10 រឿងសំខាន់ៗដែលស្រ្តីគួរយកចិត្តទុកដាក់ក្រោយពេលប្រសូតបុត្ររួច

ក្រៅពីការមើលថែទាំខ្លួនតាំងពីពេលតាំងគភ៌រហូតដល់ពេលប្រសូតហើយនោះ អំឡុងពេលក្រោយការប្រសូតក៏ជារឿងមួយដែលស្រ្តីៗយើងគួរយកចិត្តទុកដាក់មើលថែទាំខ្លួនជាពិសេសដូចគ្នាដែរ។ តើ 10 រឿងដែលស្រ្តីទើបប្រសូតបុត្រហើយត្រូវយកចិត្តទុកដាក់នោះមានអ្វីខ្លះទៅ?

1 . សម្រាកឱ្យបានច្រើនបំផុត

ស្រ្តីជាម្តាយថ្មោងថ្មីត្រូវសម្រាកឱ្យបានច្រើនក្នុងអំឡុងពេល 2 សប្តាហ៍ដំបូងក្រោយការប្រសូត ដោយគួរគេងសម្រាកនៅពេលយប់ឱ្យបាន 6 – 8 ម៉ោង ចំណែកក្រោយពេលបានថ្ងៃត្រង់ក៏គួរតែរកពេលវេលាសម្រាកឱ្យបានប្រមាណ 30 នាទី និងក្នុងអំឡុងពេល 6 សប្តាហ៍ក្រោយឆ្លងទន្លេនេះអ្នកម្តាយមិនគួរកាន់ យួរ ឬលើកវត្ថុរបស់របរណាធ្ងន់ៗឡើយ ព្រោះជាអំឡុងពេលដែលសាច់ដុំ និងស្បូនត្រូវសម្របខ្លួនទៅរកសភាពប្រក្រតីវិញ។ បើអ្នកម្តាយសម្រាកបានតិច ឬធ្វើការធ្ងន់ៗអាចនឹងប៉ះពាល់ និងមានបញ្ហាដល់អវយវៈខាងក្នុងឆ្អឹងត្រគាក។

2 . ទទួលទានអាហារណាដែលងាយស្រួលរំលាយ និងមានប្រយោជន៍

ក្នុងអំឡុងពេលដែលរាងកាយអ្នកម្តាយកំពុងស្តារខ្លួនឡើងវិញ អ្នកម្តាយគួរទទួលទានអាហារពពួកសាច់ ទឹកដោះ ស៊ុត បន្លែ និងផ្លែឈើស្រស់ តមអាហារដែលមានរសជាតិខ្លាំងៗ អាហារផ្អាប់ ឬជ្រក់គ្រប់ប្រភេទ និងភេសជ្ជៈដែលមានជាតិអាល់កុល។ គួរញ៉ាំទឹកស្អាតឱ្យបានច្រើន ដើម្បីការពារអាការទល់លាមក។

3 . រក្សាភាពស្អាតរបស់រាងកាយ

អ្នកម្តាយអាចងូតទឹកលាងជម្រះរាងកាយបានតាំងពី 12 – 14 ម៉ោងបន្ទាប់ពីប្រសូតរួច។ ឧស្សាហ៍ផ្លាស់សម្លៀកបំពាក់ដែលស្លៀក ព្រោះក្រោយពេលឆ្លងទន្លេរួចអ្នកម្តាយច្រើនតែឆាប់មានចេញញើស។ សម្រាប់អ្នកម្តាយដែលមានទឹកដោះចេញមកហើយនោះ ឡារ៉ែនសូមណែនាំឱ្យប្តូរអាវទ្រនាប់ឱ្យបានញឹកញាប់ ឬអាចប្រើបន្ទះក្រណាត់ជូតផ្ដិតទឹកដោះចេញក៏អាចជួយបានដែរ។ ក្រៅពីនេះអ្នកម្តាយគួរនឹកទៅដល់ការថែរក្សាភាពស្អាត អនាម័យអវយវៈភេទឱ្យបានល្អគ្រប់ពេលក្រោយការបន្ទោបង់ផង ព្រោះក្នុងអំឡុងក្រោយប្រសូតនេះ ទឹករំអិលឆ្អាបនឹងត្រូវបញ្ចេញមកច្រើន ដូច្នេះហើយទើបគ្រប់ពេលដែលអ្នកម្តាយបន្ទោបង់រួច គួរថែទាំសម្អាតចំណុចសំខាន់នេះ និងឧស្សាហ៍ប្តូរសំឡីអនាម័យឱ្យបានញឹកញាប់ ដើម្បីការពារកុំឱ្យមេរោគជ្រៀតចូលទៅក្នុងស្បូន រហូតអាចបង្កឱ្យកើតជាការរលាកក្លាយបាន។

4 . ឧស្សាហ៍មើលថែទាំសុដន់ និងក្បាលសុដន់ឱ្យស្អាតជានិច្ច  

គ្រប់ពេលដែលអ្នកម្តាយងូតទឹក គួរតែសម្អាតក្បាលសុដន់ជានិច្ច និងសម្រាប់មុនពេលបំបៅដោះកូន អ្នកម្តាយគួរយកសំឡីជ្រលក់ទឹកក្តៅឧណ្ហៗជូតសម្អាតជុំវិញក្បាលសុដន់ឱ្យស្អាត និងបន្ទាប់ពីបំបៅដោះកូនរួចហើយ អ្នកម្តាយក៏គួរជូត ឬលាងសម្អាតម្តងទៀតដែរ។ ក្នុងអំឡុងពេលដែលអ្នកម្តាយបំបៅដោះកូន បើសិនជាក្បាលសុដន់រលាកក្លាយ ឬមានបញ្ហារហូតមិនអាចបំបៅដោះកូនបាននោះ អ្នកម្តាយគួរតែប្រញាប់ទៅជួបគ្រូពេទ្យជំនាញ។

5 . មើលថែទាំស្នាមដេរមុខរបួស ឬស្នាមវះ

មិនថាអ្នកម្តាយប្រសូតដោយវិធីធម្មជាតិ ឬតាមវិធីវះកាត់នោះទេ តែការមើលថែទាំស្នាមវះក្រោយពេលប្រសូតជារឿងមួយសំខាន់ណាស់។ អ្នកម្តាយគួរយកចិត្តទុកដាក់ជាពិសេសលើរឿងស្អាតមានអនាម័យ ព្រោះបើសិនជាស្នាមវះមានឆ្លងមេរោគពីវត្ថុកខ្វក់ណាមួយនោះនឹងរឹតតែធ្វឱ្យស្នាមវះនោះមិនងាយជាសះឡើយ។

6 . តមមានភេទសម្ព័ន្ធ(រួមភេទ)យ៉ាងហោចណាស់ 6 សប្តាហ៍

សម្រាប់អ្នកម្តាយដែលប្រសូតតាមវិធីធម្មជាតិ គួរតមការមានភេទសម្ព័ន្ធយ៉ាងតិចរយៈពេល 6 សប្តាហ៍ ដើម្បីការពារការឆ្លងមេរោគ និងការរហែក ឬរយះស្នាមវះកាត់។

7 . កុំកង្វល់នឹងវដ្តរដូវដែលអាចនឹងមកយឺត

អ្នកម្តាយភាគច្រើនដែលមិនបានបំបៅកូនដោយទឹកដោះខ្លួនឯង វដ្ដរដូវអាចនឹងមកក្នុងអំឡុង 5 – 6 សប្ដាហ៍ក្រោយប្រសូត ចំណែកអ្នកម្តាយដែលបំបៅដោះកូនវដ្ដរដូវនឹងមកយឺតជាងនោះ ដូច្នេះ បើសិនជាវដ្ដរដូវក្រមកនោះ វាមិនមែនជារឿងខុសប្រក្រតីទេ តែទាំងអស់នេះ តឱ្យវដ្ដរដូវមិនទាន់មកក៏ដោយ ក៏អ្នកម្តាយមានសិទ្ធិតាំងគភ៌បានដូចប្រក្រតីដែរ បើមិនបានពន្យារកំណើតយ៉ាងត្រឹមត្រូវទេនោះ។

8 . ក្រោយប្រសូត 1 ខែគួរទៅជួបគ្រូពេទ្យដើម្បីពិនិត្យរាងកាយ

ភាគច្រើនក្រោយពីអ្នកម្តាយប្រសូតបុត្របាន 1 ខែហើយ គ្រូពេទ្យនឹងណាត់ឱ្យទៅពិនិត្យរាងកាយម្តងទៀត ដើម្បីពិនិត្យមើលអវយវៈខាងក្នុងរបស់អ្នកម្តាយថា ​តើត្រឡប់ទៅរកសភាពប្រក្រតីវិញហើយឬនៅ? និងដើម្បីពិនិត្យរកមើលមេរោគមហារីកមាត់ស្បូន និងមហារីកសុដន់ដំណាលគ្នាផងដែរ ហើយគ្រូពេទ្យថែមទាំងផ្តល់នូវដំបូន្មានខាងការពន្យារកំណើតបន្ទាប់ពីរយៈពេលនោះទៅទៀតផង។

9 . ហាត់ប្រាណស្ដារសុខភាពឡើងវិញ

អ្នកម្តាយអាចហាត់ប្រាណស្រាលៗក្នុងអំឡុងពេលក្រោយប្រសូត 6 សប្ដាហ៍ឡើងទៅ។ ដំបូងៗអាចជាការដើរ ឬធ្វើកិច្ចការងារផ្ទះស្រាលៗជាមុនសិន។ ការហាត់ប្រាណចាំបាច់ខ្លាំងណាស់ដើម្បីជួយក្នុងការស្ដារសាច់ដុំ ឬអវយវៈខាងក្នុងឱ្យត្រឡប់ទៅរកសភាពប្រក្រតីវិញបានកាន់តែឆាប់រហ័សឡើង និងថែមទាំងជួយសម្រកទម្ងន់ឱ្យរូបរាងកាយត្រឡប់មកស្ដើងស្វែលវិញបានទៀតផងសម្រាប់ស្រ្តីក្រោយឆ្លងទន្លេ។

10 . អាការក្រោយពេលប្រសូតដែលគួរទៅជួបគ្រូពេទ្យ

នៅពេលមានអាការខុសប្រក្រតីណាមួយក្រោយពេលប្រសូត អ្នកម្តាយមិនគួរនៅស្ងៀមធ្វើមិនដឹងនោះទេ ព្រោះអាការខ្លះដែលយើងគិតថាគ្រាន់តែជាការឈឺថ្កាត់ធម្មតានោះ ការពិតវិញអាចមិនធម្មតាក៏ថាបានដែរ ព្រោះអំឡុងពេលក្រោយប្រសូត រាងកាយយើងនៅទន់ខ្សោយនៅឡើយ ដូច្នេះមានឱកាសប្រថុយប្រថានក្នុងការកើតសភាវឈឺថ្កាត់ផ្សេងៗឡើងបានជានិច្ច។ យើងនាំគ្នាមកមើលថា តើអាការទាំងនោះមានអ្វីខ្លះ?

-គ្រុនក្តៅ រងាញាក់។

-ទឹករំអឹលឆ្អាបមានភាពខុសប្រក្រតី ដូចជា មានក្លិនឆ្អាបខ្លាំង ទឹករំអឹលឆ្អាបមិនហូរចេញមក ឬមានឈាមហូរចេញមកស្រស់ៗ។

-សុដន់ហើមជាំ រលាក ឬមានចេញដំបៅនៅលើសុដន់។

-ឈឺពោះក្រោមថ្ងាស បត់ជើងតូចតិចជាងប្រក្រតី ឬមានអាការស្ទះនោម។

ដោយភារៈតួនាទីរបស់អ្នកម្តាយក្រោយប្រសូតដែលចេញមកព្រមជាមួយភាពទទួលខុសត្រូវលើកូនជីវិតតូចមួយរបស់អ្នកកាន់តែច្រើនឡើងនោះ ចូរកុំបណ្តោយឱ្យសុខភាពចុះទ្រុឌទ្រោម ឬឈឺថ្កាត់បន្ទាប់ពីឆ្លងទន្លេរួចឱ្យសោះ ដើម្បីជីវិតទារកតូចមួយដែលអ្នកត្រូវតែមើលថែទាំយ៉ាងល្អបំផុត ដូច្នេះហើយ បើអ្នកម្តាយមិនបានយកចិត្តទុកដាក់ពីសុខភាពខ្លួនឯងតាំងពីដំបូងៗនោះ ថ្ងៃណាមួយនាពេលខាងមុខអ្នកអាចនឹងត្រូវឈឺថ្កាត់ និងអាចនឹងការពារថែទាំមនុស្សដែលអ្នកស្រឡាញ់មិនបានពេញលេញក៏អាចថាបានដែរ៕

Advertisement