8 វិធីងាយៗ កាពារការប្រសូតមុនកំណត់

ស្រ្តីតាំងគភ៌ថ្មីថ្មោង ឬតាំងគភ៌កូនដំបូង អាចនឹងនឹកភ័យៗថា កូនអាចនឹងប្រសូតចេញមកមុនកាលកំណត់នៅពេលដែលអាយុគភ៌ឈានចូលត្រីមាសទី 3 តែអនាគតអ្នកម្ដាយថ្មោងថ្មីទាំងអស់មិនបាច់បារម្ភទេ ថ្ងៃនេះឡារ៉ែនមាន 8 វិធី កាពារការប្រសូតមុនកាលកំណត់មកជម្រាបជូនដូចតទៅ។

ញ៉ាំញឹកញាប់

អ្នកស្រាវជ្រាវបានរកឃើញថា ការទទួលទានអាហារឱ្យគ្រប់ទាំង​ 5 ប្រភេទក្រុមនៅមិនទាន់គ្រប់គ្រាន់ទេ តែអនាគតអ្នកម្ដាយគួរទទួលទានឱ្យបានញឹកញាប់ជាមធ្យមប្រមាណ 5 ដងក្នុងមួយថ្ងៃ ដោយទទួលទានអាហារចម្បង 3 ពេល និងអាហារបន្ទាប់បន្សំ 2 ពេលទៀតគឺ អាហារពេលទំនេរ ឬមិនទេក៏ទទួលទានអាហារពេលតូចៗ 5 ពេលតែម្ដង។ បើធ្វើបានបែបនេះ នឹងកាត់បន្ថយឱកាសការប្រសូតមុនកាលកំណត់បាន។

មិនទ្រាំបត់ជើងតូច

ការទប់ ឬខំទ្រាំមិនព្រមទៅបត់ជើងតូច ក្រៅពីសាងនូវភាពមិនស្រួលសប្បាយខ្លួនហើយនោះ វាអាចធ្វើឱ្យកើតការឆ្លងមេរោគនៅក្នុងប្លោកនោមបានទៀត។ អាការដែលសង្កេតឃើញ អាចជាការសាងនូវការរលាកដល់ស្បូន និងធ្វើឱ្យស្បូនច្របាច់ខ្លួនញឹកញាប់ និងក្រៅពីនេះនៅអាចធ្វើឱ្យរលាកប្លោកនោមបានទៀតផង។

ព្យាបាលរោគរលាកស្បូន

បើអ្នកមានភាពប្រថុយប្រថានក្នុងការកើតរោគរលាកស្បូន គួរប្រញាប់ទៅព្យាបាលជាបន្ទាន់។ សាកល្បងប្រឹក្សាជាមួយគ្រូពេទ្យថា តើការញ៉ាំថ្នាំនឹងស័ក្តិសមចំពោះអ្នកឬទេ? ​ព្រោះការស្រាវជ្រាវមួយផ្នែកបានបញ្ជាក់ថា ស្រ្តីដែលកើតរោគរលាកស្បូន បើបានទទួលការព្យាបាលដោយការញ៉ាំថ្នាំបដិបក្ខប្រាណ( Antibiotic )អាចបន្ថយភាពប្រថុយប្រថានក្នុងការប្រសូតមុនកាលកំណត់បាន តែក៏មានការងារស្រាវជ្រាវមួយទៀតដែលជំទាស់ថា ស្រ្តីដែលកើតរោគរលាកស្បូនត្រូវតែទទួលបានការព្យាបាលយ៉ាងដិតដល់ ទើបអាចជួយកាត់បន្ថយឱកាសប្រសូតបុត្រមុនកំណត់បាន តែយ៉ាងណាក៏ដោយ គ្រូពេទ្យរបស់អ្នកគឺជាអ្នកផ្ដល់ចម្លើយបានល្អបំផុត។

សុខភាពមាត់ធ្មេញ

ការមើលថែទាំអនាម័យរបស់ប្រអប់មាត់ជាវិធីដំបូងៗគេដែលងាយស្រួលបំផុត និងល្អបំផុតដែលអាចជួយការពារការប្រសូតបុត្រមុនកាលកំណត់បាន។ រោគរលាកអញ្ចាញធ្មេញជាមូលហេតុមួយរបស់ការប្រសូតមុនកំណត់ ដូច្នេះទើបស្រ្តីមានគភ៌ត្រូវដុសសម្អាតធ្មេញ ប្រើអំបោះខាត់ធ្មេញ និងទៅជួបទន្តពេទ្យយ៉ាងតិចបំផុតឱ្យបាន 1 ដងក្នុងអំឡុងពេលមានគភ៌ ក្រៅពីនេះបើសិនមានអាការអ្វីមួយខុសប្រក្រតីសូម្បីតែបន្តិចបន្តួចក៏ដោយ ក៏គួរប្រញាប់ព្យាបាលថែរក្សាឱ្យប្រក្រតីឡើងវិញមុនពេលវាកាន់តែធ្ងន់ធ្ងរឡើង។

ញ៉ាំវីតាមីនសម្រាប់ស្រ្តីមានគភ៌

វីតាមីនក្នុងអំឡុងពេលមានគភ៌ មិនមែនគ្រាន់តែធ្វើឱ្យម្ដាយ និងកូនក្នុងផ្ទៃមានសុខភាពរឹងមាំល្អប៉ុណ្ណោះទេ តែវានៅជួយឱ្យស្រ្តីជាម្ដាយបង្កើនឱកាសពពោះបានរហូតដល់គ្រប់កំណត់ប្រសូតបានទៀតផង។ ការញ៉ាំវីតាមីនមិនអាចនាំមកប្រើជំនួសការទទួលអាហារដែលគ្រប់ទាំង 5 ប្រភេទក្រុមបានទេ តែវាអាចសាងនូវភាពសប្បាយចិត្តបានថា ក្នុងមួយថ្ងៃៗអ្នកបានទទួលសារធាតុអាហារគ្រប់ចំនួនហើយ។

ញ៉ាំទឹកឱ្យបានច្រើន

ព្យាយាមញ៉ាំទឹកក្នុងមួយថ្ងៃឱ្យបាន 8 កែវ បើធាតុអាកាសក្ដៅ ឬបានហាត់ប្រាណផងនោះ ក៏គួរញ៉ាំទឹកឱ្យបានច្រើនឡើងដើម្បីរក្សាភាពស្រស់បស់របស់រាងកាយ និងបង្កើនឱកាសឱ្យអ្នកពពោះបានរហូតដល់គ្រប់កំណត់ប្រសូត ព្រោះបើអ្នកខ្វះជាតិទឹក នឹងធ្វើឱ្យកើតការឈឺពោះប្រសូតមុនកាលកំណត់បាន។

ទទួលទានអាហារដែលមានប្រយោជន៍

ការទទួលទានអាហារដែលមានប្រយោជន៍ មានផលល្អចំពោះម្តាយ និងកូនក្នុងផ្ទៃ ក្រៅពីនេះនៅមានហេតុផលមួយទៀតដែលគួរឱ្យចាប់អារម្មណ៍បំផុតគឺ ការទទួលទានអាហារដែលមានសមតុល្យ ជួយការពារការប្រសូតមុនកាលកំណត់បាន។

ប្រយ័ត្នទម្ងន់ខ្លួន

ការកើនឡើងនៃទម្ងន់ខ្លួនក្នុងអំឡុងពេលតាំងគភ៌ច្រើនជ្រុលពេក នឹងបង្កើនភាពប្រថុយប្រថាននឹងជំងឺទឹកនោមផ្អែម និងគភ៌មានជាតិពុល ដែលរោគទាំងពីរនេះសុទ្ធតែជាដើមហេតុដែលបង្កឱ្យកើតសភាវប្រសូតមុនកំណត់ទាំងអស់។ ក្នុងផ្លូវផ្ទុយគ្នាវិញ បើស្រ្តីមានគភ៌កើនទម្ងន់ខ្លួនតែបន្តិចបន្តួចវិញនោះ ក៏អាចបង្កើនបច្ច័យប្រថុយប្រថានឱ្យអនាគតអ្នកម្ដាយប្រសូតមុនកាលកំណត់បានដែរ ដូច្នេះទម្ងន់ខ្លួនខណៈពេលមានគភ៌គួរកើនឡើងក្នុងកម្រិតដែលស័ក្តិសមល្មម ដោយជាមធ្យមគឺស្ថិតក្នុងទម្ងន់ 11.3 – 15.8 គីឡូក្រាមដោយទម្ងន់ខ្លួនដែលកើនឡើងក្នុងកម្រិតសមរម្យល្អនេះនឹងមានសញ្ញាល្អថា អ្នកនឹងប្រសូតបុត្រចេញមកដែលមានទម្ងន់ប្រក្រតីល្អនៅពេលគ្រប់កំណត់ប្រសូតទៀតផង៕

Advertisement