ប្រដាប់ពិនិត្យមើលគភ៌ គឺជាអ្វី តើត្រូវមើលនៅពេលណា និងមានបែបណាខ្លះ?

សម្រាប់នារីៗដែលកំពុងត្រៀមខ្លួនធ្វើជាអ្នកម្ដាយ ឬសង្ស័យថា ខ្លួនឯងប្រហែលជាកំពុងមានគភ៌ និងចង់ពិនិត្យមើលថា ខ្លួនឯងមានគភ៌ ឬមិនមានគភ៌ដោយខ្លួនឯងនោះ មុនគេបង្អស់ប្រហែលជានឹកដល់ “ប្រដាប់ពិនិត្យមើលគភ៌” ហើយមែនទេ?។ តែទាំងអស់នេះសម្រាប់អ្នកដែលមិនធ្លាប់ប្រើ ប្រហែលជាមានសំណួរច្រើននៅក្នុងចិត្តជាមិនខានថា អាប្រដាប់ពិនិត្យគភ៌នោះគឺជាអ្វី? មានប៉ុន្មានបែប? និងពិនិត្យឃើញច្បាស់លាស់ប៉ុនណាទៅ?។ ឥឡូវសរុបថា ដើម្បីឱ្យបងប្អូននារីៗយើងអស់កង្វល់ក្នុងចិត្ត ឡារ៉ែនមានរឿងដែលគួរយល់ដឹងពាក់ព័ន្ធនឹងប្រដាប់ពិនិត្យគភ៌នេះមកជម្រាបជូនដូចតទៅ។

ប្រដាប់ពិនិត្យគភ៌ គឺជាអ្វី?

 

សម្រាប់ “ប្រដាប់ពិនិត្យគភ៌” ឈ្មោះរបស់វាក៏បានប្រាប់យើងចំៗហើយថា ជាឧបករណ៍ទុកសម្រាប់ពិនិត្យមើលថា តើយើងមានគភ៌ ឬមិនមានគភ៌ដោយខ្លួនឯង។ ប្រដាប់ពិនិត្យគភ៌គឺជាការពិនិត្យរកមើលអ័រម៉ូន HCG(Human Chorionic Gonadotropin) នៅក្នុងទឹកនោម ដែលអ័រម៉ូននេះនឹងត្រូវបង្ហូរចេញមកក្រោយពីមានការចាប់បដិសន្ធិរួចហើយប្រមាណជា 6 – 7 ថ្ងៃ ដោយប្រដាប់ពិនិត្យគភ៌នេះមានភាពច្បាស់លាស់ប្រមាណជា 99 %។

ត្រូវពិនិត្យនៅពេលណា?

ការពិនិត្យការមានគភ៌ដើម្បីទទួលបានលទ្ធផលដែលច្បាស់លាស់ គួរពិនិត្យពីទឹកនោមនៅពេលព្រឹកក្រោយភ្ញាក់ពីដំណេក ព្រោះពេលនោះទឹកនោមមានភាពខាប់ និងធ្វើឱ្យទទួលបានលទ្ធផលដែលទៀង និងច្បាស់លាស់បំផុត។

តើប្រដាប់ពិនិត្យគភ៌មានបែបណាខ្លះ?

1 – ប្រដាប់ពិនិត្យគភ៌បែបជ្រលក់ មានលក្ខណៈជាបន្ទះវែងៗដែលមានកូនពែងតូចមួយសម្រាប់ដាក់ទឹកនោមមកជាមួយ។ វិធីការពិនិត្យ ចូរចាប់ផ្តើមពីការត្រងទឹកនោមដាក់ចូលពែង ហើយយកបន្ទះពិនិត្យគភ៌ខាងផ្នែកដែលមានរូបសញ្ញាព្រួញចង្អុល ជ្រលក់ចូលទៅក្នុងទឹកនោមប្រមាណជា 3 – 5 វិនាទី រួកយកចេញមក ហើយរង់ចាំមើលលទ្ធផលប្រមាណជា 5 នាទី។

2 – ប្រដាប់ពិនិត្យគភ៌បែបបន្តក់ ឧបករណ៍នឹងប្រកបទៅដោយដន្លាប់សម្រាប់ពិនិត្យគភ៌ កូនពែងដាក់ទឹកនោម និងបំពង់បន្តក់។ វិធីប្រើ ចូរចាប់ផ្តើមពីត្រងទឹកមូត្រដាក់ចូលកូនពែង បន្ទាប់មកចូរយកបំពង់បន្តក់បឺតយកទឹកនោម ហើយបន្តក់ទឹកមូត្រនោះនៅលើដន្លាប់ពិនិត្យគភ៌ប្រមាណជា 3 ដំណក់ រួចហើយរង់ចាំលទ្ធផលប្រមាណជា 5 នាទី។

3 – ប្រដាប់ពិនិត្យគភ៌បែបឆ្លងកាត់ មានត្រឹមតែបន្ទះសម្រាប់ពិនិត្យគភ៌មួយប៉ុណ្ណោះ ឯវិធីប្រើវិញក៏ងាយស្រួលដែរ គឺគ្រាន់តែយកបន្ទះពិនិត្យនោះមកកាន់ដោយឱ្យសញ្ញារូបព្រួញចង្អុលចុះក្រោម បន្ទាប់ពីនោះក៏ឱ្យទឹកនោមហូរឆ្លងកាត់បន្ទះពិនិត្យគភ៌នោះឱ្យសើមជោក រួចហើយទុកចោលប្រមាណជា 5នាទីដើម្បីរង់ចាំលទ្ធផល។

លទ្ធផលការពិនិត្យនៅលើប្រដាប់ពិនិត្យគភ៌

នៅពេលធ្វើការពិនិត្យការតាំងគភ៌រួចស្រេចហើយ និងក្រោយពីរង់ចាំលទ្ធផលប្រមាណជា 5 នាទីរួចហើយ លទ្ធផលដែលទទួលបានតាមបែបនីមួយៗនឹងបញ្ជាក់ប្រាប់ដូចតទៅនេះ ៖

– នៅលើបន្ទះពិនិត្យគភ៌មានឡើង 1 ឆ្នូត ឬមាន 1 ឆ្នូតឡើងក្នុងទីតាំងអក្សរ C នោះមានន័យថា មិនមានគភ៌ទេ។

– នៅលើបន្ទះពិនិត្យគភ៌មានឡើង 2 ឆ្នូត ឬមានឆ្នូតឡើងទាំងក្នុងទីតាំងអក្សរ C និងអក្សរ T នោះមានន័យថា មានគភ៌ហើយ។

– នៅលើបន្ទះពិនិត្យគភ៌មានឡើងតែ 1 ឆ្នូតក្នុងទីតាំងអក្សរ T មួយគត់ នោះមានន័យថា មិនច្បាស់លាស់ អាចបណ្តាលមកពីប្រដាប់ពិនិត្យគភ៌នោះខូច ឬអាចមកពីការប្រើការមិនបានត្រឹមត្រូវតាមវិធី។

– នៅលើបន្ទះពិនិត្យគភ៌គ្មានឡើងស្នាមឆ្នូតអ្វីទាំងអស់ មានន័យថា មិនច្បាស់លាស់ អាចបណ្តាលមកពីប្រដាប់ពិនិត្យគភ៌នោះខូច ឬអាចមកពីការប្រើការមិនបានត្រឹមត្រូវតាមវិធី។

ទាំងអស់នេះ នៅពេលពិនិត្យការតាំងគភ៌រួចហើយ ប្រដាប់ពិនិត្យគភ៌បង្ហាញលទ្ធផលមិនច្បាស់លាស់ ឡារ៉ែនសូមណែនាំឱ្យសាកល្បងពិនិត្យឡើងវិញម្ដងទៀត ដោយប្ដូរប្រដាប់ពិនិត្យគភ៌ថ្មី ឬប្ដូរម៉ាកយីហោផ្សេងណាមួយទៀតគឺជាការល្អបំផុត ឬបើអ្នកណាពិនិត្យហើយឃើញលទ្ធផលវិជ្ជមាន ឬមានគភ៌នោះ ដើម្បីឱ្យច្បាស់លាស់ និងពិតប្រាកដ 100 % ឡារ៉ែនសូមណែនាំឱ្យទៅពិនិត្យជាមួយគ្រូពេទ្យម្ដងទៀតដើម្បីភាពប្រាកដប្រជា ព្រោះយ៉ាងណាប្រដាប់ពិនិត្យគភ៌គ្រាន់តែជាឧបករណ៍ពិនិត្យគភ៌រយៈដំបូងប៉ុណ្ណោះ៕

Advertisement