5 ទង្វើរបស់ក្មេងៗដែលបញ្ជាក់ថា ពួកគេគឺ Albert Einsteinតូច

លោកឪពុកអ្នកម្តាយដែលមានកូនតូចក្នុងអំឡុងវ័យបឋម ច្រើនតែនឹកកង្វល់ពីការរៀនយល់ដឹងរបស់ពួកគេមែនទេ? ព្រោះកុមារក្នុងវ័យនេះចាប់ផ្តើមចេះចាប់អារម្មណ៍លើរឿងជាច្រើនហើយ ដូចជា ចេះហាត់អានហាត់សរសេរ មានសង្គមមិត្តភ័ក្តិនៅសាលា ហើយខួរក្បាលរបស់កុមារនឹងវិវឌ្ឍពេញទំហឹង ដែលបើសិនជាពួកគេមានទង្វើ និងឥរិយាបទអ្វីប្លែកៗ អាណាព្យាបាលក៏មិនចាំបាច់កង្វល់ចិត្តនោះទេ ព្រោះនោះគឺជាសញ្ញាដែលបង្ហាញថា កូនរបស់អ្នកជាក្មេងឆ្លាត វាងវៃល្អ និងរៀនយល់ដឹងបានលឿនសមនឹងវ័យហើយ តែ…តើនឹងមានទង្វើអ្វីខ្លះដែលក្មេងឆ្លាតច្រើនតែនាំគ្នាធ្វើ? សូមតាមដានជាបន្ត។

ប៉ិនសួរដេញដោល

ក្មេងៗដែលប៉ិនសួរ ប៉ិនឆ្ងល់គ្រប់យ៉ាង ទោះជារឿងអត់ប្រយោជន៍ក៏ដោយនោះ គឺពួកគេកំពុងតែរៀនយល់ដឹងពីអ្វីដែលថ្មីៗហើយ។ បើសិនជាពួកគេសួរក្នុងរឿងដែលពិបាកអធិប្បាយប្រាប់ ឪពុកម្តាយអាចនឹងឆ្លើយបែបឱ្យក្មេងងាយយល់ និងបង្កប់ភាពកំប្លែង ឬមានសំណួរទៅវិញ ឱ្យក្មេងៗបានយកទៅគិតដោយខ្លួនឯង ដែលទង្វើបែបនេះល្អចំពោះក្មេង និងឪពុកម្តាយខ្លាំងណាស់ ព្រោះនឹងធ្វើឱ្យសម្ព័ន្ធភាពក្នុងគ្រួសារស្អិតល្មួតកក់ក្តៅខ្លាំងឡើងទៀតផង។

ចងចាំរឿងរ៉ាវផ្សេងៗបានល្អ

មិនចាំបាច់ត្រូវទន្ទេញពាក្យ ឬចាំតម្រាមេរៀនបានតែម្យ៉ាងនោះទេ តែអាចជាការចងចាំអតីតកាល ឬរឿងដែលកូនតូចរបស់អ្នកធ្លាប់បានឃើញពីមុន ហើយថ្ងៃនេះនាំយកមកសួរអ្នកឡើងវិញ នោះបញ្ជាក់ថា កូនតូចរបស់អ្នកមានការចងចាំដែលល្អ និងអាចចេះគិតកែខៃដោះស្រាយបញ្ហាបានតាមរយៈព័ត៌មានដែលស្ថិតនៅក្នុងការចងចាំរបស់គេហ្នឹងឯង។

ចេះចាប់អារម្មណ៍អានសៀវភៅ

អានសៀវភៅនៅទីនេះ មិនបានមានន័យថា គិតតែពីអានមែនទែននោះទេ សុំត្រឹមតែបើកសៀវភៅមើលលេងក៏គ្រប់គ្រាន់ណាស់ទៅហើយ ដូចជាពពួកសៀវភៅរឿងនិទានដែលមានរូបភាពពណ៌ល្អៗស្អាតៗ ក្មេងៗនឹងចាប់អារម្មណ៍ជាមួយរូបភាពទាំងនោះ និងបើសិនជាពួកគេចង់ដឹងពីសាច់រឿងផងនោះ លោកឪពុកអ្នកម្តាយត្រូវអាស្រ័យចង្វាក់នេះបង្រៀនអក្សរឱ្យកូនតូចចេះអានបានដោយខ្លួនឯង ដោយមិនត្រូវបង្ខំក្មេងឡើយ។

ចេះប្រមូលសន្សំរបស់របរផ្សេងៗ

ធ្លាប់សង្កេតដែរទេថា ពេលនាំកូនៗទៅលេងតាមឆ្នេរសមុទ្រ ពួកគេច្រើនតែរើសសម្បកងាវគ្រំ ឬដុំក្រួសតូចៗស្អាតៗយកមកទុកក្នុងហោប៉ៅ ឬទិញនំមួយកញ្ចប់ 1000 រៀលមក តែបែរជាមិនញ៉ាំនំនោះទេ គ្រាន់តែត្រូវការតែរបស់ថែមដែលនៅក្នុងថង់នំនោះប៉ុណ្ណោះ នេះគឺដោយសារតែកូនរបស់អ្នកមានសេចក្តីសុខជាមួយនឹងអ្វីដែលគេបានធ្វើ ហុចផលឱ្យគេមានអារម្មណ៍ល្អ និងខួរក្បាលក៏អភិវឌ្ឍបានល្អតាមនោះដែរ។

មាននិស្ស័យចូលចិត្តចាត់ចែងរៀបចំ

ក្មេងៗនឹងមានអារម្មណ៍ជក់ចិត្ត និងសប្បាយជាមួយការចាត់ចែងរៀបចំរបស់របរផ្សេងៗឱ្យមានរបៀប ដូចជា រៀបខ្មៅដៃពណ៌ក្នុងប្រអប់ ចាត់រៀបចំពីរបស់លេងតូចៗទៅរករបស់ធំៗ ជាដើម ដែលទង្វើទាំងនេះបង្ហាញថា កូនតូចរបស់អ្នកចាប់ផ្តើមចេះញែកបំបែក និងបែងចែកប្រភេទនៃវត្ថុហើយ និងនេះថែមទាំងជាការហ្វឹកហាត់ពីការមានរបៀបរៀបរយទៀតផង។

បានដឹងបែបនេះហើយ ចូរសាកល្បងសង្កេតមើលកូនតូចរបស់លោកអ្នកទៅមើលថា តើពួកគេមានទង្វើដូចដែលបានរៀបរាប់មកខាងលើដែរឬទេ? បើមាន…នោះបញ្ជាក់ថា កូនតូចរបស់អ្នកចាប់ផ្តើមជះពន្លឺនៃភាពអច្ឆរិយៈហើយ មិនប្រាកដដែរ នៅពេលធំឡើងគេអាចនឹងស្រាវជ្រាវរកឃើញទ្រឹស្តីថ្មីណាមួយរហូតបានទទួលរង្វាន់ណូបេលផងក៏មិនដឹង៕

Advertisement