កូននឹងងាយជោគជ័យក្នុងជីវិត គ្រាន់តែឪពុកម្ដាយចេះបង្ហាត់ឱ្យចេះជួយធ្វើការងារផ្ទះ

បច្ចុប្បន្ននេះ បញ្ហារឿងរបស់ការចិញ្ចឹមកូនបានក្លាយជារឿងដែលធំទៅៗជារឿយៗហើយនៅក្នុងសង្គម ព្រោះឪពុកម្ដាយខ្លួនឯងក៏នឹកសង្ឃឹមទុកដែរថា កូននឹងត្រូវតែទទួលជោគជ័យក្នុងជីវិតដែលល្អឱ្យបាន ទើបត្រូវមានការរៀបចំផែនការផ្សេងៗរួមទាំងជ្រើសរើសអ្វីដែលល្អបំផុតឱ្យដល់កូន សូម្បីតែសាលារៀនទៀតផង ដែលការពិតទៅ មិនចាំបាច់ត្រូវធ្វើដល់ថ្នាក់ហ្នឹងក៏បានដែរ ត្រឹមតែបង្ហាត់បង្រៀនពីគ្រឹះសំខាន់ៗដល់កូន ក៏គេមានឱកាសទទួលជោគជ័យក្នុងជីវិតបានទៅហើយ។

បង្ហាត់កូនធ្វើការងារផ្ទះ គឺជាគ្រឹះរបស់ការទទួលជោគជ័យក្នុងជីវិត

គ្រឹះរបស់ការចិញ្ចឹមកូនងាយៗដែលមនុស្សជាច្រើនមើលរំលងនោះគឺ រឿងរបស់ការបង្ហាត់ឱ្យចេះធ្វើការងារផ្ទះដល់គេហ្នឹងឯង ដោយអាចនឹងចាប់ផ្ដើមពី ចោលសំរាម បោសជូតសម្អាតលើកន្លែងដែលគេបានធ្វើឱ្យកខ្វក់ រំកិលជាបណ្ដើរៗរហូតទៅដល់លាងចានដែលគេញ៉ាំខ្លួនឯងរួចហើយ ជាដើម។ ដំបូងៗអាចនឹងមានការតតាំងខ្លះហើយថា ហេតុអីត្រូវធ្វើ? ដែលរឿងនេះឪពុកម្ដាយក៏ត្រូវព្យាយាមប្រើហេតុផលដើម្បីឱ្យកូនបានយល់ច្រើនបំផុតយ៉ាងចិត្តត្រជាក់។ នៅពេលធ្វើបែបនេះយូរៗទៅ ក៏នឹងក្លាយទៅជាទម្លាប់និស្ស័យរបស់ក្មេងដែលនឹងក្លាយជារឿងល្អដិតជាប់ខ្លួនទៅថ្ងៃមុខ។

យកអ្វីមកវាស់ថា ពិតជាទទួលជោគជ័យក្នុងជីវិតមែន?

មានការងារស្រាវជ្រាវមួយពីមហាវិទ្យាល័យ ហាវ៉ាដ ដែលបានធ្វើការសិក្សារយៈពេលវែងតាំងពីឆ្នាំ 1938 រហូតមកដល់បច្ចុប្បន្នដែលអាចសរុបបានថា រឿងដែលធ្វើឱ្យមនុស្សអាចទទួលបានភាពជោគជ័យក្នុងជីវិតបានមាន 2 ប្រការ គឺ សេចក្ដីស្រឡាញ់ និងការធ្វើការងារ។ ក្រៅពីនេះ Julie Haims អតីតអ្នកដឹកនាំក្រុមនិស្សិតពីមហាវិទ្យាល័យ ស្ទែនហ្វ៉ដ ថែមទាំងបានបញ្ជាក់ទៀតផងថា បើសិនចាប់ផ្ដើមបង្ហាត់ឱ្យកុមារធ្វើការងារផ្ទះតាំងពីតូចៗ ពួកគេនឹងអាចរៀនយល់ដឹងរឿងផ្សេងៗបានល្អឡើង ហុចផលឱ្យគេមានភាពទទួលខុសត្រូវចំពោះសង្គមសួនរួមបានរឹតតែល្អឡើងទៀតផងនាពេលអនាគត។

ចំណុចល្អរបស់ការឱ្យកូនហ្វឹកហាត់ធ្វើការងារផ្ទះតាំងពីតូចៗ

ព្រោះការឱ្យក្មេងៗបានហ្វឹកហាត់ធ្វើការងារផ្ទះទាំងក្នុងផ្នែករបស់ខ្លួនឯង និងសួនរួមនោះ នឹងធ្វើឱ្យពួកគេមើលឃើញភាពសំខាន់របស់ការធ្វើការងាររឹតតែខ្លាំងឡើង និងមានអារម្មណ៍ថា ខ្លួនឯងគឺជាផ្នែកមួយដ៏សំខាន់របស់គ្រួសារ រួមទាំងបទពិសោធនៃភាពលំបាកលំបិនដែលកាន់តែពិបាកឡើងជារឿយៗ នឹងធ្វើឱ្យគេមានអារម្មណ៍យល់ចិត្តអាណិតអាសូរអ្នកឯទៀតដោយខ្លួនឯង ដែលរាប់បានថា ជាការរៀនយល់ដឹងពីបទពិសោធពិត ដោយមិនចាំបាច់រកតម្រាពីទីណាមកបង្រៀនឱ្យនាំតែពិបាកនោះឡើយ។

ការងារផ្ទះអ្វីខ្លះដែលគួរបង្ហាត់ឱ្យកូនធ្វើ

ដូចដែលបានរៀបរាប់រួចហើយ នោះគឺ ឱ្យចាប់ផ្ដើមពីការចោលសំរាម រៀបចំរបស់របរដែលខ្លួនឯងរើយកមកលេង ជាដើម។ នៅពេលកូនចាប់ផ្ដើមធំឡើងបន្តិច ក៏អាចនឹងឱ្យលាងចានដែលខ្លួនឯងញ៉ាំរួចហើយ បោកខោអាវតូចៗរបស់ខ្លួនឯង រួចហើយសឹមរំកិលទៅរកការដុសខាត់ស្បែកជើង បោសផ្ទះ ជូតផ្ទះ ដែលក៏មិនពិបាកជ្រុលពេកឡើយសម្រាប់ក្មេងវ័យ 4 – 8 ឆ្នាំនោះ។

នេះគឺជា គន្លឹះងាយៗដែលមិនចាំបាច់អស់ប្រាក់ច្រើនៗក្នុងការចិញ្ចឹមកូនដើម្បីរៀបចំគ្រឹះសាងភាពជោគជ័យក្នុងជីវិតដល់កូនរបស់លោកអ្នក គ្រាន់តែលោកអ្នកអាចនឹងត្រូវប្រើពេលវេលា ជាមួយនឹងហេតុផលខ្លះៗក្នុងការអធិប្បាយពន្យល់កូនប៉ុណ្ណោះ។ មានឪពុកម្ដាយជាច្រើននាក់ចូលចិត្តទម្រើសកូន មិនព្រមឱ្យកូនធ្វើអ្វី ដែលលទ្ធផលនឹងទទួលបាននោះគឺ ការខ្វះនូវភាពទទួលខុសត្រូវទាំងចំពោះខ្លួនឯង និងសង្គមសួនរួមហ្នឹងឯង ដូច្នេះអ្នកណាដែលមានកូនស្ថិតនៅក្នុងអំឡុងវ័យនេះមិនគួរខកខានប្រើតិចនិកនេះជាដាច់ខាត៕

Advertisement