ទ្រាំមិនបត់ជើងតូចញឹកញាប់ក្នុងអំឡុងពេលមានគភ៌ ធ្វើឱ្យរលូតកូនមែនឬ?

រឿងដែលប្រែប្រួលយ៉ាងមើលឃើញច្បាស់ក្នុងអំឡុងពេលដែលស្រ្តីកំពុងតាំងគភ៌ ក្រៅពីនឹងមានទំហំពោះដែលធំឡើងរៀងរាល់ថ្ងៃហើយនោះ នៅមានទង្វើដែលប្លែកម្យ៉ាងទៀតគឺ មានអារម្មណ៍ថា ឈឺបត់ជើងតូចញឹកញាប់ណាស់ និងត្រូវចូលបន្ទប់ទឹកញឹកញាប់ដែរបើប្រៀបធៀបនឹងពេលមុនមានគភ៌ តែដោយសារតែការដែលត្រូវចូលបន្ទប់ទឹកញឹកញាប់នេះឯង ដែលធ្វើស្រ្តីមានគភ៌មួយចំនួនជ្រើសរើសក្នុងការទ្រាំមិនទៅបត់ជើងតូច ដែលលទ្ធផលនៃការទ្រាំខំទប់មិនទៅបត់ជើងតូចនេះ អាចនឹងធ្វើឱ្យរលូតកូន ឬប្រសូតមុនកំណត់បាន។

បញ្ហាឈឺបត់ជើងតូចញឹកញាប់នេះច្រើនកើតឡើងក្នុងអំឡុងការតាំងគភ៌ 3 ខែដំបូង ហើយនឹងកើតឡើងម្ដងទៀត គឺនៅក្នុងអំឡុងពេលជិតប្រសូត។ មូលហេតុ ព្រោះថា ក្នុងអំឡុងការតាំងគភ៌ 3 ខែដំបូងនេះ ស្បូននឹងមានការពង្រីកខ្លួនធំឡើង ធ្វើឱ្យទៅប្រជ្រៀតជាមួយនឹងប្លោកនោម និងថែមទាំងមានចរន្តឈាមដែលហូរវិលមកបរិវេណឆ្អឹងត្រគាកច្រើនឡើងផងដែរនោះ ទើបធ្វើឱ្យមានអារម្មណ៍ឈឺបត់ជើងតូចញឹកញាប់។

ចំណែកក្នុងអំឡុងពេលជិតប្រសូត ក៏កើតអាការឈឺបត់ជើងតូចញឹកញាប់ទៀតដូចគ្នា ដោយសារតែក្បាលរបស់ទារកនៅក្នុងគភ៌បានរំកិលទៅជិត និងសង្កត់ពីលើបរិវេណថ្ងាស(ពោះក្រោមផ្ចិត)របស់ម្ដាយ ដែលក៏នឹងទៅប្រជ្រៀតនឹងប្លោកទឹកមូត្រដូចគ្នា។

តែដោយសារតែស្រ្តីដែលកំពុងតាំងគភ៌ជាច្រើនត្រូវធ្វើការងារក្រៅផ្ទះ មិនងាយស្រួលក្នុងការចូលបន្ទប់ទឹក ទើបប្រើវិធីទ្រាំទប់មិនទៅបន្ទោបង់ ដែលលទ្ធផលនៃការទប់ទ្រាំមិនបន្ទោបង់នេះ(មិនថាក្នុងអំឡុងពេលមានគភ៌ ឬក៏អត់នោះទេ)នឹងធ្វើឱ្យប្លោកទឹកមូត្រឆ្លងមេរោគ និងយូរៗទៅក៏នឹងចាប់ផ្ដើមកើតមានអាការដូចជាបន្ទោបង់មិនអស់(ដូចជានៅឈឺបត់ជើងតូចទៀត តែទឹកមូត្រលែងចេញហើយ) និងនៅពេលធ្ងន់ធ្ងរខ្លាំងឡើង ក៏នឹងមានទឹកមូត្រចេញមកតិច(តែញឹកញាប់ឡើងជារឿយៗ) និងទីបំផុតអាចនឹងដល់ថ្នាក់រលាកបំពង់សាជីក្រលៀន ដែលអាចធ្វើឱ្យរលូតកូន ឬប្រសូតមុនកំណត់បាន។

វិធីកែបញ្ហាសម្រាប់ស្ត្រីដែលកំពុងតាំងគភ៌ និងមិនងាយស្រួលក្នុងការចូលបន្ទប់ទឹកក្នុងអំឡុងពេលធ្វើដំណើរ គឺចូរព្យាយាមចៀសវាងការញ៉ាំទឹកមុនពេលចេញពីផ្ទះរយៈពេល 1 ម៉ោង ដូចជា ប្រុងចេញទៅក្រៅនៅម៉ោង 10 ព្រឹក ដូច្នេះក្រោយម៉ោង 9 ព្រឹកមិនគួរញ៉ាំទឹកឡើយ និងគួរបត់ជើងតូចឱ្យហើយមុនពេលចេញទៅក្រៅ ទោះជាមិនឈឺក៏ដោយ លុះពេលទៅដល់គោលដៅហើយ សឹមញ៉ាំទឹកបំពេញវិញក៏អាចជួយកែខៃបញ្ហានេះបានដែរ៕

Advertisement