នៅពេលកូនតូចឈានចូលខែទី 8

ខែទី 8

លក្ខណៈរបស់កូនតូច

ក្នុងវ័យនេះ កូនអាចលូនវារបានតាមចិត្តខ្លួនឯងបានឆ្ងាយហើយ ដូច្នេះអ្នកម្ដាយគួរប្រមូលទុកដាក់របស់របរនៅក្នុងផ្ទះឱ្យបានរៀបរយ។ ប្រយ័ត្នពួកទូដាក់សម្លៀកបំពាក់ដែលទ្វារងាយរបើក របស់របរក្នុងទូក៏ត្រូវតែប្រយ័ត្នដែរ ដូចជាគ្រាប់ថ្នាំដេញសត្វកន្លាត ថតតុ ឬថតទូដែលកូនអាចឈោងដៃដល់ជាដើម។ ត្រូវប្រមូលរៀបចំទុកដាក់របស់របរឱ្យបានរៀបរយ របស់ដែលអាចបង្កគ្រោះថ្នាក់ និងវត្ថុដែលមុតស្រួចត្រូវយកទៅទុកឱ្យឆ្ងាយៗ។ បើរស់នៅក្នុងផ្ទះ 2 ជាន់ ឬផ្ទះនៅខ្ពស់ពីដី ត្រូវប្រយ័ត្នកូនធ្លាក់ពីកាំជណ្ដើរ និងនៅត្រង់មាត់កាំជណ្ដើរគួរតែដាក់អ្វីឃាំងការពារ។

ដល់ពេលញ៉ាំអាហារបន្ថែមហើយ

កូនតូចនឹងបង្ហាញឱ្យឃើញពីទម្លាប់និស្ស័យការញ៉ាំដែលខុសប្លែកពីមុនកាន់តែច្បាស់ឡើង ក្មេងខ្លះចូលចិត្តញ៉ាំបាយ ក្មេងខ្លះមិនចូលចិត្តញ៉ាំបន្លែ ក្មេងខ្លះទៀតមិនចូលចិត្តញ៉ាំត្រី តែចូលចិត្តញ៉ាំបន្លែ ដូច្នេះទើបអាហារបន្ថែមរបស់ក្មេងម្នាក់ៗមិនដូចគ្នាទាំងប្រភេទ និងបរិមាណអាហារ។ ក្មេងខ្លះមិនចូលចិត្តញ៉ាំបបរម៉ដ្ឋៗទេ ដូច្នេះចូរសាកល្បងឱ្យញ៉ាំបាយជ្រាយៗ ឬឱ្យញ៉ាំគុយទាវ មី គាវ ជំនួសបាយ ឬនំប៉័ងបាន។ ពពួកបន្លែវិញ ដំឡូង ល្ពៅ គួរចាប់ផ្ដើមហាន់ជាដុំតូចៗ និងឱ្យញ៉ាំជំនួសការកិនឱ្យម៉ដ្ឋបានហើយ។ បន្លែភាគច្រើន ក្មេងញ៉ាំបានទាំងអស់។ ត្រីដែលឱ្យញ៉ាំគួរតែជាត្រីសាច់ស ពេលឱ្យញ៉ាំត្រីសាច់ក្រហម ឬត្រីដែលមានខ្លាញ់ច្រើនៗ ត្រូវឱ្យញ៉ាំម្ដងបន្តិច។ ពពួកសាច់ជ្រូក សាច់គោគួរចិញ្រ្ចាំឱ្យល្អិត ព្រោះក្មេងវ័យនេះអាចញ៉ាំបានហើយ។

អាហារបន្ថែមគួរចម្អិនឱ្យស្អាត និងឆ្អិន រសជាតិលែមៗ(មិនប្រៃ ឬផ្អែមខ្លាំង)។ អាហារកូនក្មេងមិនគួរជាបបរដាក់សាច់ជ្រូក ដាក់បន្លែ ដាក់ថ្លើមរួមគ្នាក្នុងចានតែមួយគ្រប់ពេលញ៉ាំអាហារនោះទេ ព្រោះទោះជាងាយស្រួលធ្វើមែន តែមិនស័ក្តិសមសម្រាប់បង្ហាត់កូនឱ្យស្គាល់ពីរសជាតិអាហារប្រភេទនីមួយៗនោះទេ។ កូននឹងរីករាយខ្លាំងជាង បើបានញ៉ាំបាយជាមួយម្ហូបមួយមុខ ឬពីរមុខ ជាមួយសម្លស្ងោរ។ អ្នកម្ដាយចូរជ្រើសរើសអាហារដែលងាយស្រួលធ្វើ និងឱ្យដូចដែលបានរៀបរាប់មកនេះក្នុងមួយថ្ងៃឱ្យបានមួយពេល និងមួយពេលទៀតអាចជានំប៉័ង ស៊ុត ឬទឹកដោះគោ និងផ្លែឈើក៏បាន។

ក្មេងវ័យនេះ ទម្ងន់ខ្លួននឹងកើនឡើងជាមធ្យមមួយថ្ងៃប្រមាណជា 8 – 10 ក្រាម តែក្មេងដែលពូកែញ៉ាំ ពូកែញ៉ាំបាយ ពូកែញ៉ាំនំ អាចនឹងកើនឡើងដល់ 15 – 20 ក្រាមក្នុងមួយថ្ងៃ។

បើឱ្យកូនញ៉ាំនំ

ទោះនំមិនមែនជាអាហារចាំបាច់ចំពោះក្មេងៗក៏ដោយ តែក្មេងៗមានអារម្មណ៍ត្រេកអរណាស់នៅពេលបានញ៉ាំនំ ដូច្នេះគួេឱ្យកូនបានញ៉ាំខ្លះផង។ ភាគច្រើនៗឱ្យញ៉ាំនៅពេលរសៀល មុនឱ្យញ៉ាំទឹកដោះគោ។ អាចជានំប៉័ងស្រួយៗ នំប៉័ងអាំង កូននឹងសប្បាយចិត្តខ្លាំងណាស់ដែលបានកាន់នំញ៉ាំដោយខ្លួនឯង តែបើកូនជាក្មេងពូកែញ៉ាំ បាយក៏ញ៉ាំច្រើន នំក៏ញ៉ាំច្រើននោះ អ្នកម្ដាយគួរប្ដូរពីនំទៅជាផ្លែឈើវិញប្រសើរជាង និងមិនគួរឱ្យក្នុងវ័យនេះញ៉ាំស្ករសូកូឡា ស្ករថូហ្វហ្វ៊ី។ នំដែលធ្វើខ្លួនឯងនៅផ្ទះក៏អាចឱ្យកូនញ៉ាំបានដែរ ដូចជា ចេកខ្ទិះ បបរល្ពៅ បបរសណ្ដែកខៀវ។ល។

អាការដែលអាចកើតឡើង

. ពេលកូនប្រកាច់ ភាគច្រើនកើតឡើតព្រោះតែក្ដៅខ្លួនខ្លាំង។ ក្មេងនឹងប្រកាច់ញាក់ៗ ញ័រខ្លួន បញ្ឈរភ្នែក មិនប្រិចភ្នែក ហៅឈ្មោះក៏មិនដឹងខ្លួន ចាប់អង្រួនក៏នៅតែមិនដឹងខ្លួន។ ក្មេងខ្លះប្រកាច់ 1 – 2 នាទី ក្មេងខ្លះដល់ទៅ 10 នាទី។ អាការប្រកាច់ច្រើនតែកើតនៅលើក្មេងដែលរាងកាយមានប្រតិកម្មជាមួយសីតុណ្ហភាពដែលខ្ពស់ឡើងឆាប់រហ័ស ឬនៅលើក្មេងដែលងាយខឹងក្រេវក្រោធ ប៉ឹនយំ។ល។ វិធីកែបញ្ហានេះគឺ ជូតខ្លួនដោយទឹកធម្មតាជាបន្ទាន់ និងគួរឱ្យត្រូវខ្យល់អាកាសខាងក្រៅឱ្យច្រើន បង្វឹករាងកាយឱ្យរឹងមាំជានិច្ច។ បើកូនធ្លាប់ប្រកាច់នៅពេលក្ដៅខ្លួនខ្លាំង អ្នកម្ដាយគួរសុំថ្នាំបញ្ចុះកម្ដៅពីលោកគ្រូពេទ្យមកទុក និងប្រញាប់ឱ្យកូនញ៉ាំនៅពេលកូនចាប់ផ្ដើមមានអាការក្ដៅខ្លួន ដើម្បីការពារទុកជាមុន។

. ពងបែកនៅក្នុងមាត់

ជាជំងឺឆ្លងដែលកើតដោយសារមេរោគវីរុស ក្មេងៗតែងកើតជំងឺនេះច្រើន និងញឹកញាប់។ មានអាការក្អួតចង្អោរ ក្ដៅខ្លួនប្រហែល 39 អង្សាC មាត់របកក្លាយជាដំបៅ មានពងតូចៗនៅគល់អណ្ដាត ដែលអាចបែកក្លាយជាកូនដំបៅក្រហមៗតូចៗ។ កូនច្រើនតែមិនចង់ញ៉ាំបាយ ព្រោះឈឺដំបៅនៅក្នុងមាត់ និងបំពង់ក ទឹកមាត់នឹងហៀរចេញមកច្រើន។ រយៈពេល 2 – 3 ថ្ងៃដំបូងនឹងពិបាកញ៉ាំ និងញ៉ាំបានតែទឹកដោះគោ មាត់នឹងមានក្លិនស្អុយ។ ក្មេងខ្លះមិនមែនកើតតែនៅក្នុងមាត់ប៉ុណ្ណោះទេ តែនៅមានកន្ទាលត្រអាកឡើងនៅតាមដៃ និងជើងទៀតផង ហើយកម្ដៅខ្លួនក៏អាចឡើងចុះក្នុងអំឡុង 2 – 3 ថ្ងៃ តែក្មេងខ្លះកម្ដៅខ្លួនថយចុះក្នុងថ្ងៃតែមួយក៏មាន។ ជំងឺនេះគ្មានថ្នាំព្យាបាលទេ តែក៏មិនបាច់កង្វល់ដែរ ព្រោះជាជំងឺដែលជាទៅវិញដោយឯកឯងក្នុងរយៈពេលមួយសប្ដាហ៍។

វិវឌ្ឍនាការរបស់កូនតូច

– រាងកាយ

. ភាគច្រើនចេះលូនវារបានហើយ និងចំណានឡើងជារឿយ។

. ចេះតោងកៅអី ឬតុ ហើយស្ទុះងើបឡើង ឈានជើងដើរទៅមុខបានមួយជំហាន។

. អង្គុយខ្នងត្រង់បានយូរគួរសម ដោយមិនចាំបាច់មានអ្វីមកទប់ខ្នង។

. ចេះព្យាយាមចាប់យកវត្ថុតូចៗដោយប្រើម្រាមចង្អុល និងម្រាមមេដៃបានខ្លាំងហើយ។

. ចេះគ្រវាសវត្ថុដែលខ្លួនមិនត្រូវការចេញ។

– សង្គមជុំវិញខ្លួន

. ចាំខ្លួនរបស់ខ្លួនឯងបាន និងងាកតាមសំឡេងដែលគេហៅឈ្មោះ។

. ចេះបញ្ចេញសំឡេងផ្សេងៗ ពេលខ្លះមើលទៅឃើញដូចកំពុងនិយាយម្នាក់ឯង។

. យល់ពីការលេង វាក់អ៊ើហើយ។

. ចូលចិត្តពិនិត្យមើលវត្ថុដែលនៅក្នុងដៃ និងរបស់លេង។

. ចេះបែងចែកភាពខុសប្លែកពីគ្នាហើយ។

. ចេះស្រែកហៅឱ្យអ្នកឯទៀតបែរមកចាប់អារម្មណ៍។

– លេងជាមួយកូនឱ្យបានញឹកញាប់

ក្នុងវ័យនេះ កូនចេះបង្ហាញអារម្មណ៍ច្រើនឡើងហើយ ដូច្នេះក៏ត្រូវការឱ្យមនុស្សធំតបស្នងមកខ្លួនឯងវិញច្រើនឡើងដែរ។ ការជជែកនិយាយជាមួយកូនញឹកញាប់ ការនិយាយរឿងនិទានឱ្យកូនស្ដាប់នឹងជួយអភិវឌ្ឍជំនាញខាងផ្នែកភាសា និងបណ្ដុះទម្លាប់និស្ស័យស្រឡាញ់ការអានដល់កូនទៀតផង។ លោកឪពុកអ្នកម្ដាយព្យយាមរកសៀវភៅរឿងនិទានដែលស័ក្តិសមនឹងវ័យនេះមកទុកជិតៗខ្លួនជានិច្ច ដើម្បីឱ្យកូនមានអារម្មណ៍ស៊ាំធ្លាប់ជាមួយសៀវភៅ។

ក្នុងវ័យនេះ កូនចេះចាប់អារម្មណ៍មើលទូរទស្សន៍ហើយ តែអ្នកម្ដាយមិនគួរបើកទូរទស្សន៍ទុកចោលដោយសារគិតថា កូននឹងបានរៀនយល់ដឹងពីភាសានិយាយនោះទេ ព្រោះការពិតវិញមិនមែនដូច្នោះទេ កូននឹងរៀនយល់ដឹងពីភាសានិយាយបានតាមរយៈសម្ព័ន្ធភាពជាមួយមនុស្សជុំវិញខ្លួនទៅវិញទេ៕

Advertisement