះស្ថិតក្នុងទីតាំងណា នៅត្រង់ណាក្នុងផ្ទៃ ក៏នឹងអាចជាការជួយការពារ ឬចៀសវាងពីគ្រោះថ្នាក់ចៃដន្យណាមួយដែលអាចកើតឡើងក្នុងអំឡុងពេលប្រសូតបានដែរ។

ការស្ទាបពោះរកទីតាំងរបស់កូនតូច គួរចាប់ផ្ដើមនៅពេលណា?

ការស្ទាបពោះរកទីីតាំងកូនអាចនឹងស្ដាប់មើលទៅហាក់ដូចជារឿងពិបាកបន្តិច តែការពិតវិញ ការស្ទាបក្បាលពោះរកទីតាំងកូននេះមិនបានពិបាកដូចយើងគិតនោះទេ ដោយស្រ្តីមានគភ៌អាចធ្វើតាមវិធីងាយៗដូចតទៅនេះ ៈ

1 . យកប៊ិចមកគូររង្វង់ជុំវិញក្បាលពោះ បន្ទាប់មកបែងចែកជា 4 ចំណែកស្មើៗគ្នា។

2 . ចាប់ផ្ដើមរកក្បាលរបស់ទារកក្នុងគភ៌ដោយការស្ទាបថ្នមៗ បើអ្នកម្ដាយស្ទាបហើយមានអារម្មណ៍ដឹងពីដុំអ្វីម្យ៉ាងមូលៗ ចូរសន្និដ្ឋានទុកមុនចុះថា នោះគឺជាក្បាលរបស់កូនសម្លាញ់ហើយ បន្ទាប់ពីនោះចូរយកប៊ិចគូរជារង្វង់លើកន្លែងទីតាំងក្បាលរបស់កូនទុក។

3 . បន្តមកទៀត ចូរសាកល្បងស្ទាបរកមើលដៃរបស់កូន ដែលបើសិនជាអ្នកម្ដាយស្ទាបហើយមានអារម្មណ៍ថាដូចបានប៉ះខ្សែអ្វីម្យ៉ាងតូចៗ ចូរសន្និដ្ឋានទុកចុះថា នោះគឺជាដៃរបស់កូន ហើយបន្ទាប់ពីនោះចូរយកប៊ិចគូរជារង្វង់កន្លែងទីតាំងដៃរបស់កូនទុក។

4 . ចាប់ផ្ដើមស្ទាបរកបេះដូងរបស់កូនតូច ដែលអាចនឹងពិបាកបន្តិច។ អ្នកម្ដាយជាច្រើនអាចនឹងស្ទាបរកមិនឃើញ ដូច្នេះអាចសាកល្បងឱ្យគ្រូពេទ្យជួយរកមើលឱ្យក៏បាន។

5 . បើសិនជាស្ទាបហើយមានអារម្មណ៍ដឹងពីដុំអ្វីម្យ៉ាងមូលៗ ក្រៅពីសន្និដ្ឋានថា នោះគឺជាក្បាលរបស់កូនតូចហើយ វាក៏អាចទៅរួចដែរថា នោះគឺជាគូទរបស់កូន។ តែទោះជាគូទអាចស្រដៀងនឹងក្បាលរបស់កូនមែន តែអ្នកម្ដាយអាចបែងចែកបាន ដោយសារតែគូទរបស់កូននឹងនៅជិតទីតាំងដែលអ្នកម្ដាយមានអារម្មណ៍ដឹងថា កូនធាក់។

6 . ពេលស្រ្តីមានគភ៌បានដឹងពីទីតាំងរបស់កូនដោយត្រួសៗហើយ សាកល្បងយកតុក្កតាតូចមួយមកដាក់ឱ្យចំទីតាំងដែលមានស្នាមគូរដៅទុកនៅលើក្បាលពោះទាំងនោះ អ្នកម្ដាយក៏នឹងបានឃើញជារូបភាពថា កូនស្ថិតនៅត្រង់ណាក្នុងពោះម្ដាយបានកាន់តែច្បាស់ឡើង៕

Advertisement