នៅពេលកូនតូចឈានចូលខែទី 3

លក្ខណៈរបស់កូនតូច

អ្នកម្តាយនឹងមានអារម្មណ៍ស៊ាំធ្លាប់នឹងការគេង ការញ៉ាំរបស់កូនតូចវ័យ 3 ខែកាន់តែខ្លាំងឡើងហើយ ព្រោះកូនចេះសម្របខ្លួនបានល្អ(បៅទឹកដោះមានពេលវេលា និងក្មេងខ្លះនៅសល់ពេលមឹមទឹកដោះពេលយប់តែម្តងគត់ និងអាចគេងបានវែងរហូតដល់ 10 ម៉ោង) ព្រមទាំងអ្នកម្តាយដែលដឹងចិត្តកូនតូចច្រើនឡើងដូចគ្នាដែរ។ ក្នុងអំឡុងវ័យនេះ កូនតូចនឹងផ្តល់ចំណាប់អារម្មណ៍ខ្លាំងជាមួយនឹងដៃរបស់ខ្លួនឯង ដូចជា សម្លឹងមើលដៃខ្លួនឯងញឹកញាប់ ដាក់ដៃចូលមាត់ ក្តាប់ដៃខ្លួនឯង ប្រៀបដូចដៃជារបស់លេងប្រភេទថ្មីមួយដែលមានចលនា និងប្លែកថ្មីដូច្នោះដែរ។ នេះព្រោះតែប្រព័ន្ធប្រសាទភ្នែករបស់កូនតូចចាប់ផ្តើមចាប់រូបភាពបានកាន់តែល្អឡើងហ្នឹងឯង ដូច្នេះអ្វីដែលនៅជិតៗខ្លួន និងមើលឃើញច្បាស់បំផុតនោះគឺ ដៃខ្លួនឯងហ្នឹងឯង។

ទោះជាកូនតូចទើបតែមានអាយុត្រឹម 3 ខែមែន តែការរៀនយល់ដឹងក៏វិវឌ្ឍឡើងខ្លាំងដែរ(ការពិតកូនតូចរៀនយល់ដឹងតាំងពីនៅក្នុងផ្ទៃម្តាយម្ល៉េះ)។ វ័យនេះនឹងរៀនយល់ដឹងពីការប៉ះពាល់ ដូចជា កូនតូចអាចនឹងកំពុងចង់កាន់ ឬស្រវាចាប់វត្ថុដែលនៅជិតៗដៃ និងធ្វើបែបនោះដដែលៗ នោះបង្ហាញថា កូនកំពុងចងចាំពីអ្វីដែលបានរៀនយល់ដឹង និងប៉ះពាល់ និងកត់ត្រាទុកនៅក្នុងអង្គចងចាំដ៏តូចមួយរបស់ខ្លួនហើយ។

អាការដែលអាចកើតឡើង

-ឆ្លងជំងឺផ្តាសាយ ៈ បើមនុស្សនៅក្នុងផ្ទះមានអាការផ្តាសាយ អាចនឹងគ្រាន់តែតឹងច្រមុះ ឬកណ្ដាស់ ហើយនៅជិតកូនតូចនោះ ឱកាសដែលកូនតូចនឹងឆ្លងផ្តាសាយអាចកើតឡើងខ្ពស់ណាស់។ បើកើតគ្រុនផ្ដាសាយ ក្តៅខ្លួនខ្លាំង(37 – 37.6 អង្សាC) អាចនឹងមានទឹកសំបោរថ្លាៗហូរចេញមក ហើយនឹងកាន់តែខាប់ឡើងជាបណ្តើរៗ។ ចូរប្រើវិធីជូតខ្លួននឹងក្រណាត់សើមដើម្បីបំភាយ​កម្ដៅ​​ចេញ និងត្រូវតាមដានមើលអាការឱ្យបានដិតដល់។

-មានអាចម៍ភ្នែក ៈ ពេលព្រឹក ពេលអ្នកម្តាយភ្ញាក់ឡើងអាចនឹងឃើញមានអាចម៍ភ្នែកនៅជាប់នឹងក្រោមភ្នែក និងមានទឹកភ្នែករលីងរលោងតិចៗផងនោះ ចូរអ្នកម្តាយសង្កេតមើលថា តើមានរោមភ្នែកខាងក្រោមបត់ចូលទៅក្នុងភ្នែកកូនឬទេ? ព្រោះក្មេងខ្លះពូកែបៅ ធ្វើឱ្យថ្ពាល់ឆាប់ប៉ោងឡើងក្នុងអំឡុងពេលនោះ សាច់ថ្ពាល់អាចនឹងរុញរោមភ្នែកឱ្យចូលទៅក្នុងភ្នែកបាន។ អ្នកម្តាយអាចនឹងនាំកូនទៅឱ្យគ្រូពេទ្យជំនាញដករោមភ្នែកចេញខ្លះបាន តែបើមានអាចម៍ភ្នែកច្រើន ក្មេងខ្លះដល់ថ្នាក់បើកភ្នែកមិនរួចនោះ អាចនឹងធ្វើឱ្យកើតមានការឆ្លងមេរោគបាក់តេរី រលាកសាច់ភ្នាសកែវភ្នែក គ្រូពេទ្យអាចនឹងបន្តក់ទឹកថ្នាំឱ្យ និងតែប៉ុន្មានថ្ងៃក៏ជាវិញហើយ។

វិវឌ្ឍនាការរបស់កូនតូច

-ផ្នែករាងកាយ

. អាចគ្រប់គ្រងការធ្វើការងាររបស់រាងកាយបានកាន់តែល្អឡើង តែមិនទាន់អាចប្រើសាច់ដុំធំៗបានច្រើននៅឡើយទេ។

. នៅពេលដាក់ឱ្យគេងផ្កាប់ នឹងងើបកបានយូរជាងមុន តែមិនទាន់អាចងើបខ្លួនបាននៅឡើយ។

. នៅពេលដាក់ឱ្យគេងផ្ងារ នឹងលើកដៃលើកជើងដំណាលៗគ្នាបាន និងចាប់ផ្តើមស្រវាចាប់នេះចាប់នោះយកមកជិតខ្លួនបាន

-សង្គម

.ចេះញែក និងស្គាល់សំឡេងនិយាយ ជាមួយសំឡេងផ្សេងៗបានហើយ ចាំសំឡេងរបស់ម្តាយបាន និងចាប់ផ្តើមឆ្លើយតបនឹងសំឡេងម្តាយ អាចជាការខំព្យាយាមធ្វើសំឡេងអេះអះជជែកជាមួយម្តាយ និងចេះញញឹមហើយ។

.នៅតែប្រើវិធីស្រែកយំដើម្បីប្រាប់ពីតម្រូវការ ចេះបង្ហាញទឹកមុខកាន់តែពូកែឡើង និងព្យាយាមសម្តែងកាយវិការខាងរាងកាយទៀតផង។

.ចេះបែរមុខទៅរកសំឡេងដែលធ្លាប់ស្គាល់ ឬតាមមើលវត្ថុដែលមានចលនា។

.មានប្រតិកម្មតបនឹងអ្វីដែលជំរុញអារម្មណ៍បានច្រើនឡើង។

លេងជាមួយកូនឱ្យបានច្រើន

-មានការសិក្សាស្រាវជ្រាវមួយបានរកឃើញថា ក្មេងដែលបានទទួលការបីពយ៉ាងស្រឡាញ់ថ្នាក់ថ្នម មានការជជែកនិយាយជាមួយ ញញឹមញញែមដាក់ កូនតូចនឹងមានការសម្លឹងមើលបបូរមាត់អ្នកនិយាយដាក់ ដើម្បីអភិវឌ្ឍជំនាញការស្ដាប់។ បើមានវត្ថុដែលមានចលនាជាច្រើនដែលកូនតូចមើលឃើញផងនោះ កូនតូចនឹងមានការអភិវឌ្ឍខាងផ្នែកការរៀនយល់ដឹង ព្រមទាំងកើតមានវិវឌ្ឍនាការខាងការធ្វើចលនាបានកាន់តែល្អប្រសើរឡើង ហើយវត្ថុដែលមានឥទ្ធិពលដល់ការរៀនយល់ដឹងរបស់កូនតូចខ្លាំងបំផុតនោះ គឺ “ខ្លួនអ្នកម្តាយ” ហ្នឹងឯង។

-វ័យនេះមិនចាំបាច់ត្រូវបីពជាប់រហូតនោះទេ តែឪពុកម្តាយគួរជួយឱ្យកូនបានរៀនយល់ដឹងក្នុងរឿងជាច្រើន ដូចជា លេងរបស់លេងជាមួយកូន ឱ្យកូនបានមើលរូបភាព ឬវត្ថុរបស់របរច្រើនយ៉ាង ច្រៀងឱ្យកូនស្តាប់ ព្រមទាំងបញ្ចេញកាយវិការរួមផ្សំបែបងាយយៗផង។

-ការពកូនចេញទៅដើរនៅខាងក្រៅផ្ទះ ក្នុងកន្លែងដែលមានខ្យល់អាកាសល្អៗនឹងជួយឱ្យបំពង់ខ្យល់របស់ទារករឹងមាំឡើង និងប្រៀបដូចជាកូនតូចបានហាត់ប្រាណអ៊ីចឹងដែរ ជួយឱ្យគេងលក់បានល្អក្នុងពេលយប់៕

Advertisement