វិវឌ្ឍនាការដ៏ល្អរបស់កូន ចាប់ផ្តើមពីឪពុកម្តាយ

កូនគឺជាចំណងដៃដ៏មានតម្លៃបំផុតរបស់ជីវិត ដូច្នេះហើយទើបឪពុកម្តាយត្រូវយកចិត្តទុកដាក់ និងមើលថែទាំយ៉ាងដិតដល់ដើម្បីធ្វើឱ្យកូនធំធាត់ឡើងយ៉ាងស្ថិតស្ថេរ និងជឿជាក់។ តើយើងគួរបង្កើនវិវឌ្ឍនាការល្អៗយ៉ាងណាដល់កូនតូចជាទីស្រឡាញ់របស់យើង?

កូនតូចវ័យទើបនឹងកើត – 1ខួប ៈ កូនតូចនឹងចូលចិត្តបញ្ចេញសំឡេងប្លែកៗ ដូច្នេះឪពុកម្តាយគួរតែនិយាយទៅរកកូនឱ្យបានច្រើន ដោយបញ្ចេញសំនៀងតាមកូន លុះដល់វ័យចេះវារគួរប្រើរបស់លេងជន្លលេងជាមួយកូនដើម្បីឱ្យកូនមានជំនាញខាងរាងកាយដោយការវារតាមវត្ថុ ឬរបស់លេងនោះ។

កូនតូចវ័យ 2 ខួប ៈ កូនចេះទប់លំនឹងខ្លួនបានល្អហើយ ចេះចូលចិត្តស្តាប់រឿងនិទានហើយ ដូច្នេះគួរឱ្យគេបានស្គាល់ពីពិភពលោកដ៏ធំទូលាយនេះយ៉ាងពេញទំហឹងដោយការនាំគេចេញទៅដើរលេងក្រៅផ្ទះ ក្នុងសួនច្បារ អានរឿងនិទានផ្សេងៗឱ្យស្តាប់ ព្រមទាំងធ្វើសំឡេង និងកាយវិការគួបផ្សំតាមសាច់រឿងផង។

កូនតូចវ័យ 3 ខួប ៈ ប្រើដៃបានល្អហើយ ចូលចិត្តគូរវាស ដូច្នេះឪពុកម្តាយគួរបង្កើនវិវឌ្ឍនាការរបស់កូនដោយបង្ហាត់ឱ្យចេះជួយខ្លួនឯង ដូចជា ស្លៀកពាក់ខោអាវដោយខ្លួនឯងបែបងាយៗ ជួយធ្វើការងារផ្ទះតូចតាច និងបណ្តោយឱ្យគេលេងគូររូបផ្សេងៗតាមការនឹកស្រមៃ ឬបង្ហាត់កូនដោយការចាប់កាន់ដៃឱ្យរៀនគូររូបគំនូរផ្សេងៗជាដើម។

កូនតូចវ័យ 4 ឆ្នាំ ៈ ចេះកាន់ខ្មៅដៃសរសេរបានល្អហើយ ចេះនិយាយប្រយោគវែងៗបានហើយ ចូលចិត្តលេងហក់លោត តោងឡើង និងអាចញ៉ាំអាហារបានដោយខ្លួនឯងហើយ ដូច្នេះឪពុកម្តាយគួរបើកឱកាសឱ្យកូនបានលេងសប្បាយយ៉ាងពេញទំហឹង ដូចជា លេងតោងឡើងនៅក្នុងទីកន្លែងដែលមានសុវត្ថិភាព និងចង្អុលបង្ហាញឱ្យគេបានឃើញអ្វីផ្សេងៗជុំវិញខ្លួន ព្រមទាំងដាក់ជាសំណួរដើម្បីឱ្យកូនបានឆ្លើយតបផង។

កូនតូចវ័យ 5 – 6 ឆ្នាំ ៈ ចូលចិត្តនិយាយ ឬស្រែកឮៗ ចូលចិត្តលេងក្រៅផ្ទះ ចេះដុសធ្មេញខ្លួនឯង ចេះស្លៀកពាក់ និងដោះចេញវិញបានដោយខ្លួនឯងហើយ ដូច្នេះឪពុកម្តាយគួរនាំកូនចេញទៅលេងក្រៅផ្ទះឱ្យបានច្រើនដើម្បីឱ្យគេបានរៀនយល់ដឹងពីរឿងរ៉ាវផ្សេងៗកាន់តែច្រើនឡើង។

ការបង្កើនវិវឌ្ឍនាការដោយមានឪពុកម្តាយជាអ្នកជួយរុញច្រាន នឹងធ្វើឱ្យកូនធំធាត់ឡើងយ៉ាងស័ក្តិសមនឹងវ័យ មានភាពឆ្លាតវាងវៃ និងអាចរស់នៅបានយ៉ាងមានសេចក្តីសុខ៕

Advertisement