5 រឿងគួរចៀសវាង បើចង់ឱ្យកូនធំឡើងក្លាយជាយុវជនល្អក្នុងសង្គម

តើអាណាព្យាបាល និងលោកឪពុកអ្នកម្តាយដឹងទេថា សភាពបរិស្ថានជុំវិញខ្លួនកូន សុទ្ធតែមានឥទ្ធិពលដែលហុចផលដល់ការចម្រើនធំធាត់របស់ក្មេងទាំងអស់ ដែលរឿងនេះគឺជារឿងដែលអាចកំណត់បានថា កូនតូចរបស់លោកអ្នកនឹងធំធាត់ឡើងក្លាយជាយុវជនដ៏ល្អដែរឬទេ?។ បើអ្នកណាចង់ឱ្យកូនៗធំធាត់ឡើងក្លាយជានុស្សល្អ និងមានអនាគតល្អស្រស់ស្រាយនោះ គួរចៀសវាងឱ្យកូនតូចរបស់លោកអ្នកស្ថិតនៅឱ្យឆ្ងាយពីសភាពបរិស្ថានដូចខាងក្រោមនេះ។

1 . ការជេរស្តីបន្ទោស ទិតៀន

ការស្តីបន្ទោស ជេរបញ្ចោរ ទិតៀន អាចមានខ្លះដែរពេលដែលកូនធ្វើខុស តែបើសិនជាញឹកញាប់ជ្រុលពេកក៏ប្រហែលជាមិនល្អនោះទេ ព្រោះរឿងនោះនឹងធ្វើឱ្យកូនធំធាត់ឡើងក្លាយជាមនុស្សច្រងេងច្រងាង និងកើតមានអារម្មណ៍មិនចង់ធ្វើអំពើល្អនៅទីបំផុត ដូច្នេះវិធីដែលល្អបំផុត គឺព្យាយាមប្តូរពីការជេរស្តីបន្ទោសមកជាការនិយាយប្រាប់ ឬប្រដៅបែបស្រួលៗ ល្អៗដើម្បីឱ្យកូនបានយល់ និងបានទទួលដឹងថា ខ្លួនឯងធ្វើខុសវិញប្រសើរជាង។

2 .​ថែទាំថ្នាក់ថ្នមជ្រុលពេក

ការចិញ្ចឹមកូនដោយការថ្នាកថ្នមជ្រុលហួសហេតុពេក គឺជាការបំផ្លាញកូនដោយមិនដឹងខ្លួន ព្រោះការធ្វើបែបនោះនឹងធ្វើឱ្យគេធំធាត់ឡើងក្លាយជាមនុស្សអត្មានិយម គិតតែពីចិត្តខ្លួនឯង និងចូលចិត្តតែភាពងាយស្រួលសប្បាយហួសហេតុវានឹងចូលទំនងដែលថា ធ្ងន់មិនប្រឹង តឹងមិនស៊ូ ដែលវានឹងហុចផលមិនល្អដល់ការរស់នៅក្នុងសង្គមមិនតិចតួចឡើយ។ ដូច្នេះ ទោះជាលោកអ្នកស្រឡាញ់ និងបារម្ភកូនខ្លាំងប៉ុនណាក៏ដោយ ក៏គួរតែបង្ហាត់បង្រៀនគេឱ្យចេះធ្វើអ្វីដោយខ្លួនឯងខ្លះ មិនមែនគិតតែពីធ្វើឱ្យគ្រប់យ៉ាង រហូតដល់គេមិនអាចធ្វើអ្វីបានសោះនោះឡើយ។

3 . ការជេរដាក់ទំនាយ

គ្មានកូនណាម្នាក់ចង់ឮការជេរដាក់ទំនាយ ឬដាក់បណ្តាសាពីឪពុកម្តាយឡើយ ទោះជាការនិយាយនោះមិនមែនជាការតាំងចិត្តក៏ដោយ ព្រោះនៅពេលដែលនិយាយចេញទៅហើយ ក្មេងៗនឹងចាំជាប់ក្នុងចិត្ត និងធ្វើឱ្យគេធំធាត់ឡើងក្លាយជាមនុស្សអាក្រក់បាន ដូច្នេះហើយ ក្នុងការបង្ហាត់បង្រៀនកូន ឪពុកម្តាយចូរកុំប្រើអារម្មណ៍ កំហឹង ឬភ្លេចខ្លួននិយាយពាក្យដាក់ទំនាយ ឬដាក់បណ្តាសាកូនឱ្យសោះ។

4 . ការធ្វើត្រាប់តាម

ការធ្វើត្រាប់តាម ទោះវាគ្រាន់តែជាការបន្លំលេងបែបសប្បាយៗក៏ដោយ តែវាក៏អាចហុចផលប៉ះពាល់នៅពេលកូនតូចធំធាត់ឡើងបានដូចគ្នា ដែលនឹងធ្វើឱ្យគេក្លាយជាមនុស្សអៀនខ្មាសច្រើន និងពិបាកក្នុងការចូលរួមសង្គមជាមួយអ្នកដទៃ ដូច្នេះបើឪពុកម្តាយមិនចង់ឱ្យកូនក្លាយជាមនុស្សដែលប៉ឹនអៀនខ្មាសជ្រុលហួសហេតុនោះ ចូរកុំបណ្តោយឱ្យកូនស្ថិតនៅក្នុងកណ្តាលការត្រូវធ្វើត្រាប់ចំអកយ៉ាងដាច់ខាត។

5 . ការខ្វះហេតុផល

កណ្តាលបរិស្ថានជុំវិញខ្លួនដែលខ្វះនូវហេតុផល ម្នាក់ៗប្រកាន់យកតែគំនិតខ្លួនឯងជាធំ ច្រើនតែធ្វើឱ្យកុមារធំធាត់ឡើងក្លាយជាមនុស្សប៉ឹនឆាប់ខឹងមួម៉ៅ និងគ្មានហេតុផលបានដូចគ្នា ហើយដោយភាពជាមនុស្សប៉ឹនឆាប់ខឹងមួម៉ៅនេះនឹងហុចផលអាក្រក់ដល់ការរស់នៅនាពេលអនាគតរបស់ពួកគេយ៉ាងខ្លាំង ដូច្នេះដើម្បីឱ្យកូនធំធាត់ឡើងយ៉ាងមានប្រសិទ្ធភាព និងគុណភាពល្អបំផុតនោះ ឪពុកម្តាយត្រូវតែចាប់ផ្តើមពីការធ្វើឱ្យខ្លួនឯងជាមនុស្សមានហេតុផលឱ្យកូនៗមើលជាគំរូជាមុនសិនទើបជាការល្អប្រសើរបំផុត។

តាមរយៈទាំង 5 ចំណុចដែលឡា​ រ៉ែនបានរៀបរាប់មក សុទ្ធតែជាសភាពបរិស្ថានជុំវិញខ្លួនដែលសាងនូវទម្លាប់ និងនិស្ស័យមិនល្អៗដល់កូនតូចនៅពេលដែលគេធំធាត់ឡើងបានទាំងអស់ និងរឿងទាំងអស់នេះភាគច្រើនគឺកើតចេញឪពុកម្តាយទាំងអស់ ដូច្នេះដើម្បីឱ្យកូនៗធំធាត់ឡើងយ៉ាងមានគុណភាពល្អបំផុតនោះ ចូរកុំភ្លេចខ្លួនសាងសភាពបរិស្ថានទាំងអស់នេះឡើងមកធ្វើបាបកូនៗឱ្យសោះ៕

Advertisement