នៅពេលកូនតូចឈានចូលខែទី 2

លក្ខណៈរបស់កូនតូច

មកដល់ខែទី 2 កូនតូចមានទម្ងន់ខ្លួនឡើងបានប្រមាណជា 1 គីឡូក្រាមពីទម្ងន់ដែលទើបនឹងកើតមកភ្លាម។ ទោះជាអាយុត្រឹមតែ 2 ខែមែន តែក៏ចាប់ផ្តើមបង្ហាញលក្ខណៈពិសេសរបស់ខ្លួនបានខ្លះៗហើយ បើអ្នកម្តាយណាប៉ឹនសង្កេតនឹងបានដឹងជាមិនខានថា កូនតូចមានគ្រឹះនៃចរិតនិស្ស័យយ៉ាងណាខ្លះមិនខាន ដូចជា ក្មេងខ្លះជាក្មេងដែលងាយស្រួលបំបៅ ស្រួលឱ្យគេង និងគេងបានយូរ ជាដើម តែក្មេងខ្លះជាក្មេងដែលឆាប់ភ្ញាក់ អាចនឹងភ្ញាក់ញឹកញាប់ ប៉ឹនយំ ឬបៅទឹកដោះតិច ជាដើម តែយ៉ាងណាក៏ដោយ អ្នកម្តាយនឹងត្រូវចម្លែកចិត្តជាមួយនឹងវិវឌ្ឍនាការដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់កូនតូចជាទីស្រឡាញ់ដែរ។

កូនតូចគេងនៅពេលយប់បានកាន់តែយូរឡើង ក្នុងអំឡុងចុងខែទី 2 ទារកខ្លះអាចនឹងគេងយូរដល់ទៅ 7 ម៉ោង ចំណែកពេលថ្ងៃនឹងគេង និងបៅទឹកដោះមានពេលវេលា អាចនិយាយបានថាមានរបៀបរបបច្រើនឡើងហើយ។

ទោះជាភ្នែករបស់កូនអាចនឹងនៅមើលឃើញមិនសូវច្បាស់មែន តែក៏ចេះសម្តែងទឹកមុខបានពូកែជាងមុនហើយ បើមាននរណាមកលេងជាមួយ ឬក៏កូនតូចត្រូវចិត្តក៏នឹងញញឹមដាក់។ រយៈពេលភ្ញាក់កាន់តែវែងឡើង ចាប់ផ្តើមបញ្ចេញសំឡេងបានម្តងម្កាលបៅទឹកដោះបានច្រើនឡើង តែជាប្រក្រតីគឺប្រមាណជា 7 ដងក្នុងមួយថ្ងៃ។

ការកោរសក់ព្រៃចេញ នឹងធ្វើឱ្យសក់ដុះមកក្រាស់មែនឬ?

គ្រួសារខ្លះអាចនឹងជ្រើសរើសកោរសក់ព្រៃរបស់កូនតូចចេញនៅអំឡុងខែទី 2នេះ ព្រោះសក់ក្បាលវែងឡើងហើយ។ បើកូនតូចមានសក់ច្រើន គ្រាន់តែយកកន្រ្តៃដែលមានចុងមិនស្រួច ច្រឹបតម្រឹមសក់កូនបន្តិចៗទៅបានហើយ តែបើត្រូវការកោរសក់ព្រៃនេះចេញ ព្រោះមានជំនឿថា ពេលកោរហើយ នឹងធ្វើឱ្យសក់កូនដុះមកខ្មៅក្រឹប ក្រាស់រលោងនោះ ឡារ៉ែនសូមជម្រាបថា នៅមិនទាន់ការពិសោធអះអាងថា ពិតមែនឬយ៉ាងណានៅឡើយទេ តែអ្វីដែលជារឿងពិតប្រាកដនោះគឺ ការដែលកូនតូចមានសក់ក្របពីលើស្បែកក្បាលនោះ នឹងជួយការពារបង្ហើយ និងភាពត្រជាក់ពីធាតុអាកាសខាងក្រៅបានមួយកម្រិតដែរ។

អាការដែលអាចកើតឡើង

– ទល់លាមក

ការបន្ទោបង់របស់ក្មេងតូចម្នាក់ៗខុសប្លែកពីគ្នា បើកូនតូច 2 ថ្ងៃ ជុះម្តង តែជុះស្រួល មឹមបាន គេងលក់ លេងសប្បាយ អារម្មណ៍ល្អ អាចរាប់បានថា មិនទល់លាមកទេ តែបើជុះពិបាកខ្លាំង លាមកចេញមកជាគ្រាប់មូលៗ រឹងៗ នោះបញ្ជាក់ថា កូនតូចកើតអាការទល់លាមកហើយចា៎ស។

– ប្រតិកម្មចាញ់ម្សៅទឹកដោះគោ

មានក្មេងតូចៗចំនួនមិនតិចទេដែលមានប្រតិកម្មចាញ់ម្សៅទឹកដោះគោ ដោយអាការនេះនឹងបង្ហាញឡើងច្រើនលក្ខណៈ និងពាក់ព័ន្ធជាមួយប្រព័ន្ធក្នុងរាងកាយច្រើនកន្លែង តែដែលប្រទះញឹកញាប់គឺ ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធដង្ហើម និងមានប្រតិកម្មនៅលើស្បែក។

រាងកាយ

កូននៅមានរីហ្វ្លេកស៍ខ្លះៗ តែការកម្រើកដៃជើងរាងទន់ភ្លន់ច្រើន មើលទៅមិនដូចកន្រ្តាក់ខ្លាំងៗដូចកាលពីទើបកើតដំបូងនោះទេ។ ពេលដាក់កូនឱ្យគេងផ្កាប់ កូនតូចនឹងងើបក្បាលឡើងប្រមាណជា 45 អង្សាបានមួយភ្លែត ដៃចាប់ផ្តើមស្រវាចាប់នេះចាប់នោះ និងពេលខ្លះចាប់របស់បានយូរ 2 – 3 នាទីទៀតផង។

សង្គមជុំវិញខ្លួន

កូនតូចចាប់ផ្តើមចាប់អារម្មណ៍សំឡេងជុំវិញខ្លួនច្រើនឡើង។ ពេលបានឮសំឡេងដែលធ្លាប់ស្គាល់នឹងនៅស្ងៀមរង់ចាំស្តាប់ ឬសម្តែងទឹកមុខថា បានឮ និងស្គាល់ និងចេះសម្តែងអារម្មណ៍ច្រើនឡើង ដូចជា មួម៉ៅ ត្រេកអរ ជាដើម។ ខ្សែភ្នែកមានការវិវឌ្ឍឡើងជាងខែមុនបន្តិច តែចូលចិត្តក្នុងការសម្លក់សម្លឹង ឬមើលវត្ថុដែលធ្វើចលនានៅពីមុខបានខ្លាំងឡើងហើយ។

លេងជាមួយកូនញឹកញាប់

ការនិយាយលេងជាមួយកូនតូច ការច្រៀងបំពេ គឺជាការបង្កើនប្រព័ន្ធប្រសាទការទទួលដឹងរបស់កូនតូច ធ្វើឱ្យកើតការរៀនយល់ដឹងបានងាយ និងល្អបំផុតក្នុងអំឡុងពេលនេះ៕

Advertisement